
បុរសម្នាក់កំពុងដាក់ចំណីឱ្យជ្រូកក្នុងកសិដ្ឋានចិញ្ចឹមសត្វ ១ កន្លែងក្នុងខេត្តកណ្តាល។ ហុង មិនា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើក្រសួងកសិកម្មឱ្យរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ប្រកបដោយភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យនៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុក។
នៅក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ៨ ខែកុម្ភៈ បានលើកឡើងយោបល់ចំនួន ៤ ចំណុចដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រសួងកសិកម្មជុំវិញការស្នើសុំផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា។
លិខិតរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការរៀបចំយន្តការដេញថ្លៃជ្រូករស់ មិនមែនផ្អែកលើសំណើរបស់ក្រុមហ៊ុននាំចូលជ្រូករស់ចំនួន ៤ ដូចដែលបានលើកឡើងក្នុងលិខិតរបស់ក្រសួងកសិកម្មទេ ប៉ុន្តែត្រូវផ្អែកលើការសិក្សាស៊ីជម្រៅរបស់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនឯកជនដែលប្រកបរបរនាំជ្រូកចូល ក៏ដូចជាស្មារតីរួមនៃកិច្ចប្រជុំអន្តរក្រសួង ជាដើម។
លិខិតបញ្ជាក់ទៀតថា ដោយសារតែតម្លៃសាច់ជ្រូកមានការឡើងថ្លៃជាបន្តបន្ទាប់រហូតដល់តម្លៃពី ២៥ ០០០-២៦ ០០០ រៀលក្នុង ១ គីឡូក្រាម ក្នុងឆ្នាំ ២០២១ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះការរៀបចំយន្តការដេញថ្លៃជ្រូករស់ ដើម្បីធានាឱ្យបានការនាំចូលជ្រូករស់ស្ថិតក្នុងតម្លៃមួយប្រកបដោយភាពប្រកួតប្រជែង រក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។ ប៉ុន្តែយន្តការនេះត្រូវប្រើប្រាស់នៅពេលដែលមានកង្វះការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ពោលគឺពុំត្រូវបានយកមកអនុវត្តជាប្រចាំឡើយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជ្រូក ១០០ ភាគរយហើយ ហេតុនេះពុំចាំបាច់អនុវត្តយន្តការដេញថ្លៃជ្រូករស់នាំចូលមកនោះទេ។ លោកបន្ថែមថា លិខិតរបស់ក្រសួងសេដ្ឋកិច្ចនៅក្នុងចំណុចទី ៣ បានបញ្ជាក់ច្បាស់ហើយចំពោះយន្តការដេញថ្លៃជ្រូករស់របស់ក្រុមហ៊ុនឯកជនអាចប្រព្រឹត្តទៅបាននៅពេលមានកង្វះការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។ ម្យ៉ាងទៀតក្រសួងកសិកម្មបានពិនិត្យឃើញថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអាចធានាការផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារបានដោយពុំចាំបាច់នាំចូលទេ។
លោកបានបញ្ជាក់ថា៖ «ការចិញ្ចឹមជ្រូកក្នុងស្រុកនាពេលសព្វថ្ងៃ មិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការបានគ្រប់គ្រាន់ប៉ុណ្ណោះទេ យើងក៏មានគម្រោងនឹងនាំចេញនាពេលអនាគតផងដែរ ដោយមានការចរចាជាមួយភាគីចិនដើម្បីនាំចេញនាពេលខាងមុខ ប៉ុន្តែសំខាន់ពេលនេះយើងត្រូវផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់សិន»។
លោកបន្តថា ក្នុងបរិបទជំងឺកូវីដ ១៩ កំពុងបន្តរីករាលដាលនេះ មិនមែនមានតែសាច់ជ្រូកទេដែលឡើងថ្លៃ ទំនិញផ្សេងៗក៏ឡើងថ្លៃដូចគ្នាដោយសារថ្លៃដើមផលិតឡើងថ្លៃ ដូចជាប្រេងឥន្ធនៈ និងការដឹកជញ្ជូន។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ការនាំចូលជ្រូកពីប្រទេសជិតខាងបានផ្អាកជាង ៤ ខែមកហើយ ព្រោះសមាគមមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់។
លោកនិយាយថា៖ «សព្វថ្ងៃនេះ តម្លៃជ្រូករស់មិនមានការប្រែប្រួលទេដោយតម្លៃចន្លោះ ១១ ០០០-១២ ០០០ រៀលក្នុង ១ គីឡូក្រាម ដែលតម្លៃនេះបានត្រឹមតែអាចរួចខ្លួនប៉ុណ្ណោះមិនទាន់ចំណេញទេ។ ចំណែកការផ្គត់ផ្គង់វិញ គឺមិនមានការខ្វះខាតទេ ទោះយើងផ្អាកនាំចូលក៏ដោយ នេះបានន័យថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ដោយខ្លួនឯង»។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្ននេះតម្រូវការសាច់ជ្រូកនៅកម្ពុជាមានប្រមាណពី ៨ ពាន់ ៩ ពាន់ក្បាលក្នុង ១ ថ្ងៃ ដែលសុទ្ធសឹងជាជ្រូកក្នុងស្រុក៕ LA