ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក ក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ជាង ៩,១ ​ពាន់​លាន​ដុល្លារ​កើន​ជាង ៣២​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​មានទឹក​ប្រាក់​ដល់​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​។

ទិន្នន័យ​បានបង្ហាញ​ថា ការនាំចេញ នាំចូល​ទំនិញ​ទ្វេភាគី​កម្ពុជា​-​អាមេរិក ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប ៩ ១៥៩​ លាន​ដុល្លារ កើនឡើង ៣២,៦១​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០ ដែលមាន​ចំនួន ៦ ៩០៦,៣ ​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​មាន​ចំនួន ៨ ៧៤៥,៣ ​លាន​ដុល្លារ​កើន ៣៣,២៦ ​ភាគរយ​ធៀប​នឹង ៦ ៥៦២,៤ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​ទឹកប្រាក់ ៤១៣,៧​ លាន​ដុល្លារ​កើនឡើង ២០,២៩​ ភាគរយ​ពី​ចំនួន ៣៤៣,៩ ​លាន​ដុល្លារ​។

ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ មាន​ទឹកប្រាក់​សរុប ៧៦២,៧​ លាន​ដុល្លារ កើន ៣៨,៣៦ ​ភាគរយ​ពី​ចំនួន ៥៥១,១ ​លាន​ដុល្លារ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០​។ កម្ពុជា​នាំចេញ​ទៅ​អាមេរិក​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់ ចំនួន ៧២៧,១ ​លាន​ដុល្លារ​កើនឡើង ៣៩,៩៣ ​ភាគរយ និង​នាំចូល​មាន​ចំនួន ៣៥,៦ ​លាន​ដុល្លារ កើនឡើង ១៣,០១​ ភាគរយ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការកើនឡើង​ទំហំ​ទឹកប្រាក់​ពី​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ពិសេស​ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា ដែល​មាន​ចំនួន​រហូតដល់​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ បាន​បញ្ជាក់ថា ផលិតផល​កម្ពុជា​ (​វាយនភណ្ឌ​) ​បានទទួល​ការគាំទ្រ​ច្រើន​នៅ​ទីផ្សារ​អាមេរិក​។ ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក ដែល​កើន​ខ្ពស់​ក្នុង​ឆ្នាំ ​២០២១ អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ដែល​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​មាន​និរន្តរភាព​, ការទទួលបាន​ចំណែក​ទីផ្សារ​ពី​ប្រទេសមួយ​ចំនួន​ដែល​ជួប​វិបត្តិ​ផលិតកម្ម​ដោយសារតែ​ការឆ្លង​ជំងឺ​កូវីដ ​១៩, និង​ការទទួល​ភាព​ចំណេញ​ពី​ទីផ្សារ​ប្រទេសមួយ​ចំនួន​ដែល​មិនមាន​ស្ថិរភាព​នយោបាយ ​(​មីយ៉ាន់ម៉ា​)​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​នឹងមាន​កំណើន​បន្តទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ ព្រោះ​បើ​យោងតាម CDC ចំនួន​ក្រុមហ៊ុន​ថ្មីៗ​ដែល​ចូលមក​វិនិយោគ​លើ​វិស័យ​វាយនភណ្ឌ​នាពេល​ថ្មីៗ​នេះ​ក៏មាន​ចំនួន​ច្រើន​ដែរ​»​។

របាយការណ៍​នាំចេញ​រយៈពេល ១០ ​ខែ​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា អាមេរិក គឺជា​ប្រទេស​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើនជាងគេ តាម​ពីក្រោយ​ដោយ​សហភាព​អឺរ៉ុប​, ចិន និង​ប្រទេស​ជប៉ុន ជាដើម​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​និយាយថា បើទោះបីជា​ឆ្នាំ​ ២០២១ កន្លងមក​ចង្វាក់​ផលិតកម្ម​កម្ពុ​ជាមួយ​ចំនួន​ត្រូវបាន​ផ្អាក​មួយរយៈ​ខ្លី​ដោយសារ​វិធានការ​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក នៅតែមាន​ភាពរស់រវើក​ដដែល​។ ភាពល្អប្រសើរ​ឡើង​នៃ​បរិមាណ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​អាមេរិក គឺ​ដោយសារ​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​ពាណិជ្ជកម្ម ខណៈ​ផលិតផល​របស់​កម្ពុជា​អាចឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​អាមេរិក​ទាំង​ប្រភេទ​ផលិតផល តម្លៃ និង​គុណភាព​។

ទោះយ៉ាងណា លោក​លើកឡើង​ថា ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ វិស័យ​ដឹកជញ្ជូន​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ជួបប្រទះ​បញ្ហា​ចម្បង​ចំនួន​ ២ គឺ​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន និង​កង្វះ​ទូកុងតឺន័រ​សម្រាប់​ផ្ទុកទំនិញ​។

លោក​អះអាង​ថា​៖ «​បញ្ហា​ទាំងអស់នេះ​មិនអាច​រារាំង​ដល់​សកម្មភាព​នៃ​ការដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​បានឡើយ​។ តាមរយៈ​តួលេខ​ខាងលើ​យើង​អាច​វាយតម្លៃថា ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​អាមេរិក នៅតែ​ល្អប្រសើរ ហើយ​វា​នឹង​បន្ត​ភាពវិជ្ជមាន​នេះ​ជា​បន្តទៀត​»​។

អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) លោក ​កាំង ម៉ូនីកា បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ក្នុង​សប្តាហ៍​នេះ​ថា ការគ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រសិទ្ធភាព​, ភាពល្អ​ប្រសើរ​នៃ​ចង្វាក់​ផលិតកម្ម​, កំណើន​នៃ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន​, និង​ការបង្វែរ​ការបញ្ជាទិញ និង​ការប្តូរ​ទីតាំង​ផលិត​ពី​ប្រទេស​មួយចំនួន​ដែល​អស្ថិរភាព​នយោបាយ ​(​មីយ៉ាន់ម៉ា​) បានធ្វើឱ្យ​ចំនួន​រោងចក្រ​បើក​ក្នុង​ឆ្នាំ​ ២០២១ កើនឡើង​គួរឱ្យ​កត់សម្គាល់​។

លោក​អះអាងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ នេះ​ចំនួន​រោងចក្រ​ដែល​នឹង​មក​បើក​ដំណើរការ​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ទៀត ហើយ​បរិមាណ​នៃ​ការនាំចេញ​របស់​កម្ពុជា​ក៏​នឹងមាន​កំណើន​ទៅតាម​នោះដែរ​»​។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កាបូប និង​គ្រឿង​បង្គុំ​អគ្គិសនី ចំណែក​ទំនិញ​ដែល​អាមេរិក​នាំមក​កម្ពុជា​វិញ​មានដូចជា រថយន្ត គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​សម្រេច​មួយចំនួន​ទៀត​៕ LA