ភ្នំពេញៈ កម្ពុជា និង​ថៃ កំពុង​សិក្សា​នីតិវិធី​រួមគ្នា​ដើម្បី​ឈានទៅ​បើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា ដែល​ស្ថិត​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ ក្នុងន័យ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២​។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា នាបច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​ក្រសួង​កំពុង​ពិនិត្យ​នីតិវិធី​គម្រោង​សាងសង់​ច្រកព្រំដែន​អន្តរជាតិ​នេះ​ជាមួយ​ប្រទេស​ថៃ​។ លោក​បញ្ជាក់ថា​៖ «​ជាគោលការណ៍​សាងសង់​ច្រកព្រំដែន​អន្តរជាតិ​នេះ​គឺមាន​រួចរាល់​ហើយ ប៉ុន្តែ​សម្រាប់​ក្នុង​ពេលនេះ​គឺ​យើង​កំពុង​សិក្សា​នីតិវិធី​ជាមួយ​ប្រទេស​ថៃ​នៅឡើយ ព្រោះ​ការងារ​នេះ​មិន​អាច​ធ្វើ​ម្នាក់ឯង​បានទេ​ត្រូវតែ​មាន​ការឯកភាព​រវាង​ប្រទេស​ទាំង ២ ជាមុនសិន ទើប​អាច​ចាប់ផ្តើម​ការសាងសង់​បាន​»​។

លោក ជាវ តាយ អភិបាលខេត្ត​ពោធិ៍សាត់​បាន​និយាយថា គម្រោង​សាងសង់​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា​ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ ​២០២០ ប៉ុន្តែ​រហូតមកដល់​បច្ចុប្បន្ន​មិនទាន់​អាច​ដំណើរ​បាន​នៅឡើយ​ទេ ដោយសារ​ភាគី​ទាំង​ ២ ​មិនទាន់បាន​ស្រុះស្រួល​គ្នា​។

លោក​បន្ថែមថា ថ្មដា​គឺជា​ច្រកព្រំដែន​តែមួយគត់​របស់​ខេត្តពោធិ៍សាត់​ដែល​បាននិងកំពុង​បើក​ឱ្យ​ដំណើរការ​ចេញចូល​រវាង​កម្ពុជា​-​ថៃ ដោយ​ច្រក​នេះ​មាន​សភាព​តូចចង្អៀត មាន​ការដឹកជញ្ជូន​ទំនិញ និង​មនុស្ស​ចេញចូល​តិចតួច​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ថ្មដា​ក្លាយជា​ច្រក​អន្តរជាតិ​ផ្លូវ​ការ ខេត្តពោធិ៍សាត់ ក៏ដូចជា​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដ៏ច្រើន​លើសលប់ ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​កម្ពុជា​និង​ថៃ តាមផ្លូវ​ជាតិ​លេខ​ ៥៥ ថែមទាំង​ជួយ​ជំរុញ​ចលនា​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ ២​ ផងដែរ ខណៈ​បច្ចុប្បន្ន​ស្រុក​វាលវែង មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ស្អាត​ជាច្រើន ដូចជា​ភ្នំ​ ១ ៥០០ បាន​ទាក់ទាញ​ទេសចរ​យ៉ាងច្រើន​ទៅ​ទស្សនា​»​។

បើតាម​លោក​អភិបាលខេត្ត ការសាងសង់​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា​នេះ​អាច​នឹងត្រូវ​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​ក្រុមការងារ​ថ្នាក់​ខេត្ត​ប្រទេស​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​រួចរាល់​ហើយ ខណៈដែល​ក្រុមការងារ​របស់​ក្រសួង​ពាក់ព័ន្ធ​កំពុង​បន្ត​នីតិវិធី​ផ្សេងៗ​ទៀត​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា ការសម្រេច​បើក​ច្រក​ថ្មដា​ឱ្យទៅជា​ព្រំដែន​អន្តរជាតិ​ផ្លូវការ គឺជា​ដំណឹង​ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន ជាពិសេស​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ជាមួយ​ថៃ ដែល​ជំរុញ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ​បន្ថែមទៀត​។

លោក​និយាយថា​៖ «​កាលណា​មាន​ច្រកព្រំដែន​អន្តរជាតិ​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​ការដឹកជញ្ជូន​នឹង​ចំណេញ​ពេល ថវិកា ការសម្រួល​នីតិវិធី​បែបបទ​គយ​កាន់តែ​លឿន ដែល​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម កាន់តែ​មាន​ការរីកចម្រើន ព្រោះ​មិនចាំបាច់​ដឹក​វាង​ទៅកាន់​ច្រក​ធំៗ ដែល​នៅ​ឆ្ងាយ​នោះទេ​»​។

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ថ្មដា​រួមមាន​៖ អគារ​អន្តោប្រវេសន៍ អគារ​គយ និង​រដ្ឋាករ​សម្រាប់​ត្រួតពិនិត្យ​រួម ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ‌​‌ឃ្លាំង​ទីលាន​កុងតឺន័រ និង​អគារ​រដ្ឋបាល និង​សំណង់​អគារ​អន្តេវាសិកដ្ឋាន ដើម្បី​បើកឱកាស​ឱ្យបាន​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការបង្កើត​ការងារ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​៕ LA