ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត Opennet រយៈពេល ៧ថ្ងៃ​ជា​កំហិត ដើម្បី​ទូទាត់​បំណុល ដែល​ក្រុមហ៊ុន​នៅ​ជំពាក់រដ្ឋ។

យោងតាមសេចក្តី​ជូន​ដំណឹង​រួមគ្នា​របស់​ក្រសួង​ទាំង ២ ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី ១០ ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែល​ជា​ប្រតិបត្តិករ​ផ្តល់​សេវា​អ៊ីនធឺណិត មិន​ទាន់​បាន​អនុវត្តកាតព្វកិច្ច​ទូទាត់​បំណុល​ជូន​រដ្ឋ​នៅ​ឡើយ។ ក្រសួង​ទាំង ២ សម្រេច​ទុក​រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចូល​មក​បំពេញ​កាតព្វកិច្ច​ទូទាត់បំណុល​នៃ​ចំណូល​បែងចែក (Revenue Share) និង​បំណុល​ដទៃ​ទៀត​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​រដ្ឋ ជា​កំហិត។

សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ករណី ដែល​ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែ​គេច​វេស​មិន​ព្រមទូទាត់​បំណុល​ជូន​រដ្ឋ​ក្រសួង​ទាំង ២ នឹង​ចាត់​វិធានការ​ព្យួរ​អាជ្ញាបណ្ណ​របស់​ក្រុមហ៊ុន និង​អនុវត្ត​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ព្រមទាំង​ចាត់​វិធានការ​ដទៃទៀត​ស្រប​តាម​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន។

យោងរបាយការណ៍​ចេញ​ផ្សាយ​ដោយ Hootsuite នៅ​ឆ្នាំ ២០២០ កម្ពុជា​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាអ៊ីនធឺណិត​ប្រមាណ ៤៧​ក្រុមហ៊ុន ដោយ​ក្នុង​នោះ តួលេខ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ប្រមាណ​ចំនួន ៨,៨៦​លាន​នាក់ ស្មើ​នឹង ៥២,៦% នៃ​ប្រជាជន​សរុប។ នៅ​ក្នុង​នោះដែរ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន ១២ លាន​នាក់ ស្មើ​នឹង ៧១,៣% ខណៈ​ដែល​ការ​ប្រើប្រាស់​សេវាទូរស័ព្ទ មាន​ប្រមាណ ២១,១៨​លាន​នាក់ ស្មើ​នឹង ១២៥,៨% ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា​ទាំងអស់៕