ភ្នំពេញៈ Acleda Financial Trust (AFT) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ​(NGO) ស្ថិតក្រោម​ធនាគារ​អេស៊ីលីដា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ Acleda Bank Plc. (ABC) ​សម្រាប់​ផែនការ​រយៈពេល ​៥​ ឆ្នាំ ដើម្បី​ទិញ​ភាគហ៊ុន​របស់​ធនាគារ​មួយ​នេះ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX)​ ចាប់ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ​ ២០២៦ ​ជា​វិធានការ​មួយ​ដើម្បី​ធ្វើឱ្យ​ការលក់​ភាគហ៊ុន​របស់​ធនាគារ​នេះ​មាន​ស្ថិរភាព​ថ្លៃ​នៅលើ​ទីផ្សារ​។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់ ABC ដល់ CSX កាលពី​ថ្ងៃទី​ ៤ ខែកុម្ភៈ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា​បាន​ចុះបញ្ជី​ភាគហ៊ុន​របស់ខ្លួន​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា (CSX) សូម​ជូនដំណឹង​ដល់​ភាគទុនិក​ទាំងអស់​ថា បន្ទាប់ពី​មានការ​ជូនដំណឹង​ស្តីពី​ការវិនិយោគ​លើ​ធនាគារ​អេស៊ីលីដា​របស់​ ACLEDA Financial Trust ចុះ​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្របតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ និង​និយតករ AFT នឹង​ទិញ​ភាគហ៊ុន​នៅលើ CSX ពី​ឆ្នាំ​ ២០២២ ដល់​ឆ្នាំ ២០២៦ ដោយ​ផ្អែកលើ​ផែនការ​ថវិកា​ផ្ទៃក្នុង និង​យុទ្ធសាស្ត្រ​រយៈពេល​ ៥​ ឆ្នាំ​របស់ខ្លួន​។

អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ធនាគារ​អេស៊ីលីដា លោកស្រី ម៉ា អមរ៉ា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ថា AFT នឹង​វិនិយោគ​លើ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​ភាគហ៊ុន​របស់ ABC នៅលើ CSX ចាប់ពី​ឆ្នាំ ​២០២២ ដល់​ ២០២៦​។

លោកស្រី​ថ្លែងថា​៖ «​ជាទូទៅ យើង​ជឿជាក់ និង​រំពឹងថា ការវិនិយោគ​នេះ​នឹង​រួមចំណែក​យ៉ាងសកម្ម​បន្ថែមទៀត​របស់​វិនិយោគិន​នៅ CSX សម្រាប់​ការកើនឡើង​សន្ទនីយ​ភាព​លើ​ទីផ្សារ និង​បង្កើនល្បឿន​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា​»​។

លោកស្រី គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX ឱ្យដឹងថា AFT គឺជា​អ្នក​ស្នង​តំណែង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អេស៊ីលីដា ស្ថិតក្រោម​បទប្បញ្ញត្តិ​ទំនុកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ពេលនេះ​គឺជា​ភាគទុនិក​ឈានមុខ​គេ​របស់​អេស៊ីលីដា​។

លោកស្រី​បន្តថា​៖ «​ផែនការ​វិនិយោគ​របស់ AFT បង្ហាញថា ​AFT មាន​ទំនុកចិត្ត​លើ​ការវិនិយោគ​រយៈពេល​វែង​ជាមួយនឹង​ធនាគារ​អេស៊ីលីដា​។ ខ្ញុំ​ជឿថា ផែនការ​នេះ​នឹង​ជួយ​កែតម្រូវ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន និង​កែតម្រូវ​ភាពមិន​ស៊ីគ្នា​នៃ​ការផ្គត់ផ្គង់ និង​តម្រូវការ​បច្ចុប្បន្ន​នៃ​ភាគហ៊ុន​របស់ ABC នៅលើ​ទីផ្សារ ព្រមទាំង​ទទួលបាន​ទំនុកចិត្ត​ឡើងវិញ​ពី​វិនិយោគិន​ដែល​បារម្ភ​ពី​ការបន្ត​ធ្លាក់ចុះ​តម្លៃ​ដោយសារតែ​ការលក់​ភាគហ៊ុន​ដែល​នៅសល់​នៅពេល​ខាងមុខ ដែល​គ្រប់គ្រង​ដោយ​បុគ្គលិក​អេស៊ីលីដា​ស្ថិតក្រោម ASA»​។

លោកស្រី​បញ្ជាក់ថា​៖ «​ទោះយ៉ាងណា​ក៏ដោយ ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ និង​ទទួលបាន​ទំនុកចិត្ត​ពី​វិនិយោគិន​សាធារណៈ​លើ​ផែនការ​នេះ AFT គួរតែ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផែនការ​វិនិយោគ​លម្អិត រួមទាំង​គោលបំណង​ជាក់លាក់ ការកំណត់​តម្លៃ​ទិញ​ពេលវេលា​លម្អិត​បន្ថែមទៀត និង​ប្រភព​មូលនិធិ​។​ល​។​»​។

បើតាម​របាយការណ៍​ប្រចាំថ្ងៃ​របស់ CSX ភាគហ៊ុន​របស់ ABC បិទ​កាលពី​ថ្ងៃ​ពុធ ទី​ ៩ ក្នុងតម្លៃ ១៣ ៣០០ ​រៀល​ក្នុង​ ១​ ហ៊ុន​ជាមួយ​នឹង​ទំហំ​ភាគហ៊ុន​សរុប ៣៨ ០៥១ ដែលមាន​តម្លៃ​សរុប ៥០៦ ០៧៨ ៣០០ ​រៀល​បើ​ធៀប​នឹង​ការបិទ​កាលពី​ថ្ងៃទី​ ៤ ​កន្លងមកនេះ គឺ​តម្លៃ​ភាគហ៊ុន​របស់ ABC មានតម្លៃ​ត្រឹមតែ ១០ ៣០០ ​រៀល​ប៉ុណ្ណោះ ដែលមាន​ភាគហ៊ុន​សរុប​ចំនួន ១៦ ៩៤៧ និង​មានតម្លៃ​សរុប ១៧៤ ៦១៩ ២៦០ រៀល​៕ LA