
ជំនួបពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិននៃប្រទេសទាំង ២។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ កម្ពុជាស្នើកាណាដា ពិនិត្យលទ្ធភាពក្នុងការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិននៃប្រទេសទាំង ២។
នៅក្នុងជំនួបពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ កម្ពុជាបាននាំចេញទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២១។
លោកបានស្នើដល់ភាគីកាណាដាថា សូមឱ្យប្រទេសទាំង២ ពិនិត្យលទ្ធភាពក្នុងការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។
លោកបញ្ជាក់ថា៖«ក្រៅពីកិច្ចព្រមព្រៀងសំខាន់ៗទាំងនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងកសាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង»។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៍ និងការផ្គូផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ និងស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន។
លោកស្រី សារ៉ា ថៃល័រ (Sarah Taylor) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា បានឆ្លើយតបថា កាណាដានឹងជំរុញការចរចាពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រីបញ្ជាក់ថា នឹងយកសំណើរបស់ក្រសួងពាណិជ្ជកម្មទាំងអស់ ទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្ត្រីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកាលើកសំណើជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដាផងដែរ៕