ភ្នំពេញៈ ទោះបី​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ក៏​តម្លៃ និង​ការវិនិយោគ​ទៅលើ​ការចិញ្ចឹម​សត្វ​ត្រចៀកកាំ​ហាក់​មិន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ទេ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក ណាង សុធី ប្រធាន​សហព័ន្ធ​សម្បុក​ត្រចៀកកាំ​កម្ពុជា​។

លោក ណាង សុធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ថា ការវិនិយោគ​លើផ្ទះ​អភិរក្ស​ត្រចៀកកាំ​នៅ​កម្ពុជា​ក្នុង​រយៈពេល ២-៣​ ឆ្នាំ​ចុង​ក្រោយនេះ​មិនមាន​សញ្ញា​វិជ្ជមាន​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ បើទោះបី​ទីផ្សារ​ទទួល​ទិញ​មាន​ច្រើនជាង​មុន​ក៏ដោយ​។ បញ្ហា​ទាំងនេះ​វា​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា កង្វះ​ទុន​វិនិយោគ​, ការចិញ្ចឹម​ធ្វើឡើង​តាម​គ្នា​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ជាដើម​។ លោក​បន្តថា មួយវិញទៀត ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​ក៏​មិនទាន់មាន​ការនាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់​ផងដែរ​។ បច្ចុប្បន្ន​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​សម្អាត​រួច​មាន​តម្លៃ​ចន្លោះ​ពី ១ ៥០០ ទៅដល់ ៣ ៥០០ ​ដុល្លារ ក្នុង​ ១ ​គីឡូក្រាម និង​មិនទាន់​សម្អាត មាន​តម្លៃ​ចន្លោះ​ពី ៤៨០ ​ទៅដល់ ៧៥០ ​ដុល្លារ​។

លោក​និយាយថា​៖ «​ក្រៅពី​បំពេញតម្រូវការ​នៅក្នុង​ស្រុក ផលិតផល​ទឹកមាត់​ត្រចៀកកាំ​កម្ពុជា​នៅ​មិនទាន់​អាច​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន​បានឡើយ ដោយ​យើង​តែងតែ​នាំចេញ​តាម​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ថៃ ជាដើម​»​។

បើតាម​លោក ណាង សុធី នៅ​កម្ពុជា​បច្ចុប្បន្ន​មានផ្ទះ​អភិរក្ស​ត្រចៀកកាំ​ប្រមាណ ៣ ០០០ ​ខ្នង​។ ចំនួន​នេះ​គឺមាន​កម្រិត​ទាប​ខ្លាំងណាស់​បើ​ធៀប​នឹង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ ដែល​ប្រទេស​ទាំងអស់នោះ​អាច​មានផ្ទះ​អភិរក្សត្រ​​ចៀក​កាំ​រហូត​ដល់ ១០ ​ម៉ឺន​ខ្នង​ផង​ក៏មាន​។

លោក លឹម វឌ្ឍនៈ ម្ចាស់ផ្ទះ​ត្រចៀកកាំ​ «​ខ្មែរ​ធម្មជាតិ សម្បុក​ទឹកមាត់​ត្រចៀកកាំ​» ដែល​មានផ្ទះ​ត្រចៀកកាំ​ចំនួន ២ ​កន្លែង​នៅ​ស្រែអំបិល និង​វាលរេញ​បាន​និយាយថា ចាប់តាំងពី​វត្តមាន​របស់​ជំងឺ​កូវីដ​ ១៩ មក​ទីផ្សារ​ទឹកមាត់​ត្រចៀកកាំ​នៅ​កម្ពុជា​ហាក់​មិនមាន​ភាពល្អប្រសើរ​ទេ ដោយ​តម្លៃ និង​តម្រូវការ​បាន​ធ្លាក់ចុះ​ខ្លះៗ​។ ការធ្លាក់​នេះ​អាច​បណ្តាលមកពី​ការនាំ​ចេញទៅ​ក្រៅប្រទេស​ជួប​ការពិបាក​ជាង​មុន​ដោយសារ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ខណៈ​តម្រូវការ និង​តម្លៃ​សម្រាប់​ទីផ្សារ​ក្នុងស្រុក គឺ​មិនមាន​បញ្ហា​នោះទេ​។

លោក​និយាយថា​៖ «​បច្ចុប្បន្ន​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​របស់ខ្ញុំ​ដែល​សម្អាត​ស្អាត​ដាក់លក់​ក្នុងតម្លៃ ១ ៨០០​ ដុល្លារ​ក្នុង​ ១​ គីឡូក្រាម និង​ផលិតផល​មិនទាន់​សម្អាត​មានតម្លៃ ៧០០​ ដុល្លារ​។ តម្លៃ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ ប៉ុន្តែ​បើ​ធៀប​នឹង ២-៣ ​ឆ្នាំមុន គឺ​ធ្លាក់ចុះ​បន្តិចបន្តួច​»​។

ជាមួយ​នឹង​បទពិសោធ​ក្នុង​មុខរបរ​នេះ​រយៈពេល ៧-៨ ​ឆ្នាំ លោក វឌ្ឍនៈ បាន​លើកឡើងថា ការចិញ្ចឹម​ត្រចៀកកាំ​នឹងមាន​សម្ទុះ​ខ្លាំង​បើ​កម្ពុជា​អាចធ្វើ​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​ប្រជាជន​ច្រើនជាងគេ និង​និយម​ទទួលទាន​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ​ច្រើន​ផងដែរ​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កន្លងមក​បានឱ្យដឹង​ថា ប្រទេស​កម្ពុជា​បានដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ស្នើសុំ​នាំចេញ​ផលិតផល​កសិកម្ម​ដូច ផ្លែ​មៀន​ប៉ៃលិន ម្រេច ទុរេន ក្រូចថ្លុង និង​ទឹកមាត់​ត្រចៀកកាំ ជាដើម​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ងិន ឆាយ ធ្លាប់បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រុមការងារ​របស់​ក្រសួង​កសិកម្ម​កំពុងតែ​ធ្វើការ​ជាមួយ​ផ្នែក​ឯកជន និង​អាជ្ញាធរ​ប្រទេស​ចិន ដើម្បី​នាំចេញ​ផលិតផល​ពី​ទឹកមាត់​ត្រចៀកកាំ​ទៅ​ប្រទេស​ចិន​។ ទោះយ៉ាងណា​ផែនការ​នេះ​មាន​ឧបសគ្គ​ធំៗ​ចំនួន ​២ គឺ​ការចរចា​ជាមួយ​ភាគី​ចិន និង​បញ្ហា​ក្នុងស្រុក​។ លោក​បន្តថា បញ្ហា​ខាងក្រៅ គឺ​ភាគី​ចិន​បាន​កំណត់​គោលការណ៍​ក្នុង​ការចរចា​ ១​ ដង ១​ មុខទំនិញ ចំណែក​បញ្ហា​ខាងក្នុង​គឺ​សមត្ថភាព​កែច្នៃ​ដែល​នៅ​មិនទាន់​ស្របតាម​ស្តង់ដា​ដែល​ប្រទេស​ចិន​ចង់បាន​។

លោក​និយាយថា​៖ «​តាម​ការស្រាវជ្រាវ គឺ​កម្ពុជា​នៅ​មិនទាន់​មាន​ការរៀបចំ​រោងចក្រ​កែច្នៃ​ណាមួយ​ដែលមាន​កម្រិត ISO នៅឡើយ​ទេ​»៕ LA