ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​បន្ថែម​មូលនិធិ​ចំនួន ១០០ ​លាន​ដុល្លារ​ទៅ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ​(SME Bank) និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ដើម្បី​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​វិស័យ​សហគ្រាស ធុន​តូច និង​មធ្យម​កម្ពុជា វិស័យ​កសិកម្ម និង​វិស័យ​កសិឧស្សាហកម្ម​។

ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការបន្ថែម​មូលនិធិ​សម្រាប់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កាលពី​ថ្ងៃទី ​១៤ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កញ្ចប់​មូលនិធិ ១០០ ​លាន​ដុល្លារ​នេះ គឺ​សម្រាប់​ការគាំទ្រ​ដល់ ការស្តារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​បន្តថា កញ្ចប់​ថវិកា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១ និង​ឆ្នាំ​ ២០២៣ ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត និង​ដាក់ឱ្យអនុវត្ត​នាពេល​ថ្មីៗ​កន្លងទៅនេះ​។

លោក​បន្តថា នៅក្នុង​រយៈពេល​ ២ ​ឆ្នាំកន្លងមក​នេះ​ដូច​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​ដែរ ប្រទេស​កម្ពុជា​បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ដែល​បានធ្វើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សុខភាព​សាធារណៈ​មាន​ភាពយឺតយ៉ាវ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២០ កន្លងទៅ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា ​-៣,១ ​ភាគរយ ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​វិស័យ​សំខាន់ៗ​ដូចជា​ទេសចរណ៍ សំណង់ អចលនទ្រព្យ ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សាបាន​កំណើន​វិជ្ជមាន​។

បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន ទន្ទឹមគ្នានេះ​សហគ្រាស​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​សេវាកម្ម​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ផងដែរ​។ យ៉ាងណាមិញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ត្រូវបាន​ប៉ាន់​ស្មានថា ងើប​ឡើងវិញ​បន្តិច ពោល​គឺអាច​សម្រេចបាន​ក្នុង​រង្វង់ ៣ ​ភាគរយ ដោយសារ​ការបើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ចសង្គម​ទាំងស្រុង​ឡើងវិញ​ចាប់ពី​ត្រីមាស​ទី​ ៤ នា​ឆ្នាំ ​២០២១ ភាពប្រសើរឡើង​សេដ្ឋកិច្ច​សកល ព្រមទាំង​កិច្ចអន្តរាគមន៍​នានា​របស់​រដ្ឋាភិបាល​។

ទោះបី​យ៉ាងណា ការងើប​ឡើងវិញ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុងប្រទេស​តាមរយៈ​ការឆ្លង​វីរុស​បំប្លែង​ថ្មី​ «​អូមីក្រុង​» បាន​បង្ក​ជា​បញ្ហា​ប្រឈម​មួយ​ដែល​អាច​នឹង​បន្ទុច​បង្អាក់​ការ​ងើប​ឡើងវិញ​នូវ​សកម្មភាព​ពាណិជ្ជកម្ម ធុរកិច្ច និង​បង្កឱ្យមាន​ការភ័យខ្លាច​ដល់​សាធារណជន​ផងដែរ​។

លោក​បន្តថា ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​ ២០២១-២០២៣ មាន​គោល​បំណង​ស្តារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងពេល​ចំពោះមុខ និង​ក្នុង​រយៈមធ្យម​ឱ្យ​ត្រឡប់​ទៅ​គន្លង​នៃ​កំណើន​ជា​សក្តានុពល​នឹង​ពង្រឹង​ភាពធន់​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​ក្នុង​រយៈពេល​វែង​។ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​នៅក្នុង​វិស័យ​ជាច្រើន​។

លោក​ថ្លែងថា​៖ «​សម្រាប់​ថ្ងៃនេះ​ថវិកា ១០០ ​លាន​ដុល្លារ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​វិស័យ​ ២ ​ដ៏សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ​ទាំង​ក្នុង​ការបង្កើត​ការងារ ក៏ដូចជា​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។

បើតាម លោក អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការលើកស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម ពិសេស​សហគ្រាស​ដែល​ស្ថិតនៅក្នុង​វិស័យ​សំខាន់ៗ​ដូចជា​កសិកម្ម កសិឧស្សាហកម្ម កែច្នៃ​ម្ហូបអាហារ កម្មន្តសាល គ្រឿង​បង្គុំ និង​ទេសចរណ៍ ជាដើម​ជា​អាទិភាព​គោលនយោបាយ​ដ៏​សំខាន់​។ ជាការ​ពិត​សហគ្រា​ធុន​តូច និង​មធ្យម មិន​ត្រឹមតែ​ចូលរួម​ដល់​ការគាំទ្រ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ការបង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើត​ភាព​ធុន​របស់​សេដ្ឋកិច្ចជាតិ​ទៅនឹង​វិបត្តិ​នានា​ផងដែរ​។ ជាក់ស្តែង​សហគ្រាស​ធុន​តូច និង​មធ្យម មាន​ប្រមាណ​ ៩៨ ​ភាគរយ​នៃ​អាជីវកម្ម​ទាំងអស់​នៅ​កម្ពុជា​នឹង​បាន​ចូលរួមចំណែក​ផលិតផល​សរុប​ប្រមាណ ៥៨ ​ភាគរយ ព្រមទាំង​ផ្តល់​ការងារ ៧៣ ​ភាគរយ​នៃ​ចំនួន​ពលកម្ម​សរុប​នៅ​កម្ពុជា​។

