ភ្នំពេញៈ អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​លើកឡើងថា ផែនការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​អន្តរជាតិ និង​ការដំណើរការ​ទេសចរណ៍​ពេញលេញ​ឡើងវិញ​របស់​ប្រទេស​វៀតណាម​អាច​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។

សារព័ត៌មាន​របស់​វៀតណាម VN Express បាន​ផ្សាយ​ថា រដ្ឋាភិបាល​ប្រទេស​វៀតណាម​កំពុង​ពិចារណា​លើ​ការលើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន​ ២៤ ឡើងវិញ ដើម្បី​ស្រូប​ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ និង​មាន​ផែនការ​សម្រាប់​ការ​ដំណើរការ​ទេសចរណ៍​ពេញលេញ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ផងដែរ ដើម្បី​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​របស់ខ្លួន​ឡើងវិញ​។ តាមរយៈ​ទិដ្ឋាការ​នេះ ភ្ញៀវ​ដែល​មកពី​ប្រទេសមួយ​ចំនួន​ដូចជា បេឡារុស ន័រវែស បារាំង ដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី អាល្លឺម៉ង់ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និង​ចក្រភព​អង់គ្លេស​នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ស្នាក់​នៅក្នុង​ប្រទេស​វៀតណាម​មិន​លើសពី ១៥ ​ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន យល់ឃើញថា ផែនការ​លើកលែង​ទិដ្ឋាការ និង​ការដំណើរការ​ទេសចរណ៍​ពេញលេញ​ឡើងវិញ​របស់​វៀតណាម គឺមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ខណៈ​ដែល​កម្ពុជា​ក៏បាន​សម្រេច​បើកទទួល​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួចហើយ​ដែរ​។

លោកស្រី​បន្ថែមថា នៅពេល​ដែល​ប្រទេស​វៀតណាម​ដំណើរការ​ទេសចរណ៍​របស់ខ្លួន​ពេញលេញ​ឡើងវិញ នោះ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​វៀតណាម ដែលមាន​ការហោះហើរ​​ផ្លូវ​ឆ្ងាយ ដូចជា​ពី​តំបន់​អឺរ៉ុប ឬ​អាមេរិក​ជាដើម​នឹងមាន​ការបើក​ដំណើរការ​ឡើងវិញ​ដែរ ដូចនេះ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​នេះ ច្បាស់ណាស់​នឹង​អាច​បន្ត​មក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ជាក់ស្តែង ដូចដែល​យើង​ឃើញស្រាប់​ហើយ​ថា កម្ពុជា​យើង​មិនមាន​យន្តហោះ​សម្រាប់​ហោះហើរ​ផ្លូវ​ឆ្ងាយ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប ឬ​អាមេរិក​ទេ ដូចនេះ​ប្រសិនបើ​វៀតណាម​គាត់​បើក គាត់​មាន​យន្តហោះ​ច្រើន ជាពិសេស​យន្តហោះ​ជាតិ​របស់គាត់​គឺ​សម្បូរបែប​ដែល​អាច​ដឹក​ភ្ញៀវ​ពី​គ្រប់ទិសទី​។ ភ្ញៀវ មក​វៀតណាម គឺ​ដូច​មក​ឥណ្ឌូចិន​ដែរ ដូច្នេះ​បើ​គេ​មក​វៀតណាម គឺ​អាចមក​កម្ពុជា ព្រោះ​ពី​វៀតណាម​មក​កម្ពុជា​អាច​ធ្វើ​ដំណើរ​បាន​គ្រប់​មធ្យោបាយ​ទាំង​ផ្លូវទឹក គោក និង​ផ្លូវអាកាស​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានឱ្យដឹងថា ជា​ទម្លាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជិតខាង​កម្ពុជា ដូចជា ថៃ និង​វៀតណាម គឺ​តែងតែ​បន្តដំណើរ​មកកាន់​ប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ទេសចរណ៍​កម្ពុជា​នៅក្រៅ​ប្រទេស ក៏ដូចជា​ជើងហោះហើរ​របស់​កម្ពុជា​។

លោក ស៊ីណាន បន្តថា បើ​ប្រទេស​វៀតណាម​បើកទទួល​ទេសចរ​អន្តរជាតិ​វិញ​មែន​នោះ កម្ពុជា​ពិតជា​ទទួល​បាន​ផល​ពី​ការបើក​នេះ​ផងដែរ ព្រោះ​វៀតណាម​គ្មាន​តំបន់​ទេសចរណ៍​ធម្មជាតិ ប្រវត្តិសាស្ត្រ​ច្រើន​ដូច​នៅ​កម្ពុជា​ឡើយ ដូចនេះ​ត្រូវ​ការយក​ប្រទេស​កម្ពុជា​ធ្វើជា​គោល​។

លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ ភាគច្រើន​គេ​ផ្តោត​ទេសចរណ៍​វប្បធម៌ និង​ទេសចរណ៍​នៅតាម​ទីក្រុង ដូចនេះ​គេ​ប្រើ​កម្ពុជា​ជា​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ជា​គោល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ហើយ​បើ​ប្រៀបធៀប​រវាង​ថៃ និង​វៀតណាម គឺ​វៀតណាម​លក់​កញ្ចប់​ទេសចរណ៍​កម្ពុជា​ច្រើនជាង ដោយ​វៀតណាម​មិនសូវ​មាន​ផលិតផល​ទេសចរណ៍​សម្បូរបែប​ដូច​ប្រទេស​ថៃ​នោះទេ​»​។

ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួចមក ក្តីរំពឹង​ទុក​របស់​វិស័យ​ឯកជន​ហាក់​នៅមាន​ភាពស្រពេចស្រពិល​នៅឡើយ ដោយសារ​តែ​បច្ចុប្បន្ន​ការរាតត្បាត​របស់​កូវីដ​ ១៩​ បំប្លែង​ថ្មី «​អូមីក្រុង​» បាននិង​កំពុង​រីករាលដាល​ខ្លាំង​ឡើង ដែល​ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​កំពុង​មានការ​ព្រួយបារម្ភ​៕ LA