បាត់ដំបងៈ ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​ជ្រើសរើស​ «​ដូងខ្ទិះ​បាត់ដំបង​» ​ដើម្បី​ចុះបញ្ជី​ម៉ាក​សមូហភាព​នាពេល​ខាងមុខ ខណៈ​ការចុះបញ្ជី​នេះ​នឹង​ជួយ​ធានា​និរន្តរភាព ក៏ដូចជា​រក្សាបាន​នូវ​អត្ថប្រយោជន៍​ដល់​ប្រជាកសិករ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​រួមចំណែក​ផ្សព្វផ្សាយ​ពី​ទំនៀមទម្លាប់​វប្បធម៌ និង​ប្រពៃណី​ក្នុង​តំបន់​ទៅកាន់​ឆាក​អន្តរជាតិ​។

ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការកសាង​កេរ្តិ៍ឈ្មោះ​ម៉ាក​សមូហភាព​ «​ដូងខ្ទិះ​បាត់ដំបង​» ​នៅ​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ៧ កុម្ភៈ ឆ្នាំ​ ២០២២ លោក សួន វិជ្ជា ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​បាន​លើកឡើងថា ការជ្រើសរើស​យក​ «​ដូងខ្ទិះ​បាត់ដំបង​» គឺ​ដើម្បី​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​ផលិតផល​សក្តានុពល​ក្នុង​ខេត្ត​នីមួយៗ​ដោយ ទី១ ជំរុញ​ផលិតកម្ម​កសិកម្ម​ទៅជា​កសិពាណិជ្ជកម្ម​ដែល​អាច​ផ្គត់ផ្គង់​បរិមាណ​ច្រើន ទី​ ២ លើកកម្ពស់​កសិឧស្សាហកម្ម​ដើម្បី​ជំរុញ​ការកែច្នៃ ផ្តល់​នូវ​តម្លៃបន្ថែម​ខ្ពស់ និង​ពិពិធកម្ម​ទំនិញ​ច្រើន​មុខ​ពី​ផលិតផល​គោល​មួយ​មុខ និង​ទី​ ៣ កែច្នៃ​តំបន់​ផលិតកម្ម​ដាំដុះ​ទៅជា​គោលដៅ​ទេសចរណ៍​បែប​កសិទេសចរណ៍ ដើម្បី​បង្កើត​ការងារ និង​ចំណូល​បន្ថែម​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។

លោក​បន្តថា យ៉ាងណាមិញ​ការ​អភិវឌ្ឍ​វិស័យ​ទាំងនេះ​ត្រូវការ​កត្តា​មួយ​មិនអាច​ខ្វះ​បាន គឺ​ការកសាង​កេរិ៍្តឈ្មោះ​ផលិតផល​លើ​ទីផ្សារ​ដែល​អតិថិជន​ងាយ​កត់សម្គាល់ និង​ការកសាង​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​តាមរយៈ​ការប្រើប្រាស់​ច្បាប់​កម្មសិទ្ធិបញ្ញា​ដើម្បី​ការពារ​កម្មសិទិ្ធ​បញ្ញា​ស្របច្បាប់​របស់​ម្ចាស់​សិទ្ធិ​ដែល​អាចជា បុគ្គល​ឯកជន ក្រុមហ៊ុន ឬ​សមាគម​ក្នុង​ការប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ជាក់លាក់​ណាមួយ ដូចជា ការប្រើប្រាស់​ម៉ាក​សមូហភាព​។

លោក​ថ្លែងថា​៖ «​ត្រង់ចំណុច​នេះ ខ្ញុំ​សូមបញ្ជាក់ថា ដោយសារ​កំណើន​នៃ​ផលិតផល​លើ​ទីផ្សារ​កាន់តែ​សម្បូរបែប​ទាំង​ផលិតផល​ក្នុងស្រុក និង​ផលិតផល​នាំចូល បាន​ធ្វើឱ្យ​ចំនួន​នៃ​ការចុះបញ្ជី​ម៉ាក​នៅ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម​កើន​ដល់​ប្រមាណ ​១០ ​ម៉ឺន​ម៉ាក ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សារៈសំខាន់​យ៉ាងខ្លាំង​នៃ​ម៉ាក​សម្គាល់​ផលិតផល​»​។

បើតាម លោក វិជ្ជា ដោយ​មើលឃើញ​ពី​លក្ខណពិសេស​នៃ​ដូងខ្ទិះ​បាត់ដំបង និង​សក្តានុពល​នៃ​ការផ្សារភ្ជាប់​ផលិតផល​នេះ​ជាមួយ​ទីផ្សារ​ដែលជា​ការចូលរួម​បង្កើន​ចំណូល​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ដូងខ្ទិះ​បាត់ដំបង​អាចជា​សក្តានុពល​នៅក្នុង​ការ​ស្រូប​ទាញ​ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម​ចំណីអាហារ​ផងដែរ​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែកុម្ភៈ ថា នៅ​ខេត្ត​បាត់ដំបង​មាន​ស្រុក​មួយចំនួន​ដូចជា ស្រុក​សង្កែ និង​ស្រុក​ឯកភ្នំ ដែល​នៅជាប់​ក្រុង​បាត់ដំបង​មាន​ប្រជាពលរដ្ឋ​តាំងពី​ដូនតា​មក​បាន​ដាំដូង​ខ្ទិះ​ច្រើន ដូច្នេះ​ក្រសួងពាណិជ្ជកម្ម​ក៏​សម្រេច​ជ្រើសរើស​ «​ដូងខ្ទិះ​បាត់ដំបង​» នេះ​ដើម្បី​ចុះបញ្ជី​ម៉ាក​សមូហភាព សម្រាប់​សម្គាល់​ម៉ាក​ភូមិសាស្ត្រ​របស់​ខេត្ត​។

