ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ រកចំណូល​បាន​ជាង ៩២ ​លាន​ដុល្លារ នៅក្នុង​ឆ្នាំ ​២០២១ កើនឡើង​ជាង​ ១៣​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០​។

យោងតាម​របាយការណ៍​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ ​២០២១ ចំណូល​របស់​ស្ថាប័ន​នេះ នៅពេល​មិនទាន់​បានធ្វើ​សវនកម្ម​មាន​ប្រមាណ ​៣៦៩ ១៤៥ ២៥៧ ពាន់​រៀល​ស្មើនឹង​ប្រមាណ​ជាង​ ៩២​ លាន​ដុល្លារ ខណៈដែល​ឆ្នាំ​ ២០២០ ចំណូល​ដែល​បានធ្វើ​សវនកម្ម​រួច​មាន​ប្រមាណ​ ៣២៤ ៣៦៧ ៨៥៦ ពាន់​រៀល​ស្មើនឹង​ប្រមាណ​ ៨១ លាន​ដុល្លារ កើនឡើង​ជាង ​១០​ លាន​ដុល្លារ ស្មើនឹង​ ១៣% ។ នៅក្នុង​នោះដែរ ចំណូល​បាន​មកពី​ការលក់​ទឹកស្អាត​មាន​ចំនួន ២៨២ ៣៦៩ ៧៩៧ ​ពាន់​រៀល ស្មើនឹង​ប្រមាណ​ជាង​ ៧០ ​លាន​ដុល្លារ កើនឡើង​តិចតួច​។

របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា ចំពោះ​ចំណាយ​ទាំងអស់​រួមមាន​ថ្លៃ​ភ្លើង ថ្លៃ​បុគ្គលិក ថ្លៃ​ជួសជុល​ថែទាំ ថ្លៃ​ប្រតិបត្តិការ​ផ្សេងៗ និង​ថ្លៃ​ខាត​ពី​ការប្តូរ​លុយ ជាដើម​មាន​ប្រមាណ ២១២ ០៤៨ ៩៥៦ ពាន់​រៀល​ស្មើនឹង​ប្រមាណ​ ៥៣ ​លាន​ដុល្លារ​។

ដោយឡែក​ចំពោះ​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ​ ២០២១ ​វិញ អង្គភាព​នេះ​ទទួល​បាន​ចំនួន​ ១៥៧ ០៩៦ ៣០១ ​ពាន់​រៀល ស្មើនឹង​ប្រមាណ​ជាង​ ៣៩​ លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ មិនទាន់​បានធ្វើ​សវនកម្ម​នៅឡើយ​ទេ​៕