ព្រះសីហនុៈ ក្រុងព្រះសីហនុ​ត្រូវបាន​រំពឹងថា នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ចំនួន​ច្រើន​នៅពេល​ពិភពលោក​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ បាន ខណៈ​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត​កំពុង​រៀបចំ​កិច្ចការ​ជាច្រើន​។ នេះ​បើ​យោងតាម លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​។

បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​កំពុង​រៀបចំសេចក្តី​ព្រាង​ចុងក្រោយ​ស្តីពី​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ២០២១-២០២៥ ជាមួយ​ក្តី​រំពឹងថា នឹង​ក្លាយ​ទៅជា​កម្លាំងចលករ ឬ​មេដែក​ដ៏ខ្លាំង​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ-​អន្តរជាតិ​ឱ្យទៅ​កម្សាន្ត​នៅ​ទីនោះ​នាពេល​ដ៏ខ្លី​ខាងមុខ​។

អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ចុង​សប្តាហ៍​មុន​ថា ក្រុមការងារ​ពាក់ព័ន្ធ និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល ៥ ​ឆ្នាំ អាច​សម្រេចបាន​ដូច​ការគ្រោងទុក​។

លោក​ប្រាប់ទៀតថា សកម្មភាព​ការងារ​សំខាន់ៗ​ដែល​អាជ្ញាធរខេត្ត​កំពុង​ធ្វើ​មាន​ដូចជា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​អ្នកពាក់ព័ន្ធ​, ការបណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​បណ្តុះបណ្តាល​បន្ត​, ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​តាមរយៈ​គេហទំព័រ និង​បណ្តាញ​សង្គម ទស្សនាវដ្តី​, និង​ការបង្កើត Application (Sihanouk Ville Tourism App)​។

បន្ថែម​ពីលើ​នេះ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏​កំពុង​រៀបចំ​តំបន់​អេកូទេសចរណ៍​ចំនួន ២ ​កន្លែង​ថែមទៀត​នៅ​តំបន់​រាម សម្រាប់​បង្កើន​ភាពទាក់ទាញ​ដល់​ការធ្វើ​ធុរកិច្ច និង​សម្រាកលម្ហែ​, ការចុះទៅ​ពិនិត្យ ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​, ការចុះទៅ​ពិនិត្យ​នូវ​ការអនុវត្ត​ច្បាប់​ស្តង់ដា​ទេសចរណ៍ នីតិវិធី​ស្តង់ដា​អប្បបរមា​ (SOP) នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដើម្បី​ជំរុញ​យុទ្ធនាការ​ទីក្រុង​ស្អាត​ផងដែរ​។ នេះ​បើតាម​លោក ឌីម៉ង់​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បីឱ្យ​យន្តការ​គ្រប់គ្រង​កាន់​តែមាន​ប្រសិទ្ធភាព មន្ទីរ​ទេសចរណ៍-​ខេត្ត​ដែលជា​សេនាធិការ​របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​បាន​បង្កើត​ឱ្យ​មាន​សមាគម​ទេសចរណ៍​ចំនួន​ ៣ ដើម្បី​បង្កើន​ភាពងាយស្រួល​ក្នុង​ការធ្វើ​កិច្ចការ​ជាមួយ​ផ្នែក​សារធារណៈ មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ផងដែរ​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​និយាយថា ខេត្ត​ព្រះសីហនុ​មិន​ត្រឹមតែ​ជា​ទីក្រុង​សេដ្ឋកិច្ច និង​កំពង់ផែ​សមុទ្រ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ទីតាំង​មាន​សក្តានុពល​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ​។ តាមរយៈ​សកម្មភាព​នៃ​ការអភិវឌ្ឍ​ធំៗ​ដែលមាន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សំណង់​អគារ​ធំៗ និង​កំពង់ផែ​សមុទ្រ​នោះ ទីនោះ​ប្រាកដជា​នឹង​ទទួលបាន​ការ​មក​កម្សាន្ត និង​វិនិយោគ​កាន់តែច្រើន​នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​។

ទោះយ៉ាងណា លោក​និយាយថា ក្នុង​ពេលនេះ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ គឺ​មាន​តែ​អ្នក​នៅក្នុង​ស្រុក​ប៉ុណ្ណោះ ខណៈ​ភ្ញៀវ​មកពី​ក្រៅប្រទេស គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នៅពេល​ពិភពលោក​អាច​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩ បាន ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​គំរូ ​(Icon) មួយ​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន​ទីនោះ​បាន​កំពុង​មានការ​អភិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់​»​។

យោងតាម​លោក ឡុង ឌីម៉​ង់ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ​២ ​ប៉ុណ្ណោះ​ដែល​ហោះហើរ​ពី​បរទេស​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន​ឡានម៉ី និង​អង្គរអ៊ែរ ដោយមាន​ជើងហោះហើរ​ទាំង​ជើងហោះហើរ Charter flight គឺ​ចន្លោះ​ពី ៤-៥ ​ជើង​ក្នុង ១ ​សប្តាហ៍​។

ទិន្នន័យ​ក្រសួងទេសចរណ៍​បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ១៩៦ ៤៩៥ ​នាក់ ធ្លាក់ចុះ ៨៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA