
អគ្គរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ អគ្គរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២ ២៩៥,២ លានដុល្លារ នៅក្នុងឆ្នាំ២០២១ ថយចុះប្រមាណ ៥,១% ធៀបនឹងចំណូល ក្នុងឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី១០ ខែកុម្ភៈ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អគរ ប្រមូលចំណូលបាន ៩២៩៥,៧ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥,១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧,១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោកបានបន្ថែមថា បើគិតតាមប្រភេទពន្ធនិងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៣៥២២,២ ប៊ីលានរៀល ត្រូវជា ៣៧,៩% នៃចំណូលសរុប, អាករពិសេសមានចំនួន ៣៥១៣ ប៊ីលានរៀល ត្រូវជា ៣៨,៨%នៃចំណូលសរុប, ពន្ធគយមានចំនួន ១ ៦៧១,៦ ប៊ីលានរៀល ត្រូវជា ១៨% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងមានចំនួន ៤០៣,៦ ប៊ីលានរៀល ត្រូវជា ៤,៣% នៃចំណូលសរុប, និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន ១៨៥,២ ប៊ីលានរៀល ត្រូវជា ២,០% នៃចំណូលសរុប។
ចំពោះចំណូលតាមក្រុមទំនិញ លោក គុណ ញឹម បានបញ្ជាក់ថា យានយន្តនិងគ្រឿងចក្រមានចំនួន ៣៩៩៨,៨ ប៊ីលានរៀល ត្រូវជា ៤៣% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ២៥៧៩,៤ ប៊ីលានរៀល ត្រូវជា ២៧,៨% នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ២ ១៥៧,១ ប៊ីលានរៀល ត្រូវជា ២៣,២% នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៥៦០,៤ ប៊ីលានរៀល (ត្រូវជា ៦,០% នៃចំណូលសរុប។
នៅក្នុងរបាយការណ៍របស់ អគរ ដដែលបានបង្ហាញថា ការនាំចេញផលិតផលកាត់ដេរមានចំនួន ១១៣៨៩,៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៥០៥ លានដុល្លារអាមេរិក ស្មើនឹង ១៥,២%។ ចំណែកការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិតផលពីឈើ ស្បែកសត្វកែច្នៃ ផលិតផលប្លាស្ទិក គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ៤៥៤២,១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១៣៩២,៥ លានដុល្លារអាមេរិក ស្មើនឹង ៤៤,២%។
ដោយឡែក ការនាំចេញកសិផលមានចំនួន ២៨១៧,៨ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧៩៨,៦ លានដុល្លារអាមេរិក ស្មើនឹង ៣៩,៥% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៨២៦,២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៦០,៣ លានដុល្លារអាមេរិក (៧៧,៣%), ការនាំចេញអង្ករសម្រេច ៤២៤,៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ៨១,១ លានដុល្លារអាមេរិក (១៦,០%), កៅស៊ូនាំចេញមានតម្លៃ ៣៩៩,៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២៥,៧ លានដុល្លារអាមេរិក (៤៥,៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦៥៣,៧ លានដុល្លារអាមេរិក កើនឡើង ២៦៥,៣ លានដុល្លារអាមេរិក (៦៨,៣%)។
លោក គុណ ញឹម អះអាងថា ការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវលទ្ធផលល្អប្រសើរលើការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដូចជា៖ (១) ការងារគោលនយោបាយនិងបច្ចេកទេសគយ, (២) ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព, (៣) ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ, និង (៤) ការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាដើម។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យ អគរ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀតនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តឱ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាកររថយន្តគ្មានពន្ធមានស្រាប់ក្នុងស្រុក និងទប់ស្កាត់អំពើរត់គេចពន្ធជាដើម៕