លោក​បន្ថែមទៀតថា ដើម្បី​បន្ត​ជួយ​គាំទ្រ​ដល់​ឥណទាន​ក្នុង​អត្រា​ការប្រាក់​សម្បទាន​ទៅ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ដល់​វិស័យ​កសិកម្ម រដ្ឋាភិបាល​បានសម្រេច​បន្ថែម ៥០ ​លាន​ដុល្លារ​ដល់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម សម្រាប់​បន្ត​គម្រោង​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​ដំណាក់កាល​ទី​ ២​។ ដោយឡែក​ថវិកា ៥០ ​លាន​ដុល្លារ​ផ្សេងទៀត​ក៏ត្រូវ​បាន​ផ្តល់ជូន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​សម្រាប់​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​ដែល​ក្នុងនោះ​ថវិកា ១០ ​លាន​ដុល្លារ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​វិស័យ​ស្រូវ​អង្ករ និង ៤០ ​លាន​ដុល្លារ​ទៀត​នឹង​ប្រើប្រាស់​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ផ្ទាល់ ៥០ ​ភាគរយ និង​កម្មវិធី​ហិរញ្ញប្បទាន​ចែករំលែក​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ៥០ ​ភាគរយ​សំដៅ​ដល់​ការគាំទ្រ​អនុវត្ត​វិស័យ​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការច្នៃ​កសិកម្ម​ជាដើម​។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​គ្រប់​វិស័យ​ជាមួយ​គ្នា​នេះ​វិស័យ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង ដូច្នេះ​បានជា​រាជរដ្ឋាភិបាល​គិតគូរ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័ស​ហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​អាច​ដំណើរការ និង​បន្ត​អាជីវកម្ម​របស់ខ្លួន​បាន​។

លោក​បន្តថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​បង្កើត​សហហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងដំណាក់កាល​ទី​ ១ ដែលមាន​ទឹកប្រាក់​ចំនួន ១០០ ​លានដុល្លារ​ដោយ​ក្នុងនោះ ៥០ ​លាន​ដុល្លារ​ជា​ថវិកា​របស់​រដ្ឋ និង ៥០​ លាន​ដុល្លារ​ទៀត​ពី​វិស័យ​ឯកជន​។ ជំហាន​ទី ១ សហគ្រាស​ដែល​មក​ទទួល​សហហិរញ្ញាប្បទាន​នេះ​មាន​ចំនួន ៧៥៣ ​សហគ្រាស និង​គ្រឹះស្ថាន​ហិរញ្ញ​វត្ត ៣៣​។

បន្ទាប់ពី​ការដាក់ចេញ​គម្រោង​ទី ១ មាន​ការចាប់អារម្មណ៍​ច្រើន ទំហំ​ទឹកប្រាក់​ចំនួន​ ១០០​ លាន​ដុល្លារ​ដែល​បានដាក់​ចេញ​នេះ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​វិស័យ SMEs ហើយ​ជំងឺ​កូវីដ ក៏បាន​បន្ត​ដល់​ឆ្នាំ​ ២០២១​។ ជាមួយគ្នានេះ​ធនាគារ SME ក៏បាន​បញ្ចេញ​ថវិកា ២០ ​លាន និង​ឯកជន ២០​ លាន​ដុល្លារ​ទៀត​។ ដូច្នេះ​សរុប ៧០​ លាន​ដុល្លារ​ពី​ខាង​រដ្ឋ និង ៧០ ​លាន​ដុល្លារ​ពី​វិស័យ​ឯកជន សរុប​ចំនួន ១៤០ ​លាន​ដុល្លារ​។

លោក​បន្តទៀតថា ជាមួយ​គ្នានេះ​រាជរដ្ឋាភិបាល​ក៏​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​លើ​គម្រោង​ទី​ ២ ​សហហិរញ្ញប្បទាន​ដែលមាន ៥០ លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល និង​ ៥០ ​លាន​ដុល្លារ​ពី​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​គម្រោង​ទី​ ១ ប្រាក់​អស់​លឿន​។ ឥឡូវ​យើង​ដាក់​ថែម ១០០​ លាន​ដុល្លារ​ទៀត​ពី​ខាង​រដ្ឋ និង ៥០ ​លាន​ដុល្លារ​វិស័យ​ឯកជន​។ សរុប​ទាំងអស់ ២៤០ ​លាន​ដុល្លារ​ក្នុងការ​លើកស្ទួយ​វិស័យ SMEs»​។

លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បាន​និយាយថា គោលដៅ​ក្នុងការ​ប្រើប្រាស់​កញ្ចប់​ថវិកា​ចំនួន ៥០​ លាន​ដុល្លារ​បន្ថែម​នេះ​នឹង​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម​ដែលមាន​ដូចជា​ការដាំដុះ វារីវប្បកម្ម និង​ការកែច្នៃ ផលិតកម្ម ការកែច្នៃ​កសិកម្ម និង​វិស័យ​ស្រូវ​អង្ករ​៕ LA