ភ្នំពេញៈ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ​ផលិតផល​ចំនួន​ ៥​ មុខ ដែល​រួមមាន​វិស័យ​កាត់ដេរ​, ស្បែកជើង​, អង្ករ​, ដំឡូង​មី និង​ទេសចរណ៍ មាន​ទំហំ​ ៨០ ​ភាគរយ​នៃ​ទំហំ​នាំចេញ​សរុប​របស់​កម្ពុជា ប៉ុន្តែ​នៅក្នុង​នោះ​មាន​ទីផ្សារ​ធំ​តែ​ ២ ​ប៉ុណ្ណោះ គឺ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ដែល​ស្រូបយក ៦៩ ​ភាគរយ​នៃ​បរិមាណ​ទំនិញ​នាំចេញ​ទាំងនោះ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ទើបបាន​ចេញផ្សាយ​កាលពី​ចុងខែ​មករា​ថ្មីៗ​នេះ​។

ធនាគារ​ពិភពលោក​បានផ្តល់​អនុសាសន៍​ថា កម្ពុជា​មាន​ជម្រើស​ច្រើន​សម្រាប់​ដោះស្រាយ​បញ្ហា​ខ្វះ​ពិពិធកម្ម​ក្នុង​សេដ្ឋកិច្ច និង​សម្រាប់​កសាងឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ ការបង្កើន​ការរួមចំណែក​របស់ខ្លួន​ទៅក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​, ការបង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម​, និង​ការពង្រីក​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​សេវាកម្ម ក៏​នឹង​អាចជួយ​ធ្វើឱ្យ​ការនាំចេញ​កាន់តែ​មាន​ភាព​សម្បូរបែប​ផងដែរ​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានផ្តល់​បទសម្ភាស​ពិសេស​មួយ​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​សេដ្ឋកិច្ច​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ការលើកឡើង​របស់​ធនាគារ​ពិភពលោក និង​ថា​ក្រសួង​បានធ្វើ​អ្វីខ្លះ​ក្នុងការ​កែលម្អ​ទីផ្សារ​នាំចេញ និង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​។

តើ​លោក​នឹងធ្វើ​អត្ថាធិប្បាយ​យ៉ាង​ដូចម្តេច​ចំពោះ​ការលើកឡើង​នៅក្នុង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​?

ការពិត​នៅ​រាល់​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ឬ​អភិវឌ្ឍ​តិចតួច ការប្រកួត​ប្រជែង​តែងតែមាន​កម្រិត​មួយចំនួន​ដែល​យើង​សង្កេតឃើញថា ទី​ ១ ​វា​អាច​បណ្តាលមកពី​កត្តា​ខាងក្រៅ ដូច​យើង​សង្កេតឃើញថា ជា​ផល​អវិជ្ជមាន​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩; ទី​ ២ ​ដោយសារ​តែ​ដំណើរការ​នៃ​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ទីផ្សារ និង​ផលិតកម្ម បើ​និយាយ​អំពី​ប្រទេស​កម្ពុជា​គឺ​យើង​និយាយ​ពី​ទីផ្សារ​ទាំងឡាយ​ដែល​យើង​ធ្លាប់​នាំ​ចេញទៅ​; ទី​ ៣ ក្នុងប្រទេស​កំពុង​អភិវឌ្ឍន៍​ឬ អភិវឌ្ឍ​តិចតួច​ដូច​យើង គឺ​យើង​នៅមាន​សមត្ថភាព​បច្ចេកទេស​ និង​សមត្ថភាព​ជំនាញ​របស់​កម្មករ នៅមាន​កម្រិត​នៅឡើយ ទាំង​សមត្ថភាព​ផលិតកម្ម និង​គុណភាព​ផលិតផល ប៉ុន្តែ​មិនមែន​មានន័យថា របាយការណ៍​នេះ​ត្រឹមត្រូវ​ទាំងស្រុង​ទេ របាយការណ៍​នេះ​គ្រាន់តែ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ផល​អវិជ្ជមាន​ដែល​កើតឡើង ប៉ុន្តែ​មិនបាន​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​គឺ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការជំរុញ​ឱ្យមាន​ភាព​ប្រកួតប្រជែង​នៅក្នុង​ករណី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​ទាំង​ការប្រឹងប្រែង​ទាក់ទង​នឹង​ការពង្រីក​ទីផ្សារ​ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង​ការធ្វើ​ពិពិធ​កម្ម​ទំនិញ​ដែល​យើង​ហៅថា «​ការធ្វើឱ្យ​ទំនិញ​មាន​ភាព​សម្បូរបែប និង​ការលើកកម្ពស់​ទាំង​គុណភាព និង​បរិមាណ​» ក៏ដូចជា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ដែល​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងពាណិជ្ជកម្ម​ប្រឹងប្រែង​សព្វថ្ងៃនេះ​។

