
ភ្នំពេញៈ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំយុទ្ធនាការទីផ្សារឌីជីថល ដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា” ក្នុងគោលដៅផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងរយៈពេល ២ខែ គឺចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២នេះ ដោយមានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications។
យុទ្ធនាការនេះ មានគោលបំណងពង្រឹងវិស័យទេសចរណ៍ ដោយពង្រឹងសមត្ថភាពទាំងក្នុងវិស័យរដ្ឋ និងឯកជន។ កម្មវិធីនេះ បានដាក់ចេញនូវសកម្មភាពថ្មីៗរួមមាន ការរៀបចំយុទ្ធនាការវីដេអូផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ (Taste Cambodia), ការសិក្សាដើម្បីជួយពង្រឹងការធ្វើទីផ្សារ និងការបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងបុគ្គលិកសមាគមទេសចរណ៍ផ្នែកឯកជន។
នៅក្នុងអំឡុងខែមករា កន្លងទៅថ្មីៗនេះ តារាល្បីឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត បានចូលរួមក្នុងកម្មវិធីដំណើរកម្សាន្តអាថ៌កំបាំង និងកម្មវិធី មហោស្រពម្ហូបអាហារនិម្មិត (Virtual Food Festival) ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីរបស់ខ្មែរផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍ មានក្តីសោមនស្សក្នុងការបង្ហាញពីអច្ឆរិយៈភាពរបស់កម្ពុជា តាមរយៈការណែនាំពីគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៅទូទាំងប្រទេស ដែលមិនសូវមានអ្នកស្គាល់ច្រើននៅឡើយ រួមជាមួយនឹងការបង្ហាញពីម្ហូបអាហារខ្មែរដ៏អស្ចារ្យដែលយើងមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកបានបន្ថែមថា តាមរយៈ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងដោយមានកិច្ចសហការពីក្រុមហ៊ុន Redhill Communications យើងសង្ឃឹមថាកម្មវិធី “ដំណើរកម្សាន្តអាថ៌កំបាំង” និង “មហោស្រពម្ហូបអាហារនិម្មិត” នឹងជួយបង្កើនចំណាប់អារម្មណ៍របស់ពលរដ្ឋខ្មែរក្នុងស្រុក និងជនបរទេសដែលរស់នៅកម្ពុជាទាំងអស់ ក្នុងការស្វែងយល់អំពីព្រះរាជាណាចក្រកម្ពុជា កាន់តែស៊ីជម្រៅបន្ថែមទៀត លើសពីតំបន់ដែលមានកេរ្តិ៍ឈ្មោះស្រាប់ ក៏ដូចជាលើកទឹកចិត្តពួកគាត់ឱ្យភ្លក់រសជាតិម្ហូបអាហារខ្មែរ»។
លោកអះអាងថា សកម្មភាពនេះនឹងមិនត្រឹមតែលើកទឹកចិត្តប្រជាជនឱ្យស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយជំរុញការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយពីរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩ ផងដែរ៕