ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) នឹង​សហការ​ជាមួយ​បណ្តា​សហគ្រាស​ក្រុមហ៊ុន​ចំនួន ៤៩ ដែល​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​ការឆ្លើយតប​នឹង​ការរីកចម្រើន​នៃ​ប្រភេទ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នា​រយៈពេល​ចុងក្រោយ​នេះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃទី ​៨ ខែកុម្ភៈ ឱ្យដឹងថា ការពង្រឹង​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម គឺ​ដើរ​ស្រប​នឹង​អនុក្រឹត្យ​លេខ ៦៥ អនក្រ.បក ស្តីពី​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលមាន​វិសាលភាព​អនុវត្ត​ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់ អនិវាសន​ជន​នៅក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយឡែក​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុវត្តតាម​បទប្បញ្ញត្តិ​ស្តីពី​អាករ​លើ​តម្លៃបន្ថែម​ជា​ធរមាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តទៀតថា ក្នុង​គោលដៅ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​អ្នក​ជាប់ពន្ធ​ត្រៀមខ្លួន​សម្រាប់​ការបំពេញ​កាតព្វកិច្ច​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បានចេញ​សេចក្តី​ជូន​ដំណឹង​លេខ ៧៧៦ អពដ ចុះ​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ​ ២០២២ ដោយ​អនុញ្ញាត​ពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់ឱ្យអនុវត្ត​ប្រកាស​លេខ ៥៤២ សហវ.ប្រក (​វិធាន​ និង​នីតិវិធី​អនុវត្ត អាករ​លើ​តម្លៃបន្ថែម​ចំពោះ E-Commerce) រហូតដល់​ថ្ងៃទី​ ៣១ មីនា ឆ្នាំ​ ២០២២ ដើម្បី​ទុកពេល​វេលា​បន្ថែម​ដល់​អ្នក​ជាប់ពន្ធ​ក្នុងការ​ស្វែងយល់​បន្ថែម និង​ត្រៀមខ្លួន​អនុវត្ត​ប្រកាស​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០២២ តទៅ​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​សហគ្រាស ក្រុមហ៊ុន​ចំនួន ៤៩ កាលពី​ថ្ងៃទី​ ៧ ខែ​កម្ភៈ លោក គង់ វិបុល អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើងថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​អាជីវកម្ម​តាម​អនឡាញ វិស័យ​អនឡាញ និង​អ៊ីនធឺណិត​មាន​សម្ទុះ​យ៉ាងខ្លាំង និង​កើនឡើង​យ៉ាង​គគ្រឹក​គគ្រេង ខណៈ​សហគ្រាស​មួយចំនួន​បាន​ចុះបញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ក៏ប៉ុន្តែ​ក៏​នៅមាន​សហគ្រាស​មួយចំនួនធំ​ពុំទាន់​បាន​ចុះបញ្ជី និង​យល់ដឹង​អំពី​កាតព្វកិច្ច​សារពើពន្ធ​នៅឡើយ​។ លោក​បន្តថា ការពង្រឹង​ការគ្រប់គ្រង​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺជា​ការពង្រឹង​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​អនុលោមភាព​សារពើពន្ធ​។

លោក​ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​មានបំណង​ក្នុងការ​ផ្សព្វផ្សាយ និង​ពង្រឹង​កិច្ចសហការ​ពី​បណ្ដា​សហគ្រាស​ជា​អ្នកផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត (Internet Service Provider- ISP) ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋាភិបាល ដោយ​ក្នុងករណី​សហគ្រាស​មិន​ចុះបញ្ជី និង​បំពេញ​កាតព្វកិច្ច សារពើពន្ធ វិធានការ​ចាំបាច់​នានា​ក្នុងការ​រាំងខ្ទប់​នូវ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នានា​»​។

បើតាម​លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដារ ស្វាគមន៍​ចំពោះ​រាល់​ធាតុ​ចូល និង​កិច្ចសហការ​នានា​លើ​ផ្នែក​បច្ចេកទេស​ពាក់ព័ន្ធ​ជាមួយនឹង​បណ្តា​សហគ្រាស ក្រុមហ៊ុន​នានា​ដើម្បីឱ្យ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់តែ​ប្រសើរ​។

អនុប្រធាន​សមាគមធុរកិច្ច​អេឡិចត្រូនិក​កម្ពុជា​ (CEA) លោក មុំ វ៉ារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ​៨ ខែកុម្ភៈ​ថា ការធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ ឬ​ការរកស៊ី​តាម​ហ្វេសប៊ុក ឬ​ការឡាយ​ (Live)​ លក់​ផលិតផល​នានា​មានការ​រីកចម្រើន និង​មានការ​ប្រកួតប្រជែង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែលមាន​ស្តង់ដា ស្ថិតក្នុង​អន្តរកាល​មួយ​មាន​បញ្ហា​ប្រឈម​ច្រើន​ជាពិសេស​ការប្រកួតប្រជែង​ជា​សកល​ពាក់ព័ន្ធ​នឹង​តម្លៃ​នៃ​ផលិតផល ការផលិត និង​ដឹកជញ្ជូន រួមជាមួយ​តម្លៃ​បង់ពន្ធ​ទៀត​វា​កាន់តែ​ធ្វើឱ្យ​កម្រិត​នៃ​ការប្រកួតប្រជែង​កាន់តែ​ប្រឈម​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការយកពន្ធ​អាករ​តម្លៃ​បន្ថែម​លើ​អាជីវកម្ម​តាម​អនឡាញ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ស្រុក​មិនជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្រៅ​ស្រុក​វា​ជួប​បញ្ហា​ប្រឈម​ខ្លាំង មានន័យថា បើក​បូក VAT ១០ ​ភាគរយ​ទៀត បូករួម​ជាមួយនឹង​តម្លៃ​ផលិតផល​បើ​ធៀប​ជាមួយនឹង​វៀតណាម ថៃ និង​ចិន កម្ពុជា​មានតម្លៃ​ខ្ពស់​ជាងគេ​។ បញ្ហា​នៅត្រង់​ហ្នឹង យើង​ត្រូវ​គិត​»​។

ទោះយ៉ាងណា លោក វ៉ារិន ទទួលស្គាល់​ថា ការបង់​ពន្ធអាករ​ចូល​រដ្ឋ​វា​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​គ្រប់រូប ប៉ុន្តែ​រដ្ឋ​ក៏ត្រូវ​គិតគូរ​សម្រាប់​អ្នក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្រៅ​ស្រុក​ផងដែរ ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ឱ្យមាន​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាន់តែ​រីកចម្រើន និង​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជាពិសេស​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​របស់​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​៕ LA