ភ្នំពេញៈ វិស័យ​ឯកជន​ផ្នែក​ដឹកជញ្ជូន និង​អ្នកសេដ្ឋកិច្ច ចង់ឃើញ​មានការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​បន្ថែមទៀត​ចំពោះ​ការកើនឡើង​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ ដើម្បី​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ និង​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ​ថា ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នា​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​បាន​ធ្វើឱ្យមាន​ផលប៉ះពាល់​មួយចំនួន​ដល់​ផ្នែក​ដឹកជញ្ជូន ពិសេស​ការធ្លាក់ចុះ​ប្រាក់ចំណេញ​។ លោក​បន្តថា បើ​រដ្ឋាភិបាល​អាចជួយ​អន្តរាគមន៍​បន្ថែម​លើ​តម្លៃ​ប្រេងឥន្ធនៈ​នោះ គឺជា​ការល្អ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព និង​កម្រិត​ប្រាក់ចំណូល​របស់​គ្រួសារ​នីមួយៗ​។

លោក​និយាយថា​៖ «​បើសិន​រដ្ឋ​អាចមាន​លទ្ធភាព​ជួយ​ដូច​ប្រទេស​ថៃ​ដែល​រដ្ឋាភិបាល​គេ​ទម្លាក់​ថវិកា​មួយចំនួន​ដើម្បី​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស​នោះ គឺជា​ការល្អ​មែនទែន ដោយ​មិនមែន​សម្រាប់តែ​ផ្នែក​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ វិស័យ​ផ្សេងៗ​ទៀត និង​ប្រជាពលរដ្ឋ​ទូទៅ​ក៏​នឹង​ទទួលបាន​ប្រយោជន៍​ពី​ការជួយ​នេះដែរ​»​។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​នាពេល​ថ្មីៗ​នេះ​បានឱ្យ​ដឹងថា ក្រសួង​ហិរញ្ញវត្ថុ​ថៃ​កំពុង​ពិចារណា​ប្រើប្រាស់​មូលនិធិ​ដែល​នៅ​សេសសល់​ពី​កញ្ចប់​ប្រាក់កម្ចី​ ១៥ ពាន់​លាន​ដុល្លារ​ក្នុងការ​ខ្ចីប្រាក់​ក្រោម​ច្បាប់​ថវិកា​កម្ចី​បន្ទាន់​ទី​ ២ របស់​រដ្ឋ ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការ​កើន​តម្លៃ​ប្រេង ចំពោះ​ការចំណាយ​រស់នៅ​របស់​ប្រជាជន​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់ថា ជា​ទ្រឹស្តី​ក៏ដូចជា​ការអនុវត្ត​គឺ​រដ្ឋាភិបាល​អាច​ជ្រោមជ្រែង​លើ​បញ្ហា​ទីផ្សារ​បាន ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ថវិការដ្ឋ​ដែរ ដូចនេះ​បើ​រដ្ឋ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទប់ទល់​នឹង​ថ្លៃ​ប្រេង​នោះ​រដ្ឋាភិបាល​អាច​បញ្ចេញ​ថវិកា​ដើម្បី​ធ្វើ​។ លោក​បន្តទៀតថា ប៉ុន្តែ​ក៏មាន​វិធី​មួយទៀត គឺ​រដ្ឋាភិបាល​អាច​បន្ធូរបន្ថយ​ពន្ធ​នាំចូល​ប្រេង ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ប្រេង​ក្នុងតម្លៃ​ទាប ឬ​រដ្ឋាភិបាល​អាច​កំណត់​ឡើងវិញ​នូវ​ថ្លៃ​ប្រេង ដើម្បី​កុំឱ្យ​ខ្ពស់​ពេក ដែល​អាច​នឹង​ធ្វើឱ្យ​តម្លៃ​ប្រេង​ចុះ​វិញ​បានដែរ​។

លោក​ថ្លែងថា​៖ «​បើសិន​ការនាំ​ចូល​ប្រេង​ត្រូវបាន​រដ្ឋាភិបាល​បន្ធូរបន្ថយ​ពន្ធ​នោះ វា​គឺជា​ឱកាស​ធ្វើឱ្យ​ក្រុមហ៊ុន​ឯកជន​នាំចូល​ប្រេង​ច្រើន ដែល​នឹង​នាំឱ្យ​ខាតបង់​ចំណូល​ជាតិ​។ ម្យ៉ាងវិញទៀត ថ្វី​ដ្បិត​ការអនុវត្ត​បែបនេះ​ធ្វើឱ្យ​ពលរដ្ឋ​ទិញ​ប្រេង​បាន​ក្នុងតម្លៃ​ទាប តែ​រដ្ឋ​ត្រូវ​បញ្ចេញ​កញ្ចប់​ថវិកា​មួយចំនួនធំ​ទៅឱ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​បរិមាណ​ដែល​បាន​នាំចូល មិនមែន​គិត​តាម​បរិមាណ​ប្រើប្រាស់​ទេ ដូចនេះ​នឹងធ្វើ​ឱ្យមាន​ការបាត់បង់​នូវ​គម្លាត​រវាង​ការលក់ដុំ និង​លក់រាយ​»​។

លោក​បាន​បន្តថា ថវិការដ្ឋ​នៅមាន​កម្រិត​នៅឡើយ ដោយសារ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​នេះ​ដើម្បី​ទប់ស្កាត់​វិបត្តិ​កូវីដ​ ១៩ ដែល​មិនមាន​ភាព​ប្រាកដប្រជា​។ ហេតុដូចនេះ ការត្រៀម​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ប្រហែល​ជាមាន​សារៈសំខាន់​ជាង​ការប្រើប្រាស់​ទៅលើ​ការបន្ធូរបន្ថយ​ថ្លៃ​ប្រេងឥន្ធនៈ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា​៖ «​ថវិកា​អាទិភាព គឺ​សម្រាប់​ជួយ​ដល់​អ្ន​ក្រីក្រ ដែល​កន្លងមក​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​»​។ យ៉ាងណាមិញ​លោក​មិនបាន​បញ្ជាក់ថា ថវិកា​នោះបាន​ជួយ​ទៅលើ​ផលប៉ះពាល់​នៃ​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ឬ​យ៉ាងណាទេ​។

រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ចំនួន​ ១០ ​ជុំ​រួចមកហើយ​ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញ​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​បាន​កើនឡើង​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​២ ០២២ ប្រេងសាំង​ធម្មតា មានតម្លៃ ៤ ៥០០ ​រៀល​ក្នុង​ ១​ លីត្រ និង​ប្រេងម៉ាស៊ូត តម្លៃ ៤ ២៥០ ​រៀល​។ ក្រសួងពាណិជ្ជកម្ម​ធ្លាប់​លើកឡើងថា តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ ដោយសារ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​៕ LA

វីដេអូ៖