បច្ចុប្បន្ននេះ​យើង​មិនមែន​មានតែ​ទីផ្សារ ​២ [​អាមេរិក និង​អឺរ៉ុប​] ធំ​នោះទេ ប៉ុន្តែ​យើង​ក៏មាន​ទីផ្សារ​ផ្សេងទៀត​ដែរ ដូចជា​ទីផ្សារ​ចិន ដែល​យើង​កត់សម្គាល់​ឃើញថា​មកដល់ពេលនេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​កម្ពុជា​ឈានទៅដល់​ជាង​ ១១​ ពាន់​លាន​ដុល្លារ​ទៅហើយ ដែល​លើសពី​ការរំពឹងទុក​របស់​យើង​ដែល​បានកំណត់​ ១០​ ពាន់​លាន​នៅ​ឆ្នាំ​ ២០២៣ នោះ តាមពិត​ត្រឹម​ឆ្នាំ ​២០២១ យើង​សម្រេចបាន​ទៅហើយ​។

ដូច្នេះ​បច្ចុប្បន្ននេះ​យើង​មាន​ទីផ្សារ មួយចំនួនទៀត​ដូចជា​ទីផ្សារ​ចិន ជប៉ុន កូរ៉េ និង​ទីផ្សារ​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត ជាពិសេស​អ្វីដែល​យើង​រំពឹង​នោះ​គឺ​ការនាំចេញ ហើយ​អ្វីដែល​យើង​ធ្លាប់​គិត​នោះ​គឺ​ទីផ្សារ​នៅក្នុង​តំបន់​ក៏ដូចជា​ទីផ្សារ​ផ្សេងទៀត​ដូចជា កាណាដា​ជាដើម​។ ទីផ្សារ​ទាំងអស់នេះ​បញ្ជាក់​ឱ្យឃើញថា យើង​នៅមាន​លទ្ធភាព​ក្នុង​ការធ្វើ​ពិពិធកម្ម ទំនិញ និង​ទីផ្សារ​ដើម្បី​នាំចេញ​ទំនិញ​របស់​យើង​។

ធនាគារពិភពលោក​បាន​លើកឡើងថា កម្ពុ​ជាមាន​ជម្រើស​ច្រើន​ក្នុងការ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​។ តើ​ក្រសួង​បាន​កំពុងធ្វើការ​លើ​បញ្ហា​នេះ​យ៉ាងដូចម្តេច​?

ក្នុង​ការធ្វើ​ពិពិធកម្ម​ទំនិញ​ក៏ដូចជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើ​ច្រើន​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ទាំង​ទ្វេភាគី និង​ពហុភាគី​។ យើង​ឃើញថា យើង​បានទទួល​នូវ​ការចុះហត្ថលេខា​ និង​ការចូល​ជាធរ​មាននៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន ក៏ដូចជា​កិច្ចព្រមព្រៀង​ពហុភាគី​ថ្នាក់​តំបន់ គឺ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​គ្រប់​ជ្រុងជ្រោយ ហៅ​កាត់​ថា RCEP ដែល​កិច្ចព្រមព្រៀង​ទាំង ​២ ​នេះ​នឹង​បើកឱកាស​ឱ្យ​យើង​មាន​ទីផ្សារ​កាន់តែ​ធំ​បន្ថែមទៀត​។ ឆាប់ៗ​នេះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ក៏​នឹង​ចូល​ជា​ធរមាន​ដែរ ក្រសួង​ពាណិជ្ជកម្ម​នឹងធ្វើ​ការប្រឹងប្រែង​ដើម្បី​បើក​ច្រក​ទីផ្សារ​បន្ថែមទៀត​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដូចជា​ទីផ្សារ​ឥណ្ឌា ទីផ្សារ​ជប៉ុន​។​ល​។ ដូច្នេះ​លទ្ធភាព​នៃ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ គឺ​យើង​មាន​ច្រើន​ និង​មាន​សក្តានុពល​។ ការធ្វើ​ពិពិធកម្ម​ទំនិញ ពេលបច្ចុប្បន្ន​នេះ យើង​សង្កេតឃើញថា​យើង នៅមាន​ទំនិញ​កសិផល​ដែល​ក្រសួង​ជំរុញ​ថា យើង​ធ្វើយ៉ាងណា​លើកស្ទួយ​ឱ្យមាន​ការកែច្នៃ​ទំនិញ​កសិផល​របស់​យើង​ឱ្យទៅជា​ទំនិញ​សក្តានុពល​សម្រាប់​ការនាំចេញ​តាមរយៈ​ការកែច្នៃ​ទៅជា​ម្ហូបអាហារ​ទៅ​ជា​ទំនិញ​ឧស្សាហកម្ម ។​ល​។ ការណ៍​នេះ​គឺជា​លទ្ធភាព​ដែល​យើង​អាច​ធ្វើបាន​ដោយសារតែ​យើង​មាន​ទំនិញ​ច្រើន​មុខ​ និង​មាន​ផ្ទៃដី​ដាំដុះ​មាន​ជីវជាតិ​នៅ​ទូលំទូលាយ​នៅឡើយ​ ដូច្នេះ​យើង​មានលទ្ធភាព​អាច​ដាំដុះ​បាន​ច្រើន ហើយ​ស្របតាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​យើង​នឹង​ប្រឹងប្រែង​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ក្លាយទៅជា​ប្រភព​នៃ​ការផ្គត់ផ្គង់​ស្បៀង​មួយ​ប្រចាំ​តំបន់​ក៏ដូចជា​ពិភពលោក​តាមរយៈ​ការនាំចេញ​។

