ភ្នំពេញៈ ភាគី​ពាក់ព័ន្ធ​ជំរុញ​ឱ្យមាន​ការ​ប្រែក្លាយ និង​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យទៅជា​វិស័យ​មួយ​ដែលមាន​ថាមពល និង​ការលូតលាស់​ខ្ពស់ ដើម្បី​ជួយ​ពន្លឿន​ការ​ស្តារឡើងវិញ ការកាត់បន្ថយ​ភាពក្រីក្រ និង​ការលូតលាស់​ប្រកប​ដោយ​បរិយាប័ន្ន​ព្រមទាំង​រួមចំណែក​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​សន្តិសុខ​ស្បៀង​។

នៅក្នុង​កិច្ចប្រជុំ​ស្តីពី​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព​កាលពី​ថ្ងៃទី ​១០ ខែកុម្ភៈ លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​(SNEC) និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​-​កម្ពុជា​ (CACC) បាន​លើកឡើងថា ការធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម​កម្ពុជា គឺជា​របៀបវារៈ​​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ការផ្លាស់ប្តូរ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម ត្រូវតែ​សម្រេចបាន​តាមរយៈ​ការផ្លាស់ប្តូរ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​កសិកម្ម ប្រកបដោយ​ការទទួល​ខុសត្រូវ វិជ្ជាជីវៈ និង​បរិយាប័ន្ន​»​។

បើតាម​លោក ម៉ី កល្យាណ ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​កសិកម្ម​ក្នុងការ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ដែលមាន​តម្លៃ​ខ្ពស់ ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​ស្បៀង​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​នេះ គឺ​ពិតជា​ត្រឹមត្រូវ​។

លោក​និយាយថា​៖ «​កសិករ និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កសិពាណិជ្ជកម្ម​របស់​យើង​កំពុង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ត្រៀម​ដាក់​សេដ្ឋកិច្ច​របស់​យើង​ជា​កម្លាំង​ពាក់ព័ន្ធ​សម្រាប់​ផលិតកម្ម និង​ពាណិជ្ជកម្ម ស្បៀងអាហារ​ប្រកបដោយ​និរន្តរភាព​ទាំង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ពិភពលោក​»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បាន​និយាយថា ចក្ខុវិស័យ​របស់​កម្ពុជា គឺ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែលមាន​សន្តិសុខ​ស្បៀង មាន​ភាពធន់​​ជាមួយនឹង​កសិករ​ដែល​រីកចម្រើន និង​កសិពាណិជ្ជកម្ម​ដែលមាន​ដៃគូ​ជាមួយ​រដ្ឋាភិបាល​។

លោក​បន្ថែមថា​៖ «​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​តម្រូវឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិជលផល ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​បន្ត​ផ្តល់​អំណាច​ដល់​សហគ្រិន​កសិកម្ម និង​វិស័យ​ឯកជន​ក្នុង​ការបង្កើន​ផលិតភាព និង​ផលចំណេញ​កសិកម្ម ដោយ​គិតគូរ​ពី​និរន្តរភាព ភាពធន់ និង​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​»​។

លោក សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amru Rice និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា គំរូ​នៃ​ការផ្លាស់ប្ដូ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការឆ្លើយតប​នឹង​ឱកាស​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​ដែល​កំពុង​រីកចម្រើន​។ ទន្ទឹមនឹងនេះ​វា​ក៏​ជួយ​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល​របស់​កសិករ និង​ធានា​នូវ​តម្រូវការ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ថ្មីៗ​នៃ​ការប្រែប្រួល​អាកាសធាតុ​។

លោក​បន្តថា ភាគី​ពាក់ព័ន្ធ​នៅក្នុង​កិច្ច​ប្រជុំបាន​គាំទ្រ​ឱ្យមាន​គម្រោង​កាន់តែ​ច្រើន​ទៀត ដើម្បី​ជួយ​លើកកម្ពស់​ផលិតភាព​កសិកម្ម ភាព​ធន់ និង​លទ្ធភាព​ទទួល​ចូលទៅ​កាន់​ទីផ្សារ​របស់​កសិករ​នៅក្នុង​ដែន​បុព្វបុរស​ដែល​បាន​ជ្រើសរើស​ក្នុង​សហគមន៍​ភូមិភាគ​កណ្តាល និង​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​ដែលជា​បណ្តុំ​នៃ​កសិករ​ខ្នាតតូច​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​គឺ​យើង​ចង់ឃើញ​ការយកចិត្ត​ទុកដាក់​ទៅលើ​បរិយាប័ន្ន និរន្តរភាព និង​ការអនុវត្ត​ពាណិជ្ជកម្ម​ប្រកបដោយ​ក្រមសីលធម៌​នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ទាំងមូល និង​លើកកម្ពស់​គ្រាប់ពូជ​ដែល​ធន់​នឹង​អាកាសធាតុ ការការពារ​បរិស្ថាន និង​ការថែរក្សា​ជីជាតិ​ដី​តាមរយៈ​មធ្យោបាយ​ធម្មជាតិ​»​។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ Oxfam បាន​លើកឡើង​ថា កសិកម្ម​ប្រកបដោយ​និរន្តរភាព បច្ចេកវិទ្យា​កសិកម្ម កសិកម្ម​វៃឆ្លាត និង​ហិរញ្ញប្បទាន​បៃតង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​ក្នុងប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ស្ត្រី​ដែល​កំពុងធ្វើការ​ក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​កសិកម្ម​។

លោកស្រី​ថ្លែងថា​៖ «​អង្គការ Oxfam ស្វាគមន៍​កិច្ចសហការ​ពី​វិស័យ​ឯកជន និង​រដ្ឋ ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ពី​កសិកម្ម​ប្រកបដោយ​និរន្តរភាព​»​។

កសិករ​ខ្នាតតូច​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​បាន​លើកឡើងថា នៅមាន​តម្រូវការ​សម្រាប់​សហគមន៍​កសិកម្ម ដែល​រដ្ឋាភិបាល​គួរ​កែលម្អ​ដើម្បីឱ្យ​កសិករ​ខ្នាតតូច​អាច​ទទួលបាន​នូវ​ធាតុ​ចូល​កាន់តែ​ប្រសើរ ហិរញ្ញប្បទាន​សមរម្យ​សម្រាប់​ការវិនិយោគ និង​ទីផ្សារ​សម្រាប់​ផលិតផល​។

យន្ត​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​ភាពបត់បែន និង​តម្លៃ​សមរម្យ​គឺ​ពិតជា​ចាំបាច់​សម្រាប់​ការផ្តល់​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍ ធនាគារ​/​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​របស់​រដ្ឋ ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​សហគមន៍​កសិកម្ម និង​ពាណិជ្ជកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល អាច​ទិញ​នូវ​អ្វីដែល​កសិករ​បាន​ផលិត គឺជា​អត្ថប្រយោជន៍​ណាស់ ព្រោះ​វា​អាច​ផ្តល់ឱ្យ​កសិករ​នូវ​ជម្រើស​កាន់តែ​ប្រសើរ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​នៅ​ខាងដើម​នៃ​ខ្សែចង្វាក់​តម្លៃ (​ផ្នែក​ធាតុ​ចូល និង​សេវាកម្ម​កសិកម្ម​) និង​ខាងចុង​នៃ​ខ្សែចង្វាក់​តម្លៃ (​ផ្នែក​កែច្នៃ និង​ទីផ្សារ​)​។ ដំណើរការ​នេះ​អាចជួយ​កសិករ​ភ្ជាប់​ទៅ​ទីផ្សារ និង​ឱកាស​ពាណិជ្ជកម្ម​នានា​៕ LA