ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា យន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា មានបំណងជួយលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់ និងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលបានលើកឡើងអំពីមូលហេតុសំខាន់ៗ ចំនួន ៣ចំណុច ដែលក្រុមការងារអន្តរក្រសួង រៀបចំឱ្យមានយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ចៀសវាងការភាន់ច្រឡំពីសំណាក់សាធារណជន និងសារព័ត៌មាននានា។

សេចក្តីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា យន្តការដេញ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ជាយន្តការមួយត្រូវបានបង្កើតឡើងដើម្បីធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់ជ្រូកនៅលើទីផ្សារ ក្នុងកម្រិតមួយសមរម្យ សំដៅជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពលរដ្ឋ ក្នុងបរិបទកូវីដ១៩។

លិខិតបានបញ្ជាក់ថា យន្តការនេះត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ ព្រោះថា ជាគោលការណ៍ រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុកឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតតម្លៃសមរម្យ ដោយមិនចាំបាច់នាំចូល។ ក្រសួងកសិកម្ម មានតួនាទីកំណត់ចំនួនជ្រូក ដែលត្រូវនាំចូល ដើម្បីបំពេញតម្រូវការទីផ្សារក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

នាពេលកន្លងមក ដើម្បីលើកកម្ពស់ជីវភាពរបស់អ្នកចិញ្ចឹមសត្វក្នុងស្រុក ក្រសួងសេដ្ឋកិច្ច បានដាក់ជាបន្ទុករបស់រដ្ឋនូវអាការតម្លៃបន្ថែមលើជ្រូករស់ និងបានផ្តល់អត្រាការប្រាក់ទាប តាមរយៈធនាគារអភិវឌ្ឍជនបទ ផងដែរ។

បច្ចុប្បន្ន តម្រូវការសាច់ជ្រូកនៅកម្ពុជាមានប្រមាណ ៨ពាន់ ក្បាល ទៅ ៩ពាន់ក្បាល ក្នុង ១ថ្ងៃ ដែលសុទ្ធសឹងតែជ្រូកក្នុងស្រុកទាំងអស់ ខណៈក្រសួងកសិកម្មបានផ្អាកការនាំចូលជ្រូកពីក្រៅប្រទេសអស់រយៈពេលជាង ៥ ខែមកហើយ៕