ភ្នំពេញៈ សម្ព័ន្ធ​សកល​សម្រាប់​កិច្ចសម្រួល​ពាណិជ្ជកម្ម (Alliance) ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក តាមរយៈ​ Swisscontact កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​គម្រោង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ថ្មី ដែល​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន ​២ ​របស់​រដ្ឋាភិបាល គឺ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) និង​ប្រៃសណីយ៍​កម្ពុជា ដើម្បី​ភ្ជាប់​ស្ថាប័ន​ទាំង​ ២​ នេះ សម្រាប់​ដំណើរការ​នីតិវិធី​បញ្ចេញ​ទំនិញ​ពី​គយ​លើ​កញ្ចប់​ទំនិញ​តូចៗ​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍​។

ការដាក់ឱ្យ​ដំណើរការ​នេះ​ធ្វើឡើង​រយៈពេល​ ១​ ខែ បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា និង Alliance បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បានកំណត់​ជា​ផ្លូវការ​នូវ​លក្ខខណ្ឌ​នៃ​គម្រោង​ដែល​នឹង​រួមចំណែក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការបំពេញ​ការប្ដេជ្ញា​ចិត្ត​របស់ខ្លួន ស្ថិតក្រោម​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ និង​ប្រៃសណីយ៍​កម្ពុជា កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​ដាច់ដោយឡែក​រៀងៗ​ខ្លួន​សម្រាប់​ដំណើរការ​នីតិវិធី​លើ​កញ្ចប់​ទំនិញ​តូចៗ ប៉ុន្តែ​នៅ​ពុំទាន់​មាន​តំណ​ភ្ជាប់​បម្រើឱ្យ​ការផ្លាស់ប្តូរ​ទិន្នន័យ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមុន​រវាង​គយ និង​ប្រៃសណីយ៍​នោះទេ​។

តាមរយៈ​ដៃគូ​អនុវត្តន៍ Swisscontact ស្ថាប័ន Alliance កំពុងធ្វើការ​ងារ​ជាមួយ​សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា (CWEA) ដើម្បី​ធានាថា សហគ្រាស​មីក្រូ តូច និង​មធ្យម (MSME) ដែល​ភាគច្រើន​មាន​ស្ដ្រី​ជា​អ្នកដឹកនាំ​អាច​ទាញយក​អត្ថប្រយោជន៍​ពេញលេញ​ពី​ការធ្វើឱ្យ​ប្រសើរឡើង​នេះ​។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ គម្រោង​នេះ​នឹង​បង្កើត​ថ្នាល​បច្ចេកវិទ្យា​អនឡាញ​ថ្មី​មួយ​បម្រើ​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិករ​បស់ MSME ក្នុង​ការលក់​ផលិតផល​ទំនិញ​ខ្នាតតូច​ទៅ​ទីផ្សារ​អន្តរជាតិ និង​បង្កើន​សមត្ថភាព​នាំចេញ​របស់​ពួកគេ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​ខាងលើ​ថា គម្រោង​នេះ​នឹង​រួមចំណែក​នៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTS) ២០១៩-២០២៣ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​គម្រោង​ដែល​កំពុង​អនុវត្ត Go4eCAM ដែល​ដាក់ចេញ​នូវ​តម្រូវ​ការធ្វើ​ពិពិធកម្ម និង​លើកកម្ពស់​កាលានុវត្តភាព​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ថ្មីៗ ជាពិសេស​លើ​សេដ្ឋកិច្ច​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ព្រំដែន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ គម្រោង​នេះ​ក៏​កើតឡើង​ស្របទៅតាម​បរិបទ​សង្គម​ថ្មី​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដែល​ក្នុង​នោះគេ​សង្កេតឃើញ​មាន​ភាពចាំបាច់​ជាខ្លាំង​ក្នុងការ​ផ្លាស់ប្ដូរ​និន្នាការ​ឆ្ពោះទៅរក​ពាណិជ្ជកម្ម​អេឡិចត្រូនិក ស្របពេល​កំពុងមាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ក្រសួងពាណិជ្ជកម្ម​ទន្ទឹង​រង់ចាំ​យ៉ាងខ្លាំង​ក្នុង​ការអនុវត្ត​សកម្មភាព​រួមគ្នា​របស់​យើង​ជាមួយ GATF និង Swisscontact និង​ដៃគូ​ផ្សេងៗ​ទៀត ហើយក៏​រំពឹងថា​គម្រោង​នេះ​នឹង​អនុវត្ត​ប្រកបដោយ​ផ្លែផ្កា​»​។