តើ​កម្ពុជា​បាន​ចូលរួម​ក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​បាន​កម្រិតណា​ដែរ​?

ការ​ដែរ​យើង​ចូលរួម​ទៅក្នុង​ខ្សែចង្វាក់​តម្លៃ គឺជា​ការពិត​យើង​នៅមានកម្រិត​មែន ប៉ុន្តែ​បច្ចុប្បន្ននេះ​អ្នក​វិនិយោគ​ក្រោម​បរិយាកាស​នៃ​ច្បាប់​វិនិយោគ​ថ្មី ទំនុកចិត្ត​នៃ​អ្នកធ្វើ​វិនិយោគ​ក៏​មាន​ការកើនឡើង​។ លើសពីនោះ​ទៅទៀត ច្បាប់​វិនិយោគ​ថ្មី​ក៏​ផ្តល់​ការលើក​ទឹកចិត្ត​សំដៅ​ទៅដល់​បច្ចេកវិទ្យា ការធ្វើ​នវានុវត្តន៍ និង​ការបង្កើន​សមត្ថភាព​ដល់​កម្មករ ពលករ ដែល​ទាំងនេះ​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​បង្កើន​សមត្ថភាព និង​បង្កើន​ផលិតភាព​ផលិតកម្ម​របស់​កម្ពុជា​យើង​នៅក្នុង​ស្រុក​។ ជាក់ស្តែង​កន្លងមក​ថ្មីៗ​នេះ យើង​ឃើញ​មាន​រោងចក្រ​ផលិត​កង់​រថយន្ត និង​រោងចក្រ​ថ្មីៗ​ទៀត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ចាប់ផ្តើម​ចូលមក​កម្ពុជា​។

លទ្ធភាព​នៃ​ការ​ស្រូប​ទាញ​ទាំងអស់​នេះ​នឹងមាន​តទៅទៀត​ ដោយសារ​យើង​មាន​ទីផ្សារ​ពាណិជ្ជកម្ម​សេរី​ដែល​អ្នកវិនិយោគ​សម្លឹង​ថា គេ​អាច​នឹង​មក​ធ្វើការ​បណ្តាក់ទុន​ និង​នាំចេញ​ទៅវិញ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំងអស់​ដែល​យើង​មាន​។ នេះ​ជា​កត្តា​មួយ​ដែល​យើង​កត់សម្គាល់ថា​យើង​នៅមាន​សក្តានុពល​ច្រើន​សម្រាប់​ការចូលរួម​នៅក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​។ ជាក់ស្តែង នៅក្នុង​តំបន់​សេដ្ឋកិច្ច​មួយចំនួន​រោងចក្រ​ដែល​ផលិត គ្រឿងបន្លាស់ គ្រឿង​បង្គុំ​រថយន្ត គ្រឿងបន្លាស់​អេឡិចត្រូនិក​ក្តី​បាន​ដំណើរការ​យ៉ាង​រលូន​។

តើ​ក្រសួង​បាន​តាក់តែង​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​មាន​អ្វីខ្លះ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ធុរជន​?

សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រឹង​ និង​ទន់ ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​នូវ​ច្បាប់​ និង​បទប្បញ្ញត្តិ​ជាច្រើន ដើម្បី​ធានា​នូវ​ទំនុកចិត្ត​របស់​អ្នកធ្វើ​វិនិយោគ​ក៏ដូចជា​ធុរជន ដោយ​យើង​មាន​ធ្វើ​ច្បាប់​ការពារ​អ្នកប្រើប្រាស់ ច្បាប់​ប្រកួត​ប្រជែង ច្បាប់​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ផ្សេងៗ​ទៀត​ជាពិសេស​ច្បាប់​កម្មសិទ្ធិបញ្ញា​ដែល​ធានា​នូវ​ទំនុកចិត្ត​របស់​ធុរជន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​យើង​អាចមាន​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​ផ្នែក​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង ស្រុក​ និង​អន្តរជាតិ​។

ទន្ទឹមនឹងនេះ​ការរៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ដូចជា​ផ្លូវថ្នល់​ល្បឿន​លឿន កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ផែរណប​ផ្សេងៗ​របស់​ផែ​ស្វយ័ត​ក្រុង ភ្នំពេញ​នានា ក៏​សុទ្ធតែ​បង្ក​នូវ​លក្ខណៈ​ងាយស្រួល​សម្រាប់​បម្រើឱ្យ​ការនាំចេញ​ និង​ការនាំចូល​ផងដែរ​។ នេះ​ជា​លទ្ធភាព​ដែល​យើង​អាចឈាន​ទៅមុខ​បាន ហើយ​ជា​កត្តា​សំខាន់​ដែល​យើង​ត្រូវ​ទទួលស្គាល់ថា​ប្រទេស​កម្ពុជា​មានលទ្ធភាព និង​មាន​កត្តា​វិជ្ជមាន​ជាច្រើន​សម្រាប់​ការចូលរួមចំណែក​ធ្វើខ្លួន​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​មួយ​នៃ​ប្រភព​ផ្គត់ផ្គង់​សកល​ដែលជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​តម្លៃ​សកល​។

សាធារណជន​តែងតែ​លើកឡើងថា ការធ្វើ​ពាណិជ្ជកម្ម​របស់​យើង​នៅតែមាន​តម្លៃ​ខ្ពស់​។ តើ​លោក​បកស្រាយ​យ៉ាងណាដែរ​?

ខ្ញុំ​តែង​ជម្រាប​ជារឿយៗ​ទៅ​បងប្អូន​ធុរជន​យើង​អំពី​ការចុះបញ្ជី​ក្តី ការស្នើសុំ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ និង ការស្នើសុំ​សេវា​ផ្សេងៗ​នាពេល​បច្ចុប្បន្ននេះ ដែល​សេវា​ទាំងអស់​នោះ​មាន​ទាំង​សេវា​ការផ្តល់​លិខិតបញ្ជាក់​ប្រភពដើម ទំនិញ ការចុះបញ្ជី​ក្រុមហ៊ុន​ និង​ការផ្តល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ម៉ាក​ជាដើម​សុទ្ធតែ​ធ្វើតាម​អន​ឡាញ​ដែល​អ្នកស្នើសុំ​អាចធ្វើ​ឡើង​ដោយ​ខ្លួនឯង​។ ខ្ញុំ​សង្កេតឃើញថា​មាន​បញ្ហា​ ២ ​នៅត្រង់​នេះ ទី​ ១​ គឺ​បងប្អូន​យើង​ស្នើសុំ​ចុះបញ្ជី ក្រុមហ៊ុន មិន​ចង់​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួនឯង លោក​តែងតែ​ពឹងពាក់​មេធាវី ក្រុមហ៊ុន​ឯកជន ឬ​អ្នក​រត់ការ​ផ្សេងៗ​ដើម្បី​រត់ការ​ជំនួស​អ៊ីចឹង​ហើយ​បាន​ជាមាន​កម្រៃ​បន្ថែម​លើសពី​តម្លៃ​ដែល រដ្ឋាភិបាល​កំណត់ ប្រសិនបើ​យើង​ចុះបញ្ជី​ដោយ​ខ្លួនឯង​គឺ​យើង​មិន​ចំណាយ​ច្រើន​នោះទេ ដោយសារ​ប្រព័ន្ធ​ចុះបញ្ជី ​CAMDX គឺជា​ថ្នាល​ចុះបញ្ជី​អេឡិចត្រូនិក​ដែល​ធុរជន​អាច​ចុះបញ្ជី​ដោយ​ខ្លួនឯង​មិន​អស់​ចំណាយ​ផ្សេងៗ​ឡើយ​៕