ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ JS Land Plc ទទួល​បានការ​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដោយបាន​ប្រមូល​ទុន​ប្រមាណ ៤៩​ ពាន់​លាន​រៀល ឬ​ប្រមាណ ១២ ​លាន​ដុល្លារ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។

លោក ហុង សុហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​បាន​ឱ្យដឹងថា JS Land បាន​ក្លាយជា​ក្រុមហ៊ុន​ទី ​២ ដែល​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ និង​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​កំណើន​នៃ​ផ្សារមូលបត្រ​កម្ពុជា​ បន្ទាប់ពី​ក្រុមហ៊ុន DBD Engineering Plc​។ គិត​មកដល់​ពេលនេះ ផ្សារមូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី ១៥ ក្នុងនោះ​ក្រុមហ៊ុន ៩ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៦ បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន​ទាំង ១៥ បាន​ប្រមូល​ទុន​សរុប​ពី​ទីផ្សារ​មូលបត្រ​ប្រមាណ​ជាង ២៨១ លាន​ដុល្លារ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទាំងនេះ មិន​ត្រឹមតែ​មានលទ្ធភាព​ទទួល​បាន​នូវ​ប្រភព​ទុន​ដែលមាន​តម្លៃ​ដើម​ទាប និង​ជា​ទុន​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធដារ​ពី​រដ្ឋាភិបាល បង្កើន​កិត្តិនាម​របស់ខ្លួន​នៅ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ដៃគូ​អាជីវកម្ម​សក្ដានុពល និង​ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន វិនិយោគិន និង​សាធារណជន​ទូទៅ​ទៀតផង​។

អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​លោក ស៊ូ សុជាតិ បានឱ្យ​ដឹងថា ជាមួយ​នឹង​ការចុះបញ្ជី​ជា​ផ្លូវការ​របស់ JS Land នៅក្នុង​ទីផ្សារ​កំណើន​ក្នុង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ វា​ឆ្លុះបញ្ចាំង​ថា ទីផ្សារ​មូលធន​កម្ពុជា​កំពុង​តែមាន​ការរីក​ចម្រើន​ជាមួយ​នឹង​កំណើន​នៃ​ក្រុមហ៊ុន​ថ្មីៗ ព្រមទាំង​បានបញ្ជាក់​ថា សាធារណជន​កំពុង​សម្លឹងមើល​ទីផ្សារ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​ក្រុមហ៊ុន JS Land ដែល​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ប្រកប​ដោយ​ជោគជ័យ​នៅថ្ងៃនេះ​។ បន្ទាប់ពី​ការចុះបញ្ជី ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ទី​ ២ ដែល​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​កំណើន​។ ខ្ញុំ​ជឿជាក់ថា នឹងមាន​ប្រភេទ​ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម​ផ្សេងទៀត​នឹង​ធ្វើការ​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់ខ្លួន​ជា​បន្តបន្ទាប់​»​។

លោក Jack Yap នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន JS Land បានឱ្យដឹងថា ដោយមាន​បទពិសោធ​មកពី​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង ក្រុមហ៊ុន JS Land បានកំណត់​ទីតាំង​ខ្លួន​ឯង និង​ផ្តោតលើ​ការសាងសង់​ផ្ទះ​តម្លៃ​សមរម្យ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា​។ បន្ទាប់ពី​រយៈពេល​ ៧ ឆ្នាំ ក្រុមហ៊ុន​ JS Land នៅពេលនេះ​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​គេ​ដែល​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​ក្នុងប្រទេស​កម្ពុជា ពិសេស​ខុនដូ​តម្លៃ​សមរម្យ​។

លោក​បញ្ជាក់ថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​ចង់​ផ្តល់​រង្វាន់​ដល់​ភាគទុនិក​របស់ខ្លួន​ជាមួយនឹង​ការទទួលបាន​ដើមទុន​ជាក់ស្តែង និង​ការទូទាត់​ភាគលាភ​ប្រកប​ដោយ​និរន្តរភាព​។

លោក Jack បន្ថែមថា​៖ «​យើង​បានរៀបចំ​ផែនការ​ទុក​រួចហើយ ហើយ​ទិញ​បាន​ដី​ទំហំ ៤,២​ ហិកតា ដើម្បី​ធានា​ការអភិវឌ្ឍ​របស់​យើង​។ ដី ៤,២ ហិកតា គឺ​ធំ​ល្មម​សម្រាប់​យើង​សាងសង់​ខុនដូ​ពី ១០ ​ទៅ​ ១៥ ​បន្ថែមទៀត​»​។

បើ​យោងតាម​លោក ហុង សុហួរ សម្រាប់​ឆ្នាំ ​២០២១ បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​បាន​កើន​ដល់ ២៣៤ ៦២៨ ហ៊ុន​ក្នុង​ ១ ​ថ្ងៃ ពោលគឺ​កើនឡើង​ប្រមាណ ៤០០​ ភាគរយ រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថៃ្ង​ជា​មធ្យម​បាន​កើន​ដល់ ២៦៩ ១៦៩ ដុល្លារ​កើនឡើង ១២៧ ភាគរយ និង​ចំនួន​គណនី​ជួញដូរ​ក៏បាន​កើនឡើង​ជាង ៤ ពាន់​គណនី ពោលគឺ​កើនឡើង​ដល់​ជាង ៣ ​ម៉ឺន​គណនី​។

លោក សុហួរ បាន​លើកឡើងថា​៖ «​ខ្ញុំ​សង្ឃឹមថា ជាមួយ​នឹង​វត្តមាន​ថ្មី​របស់​ក្រុមហ៊ុន JS land នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា វា​នឹង​ជា​គំរូ​នាំមុខ​មួយ​សម្រាប់​ក្រុមហ៊ុន​នានា ក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម ទាំងឡាយ​ដែលមាន​សក្ដានុពល ពិចារណា​ពី​ការធ្វើ​ពិពិធកម្ម​ប្រភព​ទុន​តាមរយៈ​ផ្សារហ៊ុន​ដែល​ការណ៍​នេះ​បញ្ជាក់​ឱ្យឃើញថា​ផ្សារហ៊ុន​មិនមែនជា​ច្រក​ហិរញ្ញប្បទាន​សម្រាប់តែ​ក្រុមហ៊ុន​ធំៗ​នោះទេ តែ​ក៏​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ផងដែរ​៕ LA