ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​)​ រក​ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​បាន​ប្រមាណ ៣ ៩៩៨,៨​ ពាន់​លាន​រៀល (​ជិត ១ ០០០​ លាន​ដុល្លារ​) ស្មើនឹង ៤៣ ​ភាគរយ​នៃ​ចំណូល​សរុប ២ ២៩៥,២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។

របាយការណ៍​ពី អគរ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​ ២០២១ កន្លងទៅ គយ ប្រមូល​ចំណូល​បាន ៩ ២៩៥,៧​ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ២ ២៩៥,២ ​លាន​ដុល្លារ ថយចុះ​ប្រមាណ ៥,១ ​ភាគរយ​បើ​ធៀប​នឹង​ចំណូល​ក្នុង​ឆ្នាំ​ ២០២០ ដែល​ប្រមូលបាន​ជាង ២ ៤១៩,៦ លាន​ដុល្លារ​។

របាយការណ៍​ដដែល​បង្ហាញ​ទៀតថា ក្នុងចំណោម​ទំនិញ​ដែល​បាន​បង់ពន្ធ​ច្រើនជាង គឺ​យានយន្ត និង​គ្រឿងចក្រ​ដោយ​មាន​ចំនួន ៣ ៩៩៨,៨ ពាន់​លាន​រៀល ស្មើ​ជិត ១ ០០០ ​លាន​ដុល្លារ ត្រូវជា ៤៣ ​ភាគរយ​នៃ​ចំណូល​សរុប​ជាង ២ ២៩៥,២ ​លាន​ដុល្លារ​។ បន្ទាប់​ពីនេះ​ទំនិញ​ចម្រុះ​មាន​ចំនួន ២ ៥៧៩,៤ ​ពាន់​លាន​រៀល ស្មើ​ ៦៤៤ ​លាន​ដុល្លារ ដែល​ស្មើ ២៧,៨ ​ភាគរយ​នៃ​ចំណូល​សរុប​, ផលិតផល​តេលសិលា​មាន​ចំនួន ២ ១៥៧,១ ​ពាន់​លាន​រៀល ឬ​ជាង ៥៣៨ ​លាន​ដុល្លារ​ត្រូវជា​ ២៣,២ ​ភាគរយ​នៃ​ចំណូល​សរុប ខណៈ​សម្ភារ​សំណង់​ និង​កម្រៃ​ផ្សេងៗ​មាន​ចំនួន ៥៦០,៤ ពាន់​លាន​រៀល​ឬ​ជាង ១៤០ ​លាន​ដុល្លារ ៦,០​ ភាគរយ នៃ​ចំណូល​សរុប​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆ្នាំ​ ២០២១ កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​លើកឡើងថា លទ្ធផល​នេះ​គឺ​សម្រេចបាន ៩៧,១ ​ភាគរយ​នៃ​ផែនការ​ដែល​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ​២០២១​។

លោក​បាន​បញ្ជាក់ថា ការនាំចេញ​ផលិតផល​កាត់ដេរ​មាន ១១ ៣៨៩,៦ ​លាន​ដុល្លារ​កើនឡើង ១៥,២ ​ភាគរយ ខណៈ​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ មាន ៤ ៥៤២,១ លាន​ដុល្លារ កើនឡើង ៤៤,២​ ភាគរយ កសិផល ២ ៨១៧,៨ ​លាន​ដុល្លារ កើនឡើង ៣៩,៥​ ភាគរយ​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំណូល​របស់​រដ្ឋ​គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ចំណូល​ពន្ធគយ និង​ពន្ធដារ ដូចនេះ​នៅពេលដែល​ការប្រមូល​ចំណូល​ទាំង ២ ផ្នែក​ថយ វា​ក៏​នឹង​អាច​ប៉ះពាល់​ដល់​ការ​ចំណាយ​របស់​រដ្ឋ​ដែរ​។

លោក​បាន​បន្ថែមថា​៖ «​ថ្វីដ្បិត​កម្ពុជា​បាន​រង​វិបត្តិ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ការចាយវាយ​របស់​ពលរដ្ឋ​ទៅលើ​ទំនិញ មិនចាំបាច់​ត្រូវបាន​កាត់បន្ថយ ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​តួលេខ​នៃ​ចំណូល​របស់​គយ គឺ​ធ្លាក់ចុះ​តិចតួច​ប៉ុណ្ណោះ ខណៈ​ចំណូល​ពន្ធ​ពី​រថយន្ត​ជិត​ ១ ​ពាន់​លាន ដូចនេះ​មានន័យថា​ពលរដ្ឋ​ភាគច្រើន​នៅមាន​លទ្ធភាព​ក្នុង​ការប្រើប្រាស់ ឬ​ផ្លាស់ប្តូរ​រថយន្ត​របស់​ខ្លួន​»​។

លោក​បន្តថា បើ​មិនមាន​ការផ្ទុះឡើង​នៃ​មេរោគ​កូវីដ​បំប្លែង​ថ្មី អូមីក្រុង ឬ​មេរោគ​កូវីដ​បំប្លែង​ថ្មី​ផ្សេងៗ​ទៀត​ទេ ស្ថិរភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ​នឹង​វិលត្រឡប់​មករក​ប្រក្រតី​វិញ ឬ​អាច​នឹងមាន​ភាពវិជ្ជមាន​ច្រើន​ក្នុងឆ្នាំនេះ​។

ទោះជា​ការប្រមូល​ចំណូល​ពន្ធគយ​មាន​ការធ្លាក់ចុះ​តិចតួច​មែន តែ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បាន​លើកឡើងថា នេះ​ជា​លទ្ធផល​ល្អប្រសើរ​លើ​គ្រប់​ការដ្ឋាន​ការងារ ទោះបី​បាន​ឆ្លងកាត់​នូវ​ការ​ប្រឈម​ខ្លាំង​ពី​ការរាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​លោក​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​អគរ សម្រាប់​ការអនុវត្ត​ការងារ​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​អគរ​បន្ត​ជំរុញ​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ការងារ​ប្រមូល​ពន្ធអាករ​ចំពោះ​រថយន្ត​គ្មាន​ពន្ធ​ដែលមាន​ស្រាប់​ក្នុងស្រុក និង​បន្ត​សម្របសម្រួល​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ​ជាដើម​។

​គួររំឭកថា កាល​ខែមីនា ឆ្នាំ​ ២០២១ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​ការ​នាំចូល​ទំនិញ​រថយន្ត ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ឡូជីស្ទិក បន្ទាប់ពី​ចំណូល​ពី​ការនាំចូល​រថយន្ត​ធ្លាក់ចុះ ៤០ ភាគរយ ក្នុង​ឆ្នាំ​ ២០២០៕

វីដេអូ៖