ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម វិស័យ​ឯកជន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​លើកឡើងថា ការកំណត់​ច្បាស់លាស់​អំពី​វិធាន​ប្រភពដើម​ទំនិញ (Rules of Origin) នឹង​ផ្តល់​អត្ថប្រ​យោជន៍​ច្រើន​សម្រាប់​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។

កិច្ចពិភាក្សា​អំពី​វិធាន​ប្រភពដើម​ទំនិញ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ីអាគ្នេយ៍ ​(Economic Research Institute for ASEAN and East Asia) តាមរយៈ​ប្រព័ន្ធ​អនឡាញ​ក្នុង​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយបាន​លើកយក​ពី​អត្ថប្រយោជន៍​ដែល​ប្រទេស​សមាជិក​របស់ RCEP ត្រូវ​ទទួលបាន តាមរយៈ​ការអនុគ្រោះ​ពន្ធ និង​ការពិភាក្សា​ពី​វិធាន​នៃ​ប្រភពដើម​ទំនិញ ដែល​កំណត់ថា តើ​ទំនិញ​មួយណា​មាន​ប្រភពពី​ប្រទេស​សមាជិក RCEP ដើម្បី​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​កិច្ចព្រមព្រៀង​នេះ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ីម សុខខេង បាន​និយាយថា កិច្ចព្រមព្រៀង​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់​បាន​ចូល​ជា​ធរមាន​ជាង ១ ​ខែ​មកហើយ ដោយ​ក្រសួង​សង្កេតឃើញ​ថា មាន​សាធារណជន​ជាច្រើន​ដល់​បាន​ចាប់អារម្មណ៍​លើ​កិច្ចព្រមព្រៀង​នេះ​។

លោក​និយាយថា​៖ «​កិច្ចព្រមព្រៀង​នេះ នឹង​ពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​តំបន់ ក៏ដូចជា​ការជំរុញ​កំណើន​សេដ្ឋកិច្ច ដោយ​ក្នុងនោះ កម្ពុជា​អាច​នឹងមាន​កំណើន​ប្រចាំឆ្នាំ​សម្រាប់​ការនាំចេញ​ចំនួន ៧,៣ ​ភាគរយ លំហូរ​វិនិយោគ​នឹងមាន​កំណើន​ប្រមាណ ២៣,៤ ​ភាគរយ និង​ផលិតផល​ក្នុងស្រុក​សរុប​ក៏​នឹង​កើនឡើង​ប្រមាណ ២ ​ភាគរយ លើ​ផលិតផល​ក្នុងស្រុក​សរុប ដែល​មាន​បច្ចុប្បន្ន​»​។

លោកស្រី Deborah Elms នាយក​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ាន បាន​លើកឡើងថា កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង RCEP មិន​គ្រាន់តែ​ធ្វើឡើង​ដើម្បី​ការនាំចេញ​-​ចូល​ទំនិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​គិតពី​ការវិនិយោគ​រវាង​គ្នា និង​គ្នា​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ការយល់ដឹង​ពី​វិធាន​ប្រភពដើម​ទំនិញ​ឱ្យបាន​ច្បាស់​ពី​សំណាក់​វិស័យ​ឯកជន​នៅ​កម្ពុជា​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​នាំចេញ​ទំនិញ​។ វា​ក៏​នឹង​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​សមាជិក RCEP ដែលជា​ទីផ្សារ​ដ៏ធំ​សម្រាប់​កម្ពុជា​ និង​ប្រទេស​សមាជិក​ដទៃទៀត​»​។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លោក សុខ ស៊ីផាន់ណា បានឱ្យ​ដឹងថា មិនមែនជា​រឿង​ងាយស្រួល​ទេ​ដែល​វិស័យ​ឯកជន អាច​យល់​ស៊ីជម្រៅ​ចំពោះ​កិច្ចព្រមព្រៀង RCEP នេះ ខណៈ​ខ្លួន​លោក​ផ្ទាល់​ក៏ត្រូវ​ចំណាយពេល ៣ ​ខែ​ក្នុង​ការអាន និង​ស្វែងយល់​ពី​កិច្ចព្រមព្រៀង​នេះ ជាពិសេស​ការស្វែងយល់​អំពី​វិធាន​ប្រភពដើម​ទំនិញ និង​ការអនុគ្រោះ​ពន្ធ​ផ្សេងៗ​ជាដើម​។

លោក ស៊ីផាន់ណា បាន​ថ្លែងថា​៖ «​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម គួរ​ជំរុញ​ការផ្សព្វផ្សាយ​ពន្យល់​ឱ្យបាន​ច្បាស់​អំពី​លក្ខខណ្ឌ ឬ​គោលការណ៍​សំខាន់ៗ​នានា​ទៅដល់​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស ដែល​មក​វិនិយោគ​នៅ​កម្ពុជា​អំពី​វិធាន​ប្រភពដើម​ទំនិញ RCEP»​។

សូមបញ្ជាក់ថា​កិច្ចព្រមព្រៀង RCEP ជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន​ដែល​បានប្រកាស​ចាប់ផ្ដើម​ការចរចា​ក្នុង​ឆ្នាំ ​២០១២ នៅ​រាជធានី​ភ្នំពេញ​។ វា​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​សមាជិក ១៥​ ប្រទេស រួមមាន​ប្រទេស​អាស៊ាន​ទាំង​ ១០ និង​ប្រទេស​អូស្ត្រាលី កូរ៉េខាងត្បូង នូវែលសេឡង់ ចិន​ និង​ជប៉ុន​។

RCEP គ្របដណ្តប់​ប្រជាជន​ប្រមាណ ២,២ ​ពាន់​លាន​នាក់ ឬ ៣០ ​ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ​ទ្រីលាន​ដុល្លារ ឬ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​៕LA