ភ្នំពេញៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) លោក សុខ ចិន្តាសោភា បាន​លើកឡើងថា កម្ពុជា​កំពុង​ខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​សំដៅ​ការកសាង «​អាស៊ាន​បៃតង​» និង​អនាគត​ប្រកប​ដោយ​ភាព​ធន់ និង​បរិយាប័ន្ន​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ​២ នៃ​កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ (2nd Ministerial Conference of the OECD Southeast Asia Regional Programme) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សេអ៊ូល សាធារណរដ្ឋ​កូរ៉េ នា​ថ្ងៃទី ​៩ ខែកុម្ភៈ ឆ្នាំ ​២០២២ តាម​ប្រព័ន្ធ​វីដេអូ​ក្រោម​ប្រធានបទ​ «​អនាគត​ដែល​ផ្តោតលើ​មនុស្ស​៖ ភាពជា​ដៃគូ​សម្រាប់​អាស៊ាន​កាន់តែ​ឆ្លាតវៃ បៃតង និង​បរិយាប័ន្ន​» (A human-centered future: Partnership for a smarter, greener and more inclusive ASEAN)​។

ថ្លែង​ក្នុង​បទអន្តរាគមន៍​លើ​ប្រធានបទ ​«​ការធានា​ការស្តារ​ឡើងវិញ​ប្រកប​ដោយ​ភាព​បៃតង​ ដើម្បី​អាស៊ាន​ដែលមាន​ភាពធន់​» (Ensuring Green recovery towards a more resilient ASEAN) លោក ចិន្តាសោភា បាន​ជម្រាបជូន​អង្គ​សន្និសីទ​អំពី​ការចូល​រួមជាមួយ​បណ្តា​ប្រទេស​អាស៊ាន និង​អង្គការ OECD របស់​កម្ពុជា​លើ​កិច្ចខិតខំ​បង្កើន​និរន្តរភាព​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​សំដៅ​ការកសាង​ «​អាស៊ាន-​បៃតង​» និង​អនាគត​ប្រកបដោយ ភាពធន់ និង​បរិយាប័ន្ន​។

បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​លើកឡើង​នូវ​វិធានការ​ជាក់ស្តែង​មួយចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​រួមមាន ១. ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​, ២. ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ឈរលើ​សសរស្តម្ភ​ចំនួន ៣ (3Rs) គឺ ១.​ ការស្តារ​ឡើងវិញ (Recovery) ២. ​ការកែទម្រង់​ (Reform) និង ៣. ​ការកសាង​ភាពធន់ ​(Resilience)​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​សសរស្តម្ភ​ការកសាង​ភាពធន់ រាជរដ្ឋាភិបាល​ពង្រឹង​ការត្រៀមខ្លួន​ និង​ឆ្លើយតប​ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​ដោយ​ផ្តោតលើ​ការកសាង​ធនធានមនុស្ស​, ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច មធ្យម ដោយ​រួមបញ្ចូល​ការពង្រឹង​ភាពធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​»​។

ក្នុងឱកាស​នោះ លោក​ក៏បាន​រំលេច​ពី​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១ ដែល​បញ្ញត្តិ​ស្តីពី​ការលើក​ទឹកចិត្ត​នៃ​ច្បាប់​នេះ​បានចែង​ពី​វិស័យ​ និង​សកម្មភាព​វិនិយោគ​ចំនួន​ ១៩ ត្រូវ​បានទទួល​ការលើក​ទឹកចិត្ត​ក្នុងនោះ​រួមមាន​ការវិនិយោគ​ក្នុង​ការគ្រប់គ្រង ការការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវចម្រុះ និង​សេដ្ឋកិច្ច​ចក្រា ក៏ដូចជា ការវិនិយោគ​ក្នុង​វិស័យ​ថាមពល​បៃតង បច្ចេកវិទ្យា​ដែល​រួមចំណែក​ដល់​ការបន្សុំា និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

សន្និសីទ​នេះ​ផ្តល់ឱកាស​ជូន​រដ្ឋមន្ត្រី និង​អ្នកតំណាង​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​សមាជិក​អង្គការ OECD ធ្វើការ​កំណត់​ពី​អត្តសញ្ញាណ​បញ្ហា​ប្រឈម​ផ្នែក​ឌីជីថល​បរិស្ថាន និង​សង្គម​ដែល​ប្រទេស​ក្នុង​តំបន់​បាននិងកំពុង​ជួបប្រទះ​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ និង​ពិភាក្សា​អំពី​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព​។

សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នេះ​ត្រូវបាន​រៀបចំឡើង​ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ចំនួន ២ ​គឺ ការកសាង​អាស៊ាន​ដ៏ឆ្លាតវៃ​សម្រាប់​អនាគត​ប្រកប​ដោយ​បរិយាប័ន្ន និង ការធានា​ការស្តារ​ឡើងវិញ​ប្រកបដោយ​ភាព​បៃតង​ដើម្បី​អាស៊ាន​ដែលមាន​ភាពធន់​។

សន្និសីទ​នេះ​មានការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ដោយ​លោក CHUNGEui-yong រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ លោកស្រី Pornpimol Kanchanalak ប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក Mathias CORMANN អគ្គលេខាធិការ​អង្គការ OECD ដែល​បាន​ថ្លែង​រំលេច​ពី​តួនាទី​ដ៏មាន​សារៈសំខាន់​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល ក៏ដូចជា​ការប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតល្មួត​រវាង​អាស៊ាន និង​អង្គការ OECD​។

សូមជម្រាបថា កម្មវិធី​តំបន់​អាស៊ីអាគ្នេយ៍​របស់​អង្គការ OECD មាន​ប្រទេស​កូរ៉េ និង​ថៃ ជា​សហប្រធាន​នៅក្នុង​ដំណាក់កាល​ទី ​២ ​នេះ ហើយ​នៅ​ដំណាក់កាល​បន្ទាប់​ប្រទេស​អូស្រា្តលី និង​វៀតណាម នឹង​ធ្វើជា​សហប្រធាន​ក្នុង​រយៈពេល ៤ ​ឆ្នាំ​៕ LA