ភ្នំពេញៈ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ស្នើ​ឱ្យ​ភាគី​កូរ៉េ​ជួយ​ពន្លឿន​ការ​ផ្ដល់​សច្ចាប័ន ដើម្បី​ឱ្យ​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ហើយ​ភាគីទាំង ២ អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​ក្នុង​ពេល​ឆាប់ៗ​នេះ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក Moon Jae-In ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ កាល​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា កន្លងទៅនេះ កម្ពុជា​ក៏​បាន​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា និង​កូរ៉េ រួច​ហើយ ដូចនេះ លោក​ស្នើសុំ​ឱ្យ​ភាគី​កូរ៉េ​ជួយ​ពន្លឿន​ការ​ផ្ដល់​សច្ចាប័ន ដើម្បី​ឱ្យ​កិច្ច​ព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​បាន​ឆាប់។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បន្ថែម​ថា៖​«សុំ​ឱ្យ​ប្រធានាធិបតី​កូរ៉េ គាំទ្រ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស ទាក់ទង​ទៅ​នឹង​រោងចក្រកែច្នៃ​មួយ​ចំនួន ក៏​ដូចជា គាំទ្រ​ដល់​រូបមន្ត ១​បូក មាន​ន័យ​ថា​​បើ​សិន​ជា​ក្រុមហ៊ុន​កូរ៉េ មាន​ការ​វិនិយោគ​នៅ​ថៃ និង​វៀតណាម ក៏​អាច​បន្ថែមការ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ»។

លោក​បាន​បន្ត​ថា បាន​ស្នើ​ឱ្យ​កូរ៉េ​មាន​ការ​គាំទ្រ ក៏​ដូចជា មាន​កិច្ច​សហប្រតិបត្តិការ ជាពិសេស លើ​ផ្នែក​កសិឧស្សាហកម្ម និង​ការ​កែច្នៃផលិតផល ដូចជា​ផលិតផល​កសិកម្ម​ជាដើម ដើម្បី​ធ្វើ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ និង​ជួយ​ជំរុញ​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​កូរ៉េ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក Moon Jae-In បាន​លើក​ឡើង​ថា កម្ពុជា​គឺ​ជា​អាទិភាព​សម្រាប់​កូរ៉េ ជាពិសេស ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ហត្ថលេខា នៃ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី ហើយ​កម្ពុជា​គឺជា​ប្រទេស​ទី ១ ហើយ ដែល​កូរ៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយនេះ។

ចំពោះ​ការ​ស្នើ​របស់ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ការ​ពន្លឿន​ការ​ផ្ដល់​សច្ចាប័ន ត្រូវ​បាន​លោក​គូស​បញ្ជាក់​ថា ៖«ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ កូរ៉េ​បាន​បញ្ចប់​នីតិវិធី​ហើយ ហើយ​កំពុង​តែ​បញ្ជូន​ទៅ​សភា​របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ផ្ដល់​សច្ចាប័ន ដូច្នេះ​នីតិវិធី​នេះ​បាន​និង​កំពុង​បន្ត​នៅ​ឡើយ»។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​ជា ៣០០ ក្រុមហ៊ុន កំពុងតែ​វិនិយោគ​នៅកម្ពុជា ហើយ​ចំនួន​នេះ​នឹង​បន្ត​មាន​កំណើន​បន្ថែម នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​សេរីពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ ចូល​ជាធរមាន ស្រប​ពេល​ដែលកម្ពុជា មាន​ច្បាប់​វិនិយោគ​ថ្មី ដែល​បាន​បង្ក​បរិយាកាស​ងាយស្រួល​ច្រើន​ដល់​អ្នក​វិនិយោគ៕