
សាច់គោឆៅត្រូវហាន់ជាចំណែកតូចៗសម្រាប់លក់ក្នុងហាង ១ នៅអាមេរិក។ AFP
ទីក្រុងវ៉ាស៊ីនតោនៈ រទេះលក់ទំនិញរបស់អ្នកស្រីពេញទៅដោយគ្រឿងអាហារ ប៉ុន្តែមិនមានសាច់អាំងទេ។ អ្នកស្រី Lisa ជាម្តាយមានអាយុ ៤៨ ឆ្នាំម្នាក់បានឱ្យដឹងថា៖ «ថ្លៃខ្លាំងណាស់» ខណៈដែលអ្នកស្រីកំពុងតែចាកចេញពីផ្សារទំនើប Giant ក្នុងទីក្រុងវ៉ាស៊ីនតោន។
នៅអាមេរិក ដែលជាទឹកដីសាច់អាំង និងហាងសាច់អាំង តម្លៃសាច់គោកំពុងកើនឡើងខ្លាំងខ្ពស់មិនធ្លាប់មាន។
តម្លៃទំនិញប្រើប្រាស់ជារួមបានកើនឡើងចំនួន ៧ ភាគរយកាលពីឆ្នាំ ២០២១ ជាអត្រាអតិផរណាមួយដែលមិនបានឃើញចាប់តាំងពីឆ្នាំ ១៩៨២ ហើយទិន្នន័យសម្រាប់ខែមករាដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ត្រូវបានរំពឹងថានឹងបង្ហាញពីការកើនឡើងប្រចាំឆ្នាំជាបន្តទៅទៀត។
ក្រុមអ្នកដើរទិញអីវ៉ាន់ជនជាតិអាមេរិកបានមើលឃើញតម្លៃសាច់ បសុបក្សី ត្រី និងស៊ុតកើនឡើង ១២,៥ ភាគរយកាលពីឆ្នាំមុន ខណៈដែលសាច់គោបានកើនឡើងដល់ ២៣ ភាគរយអាស្រ័យលើការកាត់។
នៅលើធ្នើរនៃហាងលក់គ្រឿងទេសផ្សារទំនើប Giant ក្នុងសង្កាត់ Van Ness នៃទីក្រុងវ៉ាស៊ីនតោនមានតែសាច់គោដែលកាត់ជាចំណែកតូចប៉ុណ្ណោះដែលមានតម្លៃសមរម្យសម្រាប់អ្នកស្រី Lisa ដែលជាម្តាយរបស់ក្មេងវ័យជំទង់ ៣ នាក់ដែលបានបដិសេធប្រាប់នាមត្រកូលរបស់អ្នកស្រីពេលផ្តល់សម្ភាសន៍។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំទិញភាគច្រើនជាសាច់មាន់ និងសាច់ក្រក។ ពេលខ្លះសាច់គោចំណែកតូច»។
តម្លៃសម្រាប់ការកាត់សាច់គោដែលមានគុណភាពអាចមានតម្លៃដល់ ២៤,៩៩ ដុល្លារក្នុង ១ ផោន (២១,៨៥ អឺរ៉ូសម្រាប់ ៤៥៣ ក្រាម) ខណៈដែលហាងលក់សាច់នៅក្នុងសង្កាត់ Georgetown គិតតម្លៃ ១៣ ដុល្លារបន្ថែមទៀតសម្រាប់សាច់ដូចគ្នានេះ។
លោក Jayson Lusk ប្រធាននាយកដ្ឋានសេដ្ឋកិច្ចកសិកម្មនៅសាកលវិទ្យាល័យ Purdue University ក្នុងរដ្ឋ Indiana បានលើកឡើងពី «កត្តាជាច្រើនដែលរួមបញ្ចូលគ្នាដើម្បីជំរុញឱ្យតម្លៃម្ហូបអាហារកើនឡើងកាន់តែខ្ពស់»។
ការប្រើប្រាស់ត្រូវបានជំរុញដោយអត្រាសន្សំខ្ពស់ ដែលបានកើនឡើងដោយជំនួយពីរដ្ឋាភិបាល សម្រាប់ជនជាតិអាមេរិក ដែលភាគច្រើនជាប់គាំងនៅផ្ទះក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩។
លោក Lusk បានថ្លែងថា៖ «ប្រទេសទិញសាច់របស់អាមេរិកជាពិសេសប្រទេសចិន បានបង្ហាញតម្រូវការដ៏រឹងមាំរួមជាមួយនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុកដ៏រឹងមាំ»។
លោកបន្តថា ជាមួយគ្នានេះ ប្រាក់ឈ្នួលក្នុងឧស្សាហកម្មវេចខ្ចប់សាច់បានកើនឡើងជិត ២០ ភាគរយចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលជំងឺកូវីដ ១៩ ចំពេលមានការខ្វះខាតកម្មករទូទាំងប្រទេស ដែលបានប៉ះពាល់ដល់ការផលិត និងការដឹកជញ្ជូនផងដែរ។
Tyson Foods ដែលជាក្រុមហ៊ុនកែច្នៃសាច់ឈានមុខគេនៅអាមេរិកនៅសប្តាហ៍នេះ បានបង្ហាញពីភាពត្រឹមត្រូវនៃការកើនឡើងតម្លៃរបស់ខ្លួនដោយលើកឡើងថា វាត្រូវតែប៉ះប៉ូវថ្លៃដើមដែលកើនឡើងសម្រាប់កម្លាំងពលកម្មដើម្បីបំពេញតម្រូវការដែលបន្តលើសពីសមត្ថភាពរបស់វា៕ LA