ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ស្នើឱ្យ​រដ្ឋាភិបាល​កាណាដា ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ជាមួយ​កម្ពុជា​ឱ្យបាន​ឆាប់ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ ឱ្យមាន​ទំហំ​កាន់តែ​ធំ ខណៈ​ការនាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កាណាដា​ក្រោម​កម្មវិធី​ពន្ធគយ​សេរី និង​កូតា​សេរី កាលពី​ឆ្នាំ​ ២០២១ មានតម្លៃ​ប្រមាណ ៩៥៤,៨២ ​លាន​ដុល្លារ​អាមេរិក​។

ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា​កាលពី​សប្តាហ៍​មុន លោក ប៉ាន សូរស័ក្តិ បាន​លើកឡើង​ថា កម្ពុជា​ចង់ឱ្យ​រដ្ឋាភិបាល​កាណាដា ពិនិត្យ​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កាណាដា និង​ការរៀបចំ​ឱ្យមាន​ជំនួប​ពាណិជ្ជកម្ម​រវាង​វិនិយោគិន​កាណាដា ដែល​បាន​វិនិយោគ​នៅ​ប្រទេស​ថៃ និង​ទ្បាវ​ជាមួយ​កម្ពុជា ដើម្បី​ទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ដែល​កម្ពុជា​ទើប​សម្រេចបាន​នាពេល​ថ្មីៗ​នេះ​។

លោក​និយាយថា​៖ «​កម្ពុជា​បាននិង​កំពុង​ធ្វើកំណែទម្រង់ និង​កសាង​ច្បាប់​វិនិយោគ​ថ្មីៗ​ជាច្រើន​សំដៅ​ជួយ​សម្រួល​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​»​។

លោក​លើកឡើង​ទៀតថា កម្ពុជា​តែង​គាំទ្រ​វិនិយោគិន​កាណាដា​ដែល​វិនិយោគ​នៅ​កម្ពុជា ជាក់ស្ដែង​ធនាគារ ABA ដែល​ស្ថិតក្នុង​លំដាប់​ទី​ ៣ នៃ​ធនាគារ​នាំមុខគេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង Manulife ជាដើម​។

យោងតាម​លោក សូរស័ក្តិ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដោយ​ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​កាណាដា​ក្រោម​កម្មវិធី​ពន្ធគយ​សេរី និង​កូតា​សេរី​មាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៩៥៤,៨២ លាន​ដុល្លា​អាមេរិក​។

បន្ថែម​លើ​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​ភាគី​កាណាដា​បន្ត​នូវ​ជំនួយ​បច្ចេកទេស​ក្រោម​គម្រោង Canadian Trade and Investments Framework (CTIF ) ដល់​ប្រទេស​កម្ពុជា​ទាក់ទង​ការអភិវឌ្ឍ​សមត្ថភាព SMEs ការចូលរួម​តាំងពិព័រណ៍ និង​ការផ្គូរផ្គង​ឱ្យមាន​ជំនួប​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា លោកស្រី Sarah Taylor បាន​ឆ្លើយតប​ថា កាណាដា​នឹង​ជំរុញ​ការចរចា​ពាណិជ្ជកម្ម​សេរី​អាស៊ាន-​កាណាដា និង​ពិនិត្យ​លទ្ធភាព​លើ​ការសិក្សា​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កាណាដា ព្រោះ​កិច្ចការ​នេះ​ជា​កិច្ចការ​ស្របគ្នា​ជាមួយ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​កាណាដា នៅក្រោម​រដ្ឋបាល​ថ្មី ដែល​ត្រូវ​បង្កើន​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លោកស្រី​អះអាងថា នឹង​យក​សំណើ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ជំរុញ​មន្ត្រី​របស់ខ្លួន​ឱ្យ​ធ្វើការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ សំដៅ​នាំយក និង​បង្កើតបាន​គម្រោង​ជាក់លាក់​ក្រោម​កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ CTIF​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា ប្រទេស​កាណាដា គឺជា​ទីផ្សារ​ទទួល​ទិញ​ផលិតផល​វាយនភណ្ឌ​ច្រើន​ពី​កម្ពុជា ខណៈ​កន្លងមក​ការបណ្តាក់ទុន​របស់​វិនិយោគិន​កាណាដា​នៅ​កម្ពុជា​ហាក់​មាន​ចំនួន​តិចតួច​នៅឡើយ​។ លោក​បាន​បន្តថា បើសិន​កម្ពុជា​អាចមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កាណាដា​នោះ​នឹង​អាចមាន​វិនិយោគ​កាណាដា​ជាច្រើន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ខណៈ​ច្បាប់​វិនិយោគ​ថ្មី​នៅ​កម្ពុជា​ត្រូវបាន​គេ​ដឹងថា មាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​ការវិនិយោគ​។

លោក​និយាយថា​៖ «​ក្រៅពី​ចំណុច​ខាងលើ​កម្ពុជា​ក៏​ជា​ប្រទេស​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ល្អប្រសើរ មាន​កម្លាំងផលិតកម្ម​ជំនាញ និង​មានតម្លៃ​ពលកម្ម​សមរម្យ​ផងដែរ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​ ២០២១ ការនាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាណាដា​មានតម្លៃ ៧៩០ លាន​ដុល្លារ កើនឡើង ៣១ ​ភាគរយ​ពី​ចំនួន ៦០៤​ លាន​ដុល្លារ​នារយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ និង​ការនាំ​ទំនិញ​ពី​កាណាដា​មក​កម្ពុជា​មាន​តម្លៃ ៣២ ​លាន​ដុល្លារ ធ្លាក់ចុះ ៣៣ ​ភាគរយ​ពី​ចំនួន ៤៨ ​លាន​ដុល្លារ​៕