លោក ថេន សំវិសុទ្ធ អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បាន​ឱ្យដឹងថា ការផ្លាស់ប្តូរ​ព័ត៌មាន​ផ្នែក​គយ និង​សន្ដិសុខ​ពាក់ព័ន្ធ​នឹង​កញ្ចប់​ទំនិញ​ប្រៃសណីយ៍​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការដឹកជញ្ជូន​កញ្ចប់​ទំនិញ​ប្រៃសណីយ៍​ឆ្លងដែន​។ លោក​ថ្លែងថា​៖ «​កិច្ច​សម្រួល​ពាណិជ្ជ​កម្មនេះ​ព្រមជាមួយ​នឹង​ការកសាង​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​អនឡាញ​នឹង​នាំឱ្យមាន​ការចូលរួម​ច្រើន និង​ប្រសើរ​ជាង​មុន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​កម្ពុជា​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សកល​ដែល​កំពុងតែ​សកម្ម​ខ្លាំង ដើម្បី​ធ្វើឱ្យ​ធុរកិច្ច​របស់​ពួកគេ​កាន់តែ​រីកចម្រើន​»​។

លោក សំវិសុទ្ធ លើកឡើង​ទៀតថា​៖ «​ប្រៃសណីយ៍​កម្ពុជា មើលឃើញ​ថា គម្រោង​នេះ​ជា​ជំហាន​ដំបូង​បំផុត​ដែល​នឹង​បើកឱកាស​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​របស់​យើង​ជាមួយ Alliance នៅពេល​អនាគត ពិសេស​ការពង្រីក​សមត្ថភាព​ប្រៃសណីយ៍ និង​ជួយ​អាជីវកម្ម​កម្ពុជា​ឱ្យ​ចាប់​ឱកាស​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សកល​បាន​កាន់តែ​ប្រសើរឡើង​»​។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ដ្រី (CWEA) ​បានឱ្យដឹងថា ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​អនឡាញ​នេះ​ជួយ​ឱ្យ​ស្ដ្រី​កាន់តែច្រើន​អាច​ធ្វើការ​នាំចេញ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​។ លោកស្រី​បញ្ជាក់ថា​៖ «​វា​ជា​កិត្តិយស​ដ៏ធំធេង ដោយ​ទទួលបាន​ការសហការ​គាំទ្រ​ពី Alliance នៅលើ​គម្រោង​នេះ​។ សហគ្រាស​ធុន​តូច និង​មធ្យម​ទទួលផល​ប្រយោជន៍​ពេញលេញ​ពី​ភាពល្អប្រសើរ​នៃ​ការសម្រួល​នីតិវិធី​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ និង​ដំណើរការ​ដឹកជញ្ជូន​តាម​ប្រៃសណីយ៍​លើ​ការនាំចេញ​ទំនិញ​កញ្ចប់​តូចៗ​។ បើ​ប្រទេស​ផ្សេងទៀត​ធ្វើបាន​ហេតុអ្វី​យើង​មិន​ធ្វើ​?»​។

លោក Philippe Isler នាយក​ Alliance បានឱ្យដឹងថា គម្រោង​ផ្លាស់ប្តូរ​នេះ​បង្ហាញ​ពី​របៀប​ដែល​អត្ថប្រយោជន៍​នៃ​ពាណិជ្ជកម្ម​ឌីជីថល និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អាចមាន​រំហូរ​តាមរយៈ​សេដ្ឋកិច្ច​ទាំងមូល​។

លោក Phillippe បាន​លើកឡើងថា​៖ «​គម្រោង​បែបនេះ​អាច​បំបែក​ឧបសគ្គ​ដែល​រារាំង​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក ហើយ​ថែមទាំង​ធានាថា​អាជីវកម្ម​តូចៗ​មិន​ត្រឹមតែ​ដឹង​ពី​ឱកាស​ថ្មីៗ​ដែលជា​លទ្ធផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​អាចនឹងទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​បំផុត​ផងដែរ​»៕ LA