ភ្នំពេញៈ ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០២១ មាន​បរិមាណ ៥៥ ​ពាន់​តោន​កើនឡើង ២៨ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៩ ខែកុម្ភៈ ថា ការដឹកជញ្ជូន​ទំនិញ​បង្ហាញ​សញ្ញា​វិជ្ជមាន​វិញ​ហើយ ដោយ​ការដឹកជញ្ជូន​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក្នុង​ឆ្នាំ ​២០២១ មាន​កំណើន ២៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​នេះ​មានន័យថា ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​មាន​ភាពប្រសើរឡើង​វិញ​ហើយ​។​ ​ចំពោះ​មូលហេតុ​ដែល​ធ្វើឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​កើនឡើង ត្រូវបាន​លោក ចាន់សេរីវុត្ថា ប្រាប់ថា​៖ «​ដោយសារ​តម្លៃ​នៃ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក និង​ផ្លូវគោក​បាន​កើនឡើង​ស្ទើរ​ប្រហាក់​ប្រហែល​នឹង​ការដឹក​តាម​យន្តហោះ ហើយ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ថែមទាំង​មិនចាំបាច់​ចំណាយពេល​វេលា​យូរ​ទៀត ដូចនេះ​អ្នកវិនិយោគ​មួយចំនួន​ក៏បាន​ងាក​មកប្រើប្រាស់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​វិញ ជាពិសេស​ប្រភេទ​សម្ភារ​ដែលមាន​តម្លៃ​ខ្ពស់​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២០ នៅពេលដែល​ជំងឺ​កូវីដ​ ១៩ វាយលុក​ខ្លាំង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​បាន​ធ្លាក់ចុះ​ខ្លាំង​រហូត​ជាង ៩០ ​ភាគរយ ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ​២០២១ ពេល​រាជរដ្ឋាភិបាល​ចាប់ផ្តើម​បើក​យុទ្ធនាការ​ស្រោច​វ៉ាក់សាំង ក៏ដូចជា​ការបើក​ប្រទេស​ឡើងវិញ ដំណើរការ​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក៏​ចាប់​មាន​សកម្មភាព​ឡើងវិញ​ជា​បន្តបន្ទាប់​។

លោក​បន្ថែមថា សកម្មភាព​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​មាន​ភាព​មមាញឹក​ឡើង​វិញ​គឺ​ចំ​រដូវកាល High Season ដែល​ទំនិញ​មួយចំនួន​ចាំបាច់​ត្រូវការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ ដើម្បីឱ្យ​ទាន់ពេលវេលា ទើប​ជើងហោះហើរ​ដឹកជញ្ជូន​ទំនិញ​មាន​កំណើន​បែបនេះ​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បញ្ជាក់ថា​៖ «​កំណើន​នេះ មាន​តាំងពី​ចុងឆ្នាំ​ ២០២១ មក ហើយ​និន្នាការ​នេះ​នឹង​នៅ​បន្ត​កើនឡើង ទោះបី​មាន​កំណើន​យឺត ប៉ុន្តែ​វា​ជា​ភាពវិជ្ជមាន​នៅក្នុង​វិស័យនេះ​។ ក្នុងករណី​ដែល​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ បាន​នោះ សកម្មភាព​ដឹកជញ្ជូន​ទំនិញ​មិន​ត្រឹម​ផ្លូវអាកាស​ទេ ដែលមាន​ភាពវិជ្ជមាន តាមផ្លូវ​គោក និង​ផ្លូវទឹក ក៏​នឹង​ដំណើរការបាន​រលូន និង​កើនឡើង​ដូចគ្នា​»​។

បើតាម​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល ដោយសារតែ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ឃ្លាំង​សម្រាប់​ទុក​ទំនិញ​ទើប​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ភាគច្រើន​គឺ​តាមរយៈ​អាកាសយានដ្ឋាន​នេះ ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុមាន​តិចតួច និង​នៅ​ខេត្ត​សៀមរាប​មិនមាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​នោះទេ​។ ទោះយ៉ាងណា​លោក​ប្រាប់ថា ពេលអនាគត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ នឹង​រៀបចំ​ឃ្លាំង​ស្តុក​ទំនិញ​ដែរ​៕ LA