លោក​ថ្លែងថា​៖ «​និយាយ​ទៅ​ដូងខ្ទិះ មិនមែន​ដាំ​ឥឡូវ​ទេ គឺ​គេ​ដាំ​តាំងពី​ជីដូន​ជីតា​រហូតមក​។ វា​មាន​អាយុកាល​យូរហើយ ដូង​នេះ​វា​មាន​ខ្ទិះ​ឡើង​ខ្លាំង​មិន​ដូច​កន្លែង​ផ្សេង​ទេ​»​។

បើតាម លោក ប៊ុនរិទ្ធិ សម្រាប់​ខេត្តបាត់ដំបង​មិនមែន​លើក​ទី​ ១ ទេ​ដែល​ក្រសួងពាណិជ្ជកម្ម​ជ្រើសរើស​ផលិតផល​របស់​ខេត្ត «​ដូងខ្ទិះ​បាត់ដំបង​» ​សម្រាប់​ការចុះបញ្ជី​ម៉ាក​សម្គាល់​បែបនេះ ដោយ​កន្លងមក​ក៏មាន​ផលិតផល​ផ្សេងទៀត​ដែរ​ដែល​ត្រូវបាន​ចុះបញ្ជី​។ ជាមួយគ្នានេះ ខេត្ត​ក៏មាន​ផលិតផល​ម្នាស់ នៅ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខគិរី​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែល​ក្រសួង​ពាណិជ្ជកម្ម​ក៏​កំពុង​ពិនិត្យ និង​ត្រៀម​ចុះបញ្ជី​ម៉ាក​សមូហភាព​ដែរ​។

លោក​បន្តថា បន្ទាប់ពី​ចុះបញ្ជី​ម៉ាក​សម្គាល់​នេះ​នឹងធ្វើ​ឱ្យ​ខេត្ត​កាន់តែ​មាន​ភាពល្បីល្បាញ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ជាពិសេស​លោក​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​កុំ​កាប់​ដើម​ដូង​ដែលជា​មរតក​របស់ខ្លួន និង​រក្សា​ឱ្យបាន​គង់វង្ស និង​បណ្តុះ​ពូជ​ដើម្បី​ដាំដុះ​បន្ត ដើម្បី​ទទួលបាន​ផលប្រយោជន៍​ខ្ពស់​ព្រោះ​តម្លៃ​ផ្លែ​ដូង ១ ​ផ្លែ​មាន​រហូតដល់​ជាង ៤ ​ម៉ឺន​រៀល និង​ទាប​បំផុត​មាន​តម្លៃ ២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ផ្លែ​។

របាយការណ៍​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ឱ្យដឹងថា នាយកដ្ឋាន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ និង​យកចិត្ត​ទុកដាក់​បំផុត​ក្នុងការ​ពង្រឹងសមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម សហគមន៍​កសិកម្ម សមាគម ឱ្យប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ ដើម្បី​ជំរុញ ផ្សព្វផ្សាយ អភិវឌ្ឍ​អាជីវកម្ម និង​ផលិតផល​របស់ខ្លួន​តាមរយៈ​គម្រោង​កសាង​កេរ្តិ៍ឈ្មោះ​ម៉ាក ព្រមទាំង​បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​សក្តានុពល ដូចជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ក្រូច​ត្លុង​កោះទ្រង់ ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី និង​គ្រោង​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​បន្ថែមទៀត ដូចជា «​អំបិល និង​ផ្កាអំបិល​កំពត​» «​បង្កង​តាកែវ​» និង «​ទឹកត្រី​កំពត​»​។

របាយការណ៍​នេះ​បន្តថា ក្រៅពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ក៏បាន​ចុះបញ្ជី​ម៉ាក​សមូហភាព​ «​គុយទាវ​ភ្នំពេញ​, អំបុក​កំពង់ធំ​, និង​អង្ករ​ព្រះវិហារ​» និង​គ្រោង​ចុះ​បន្ថែម​ម៉ាក​សមូហភាព​ដូចជា «​ចម្លាក់​ប្រាក់​ស្ពាន់​ខេត្តកណ្តាល​, ក្រូច​ពោធិ៍សាត់ និង​នំ​បញ្ចុក​សៀមរាប​»​។ ភាពជោគជ័យ​ក្នុង​ការកសាង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព​នាពេល​កន្លងមក បានធ្វើឱ្យ​ផលិតផល​កម្ពុជា​ជាច្រើន​អាច​ឈានចូល​ទីផ្សារ​អន្តរជាតិ និង​មានឈ្មោះ​ល្បី​ជាខ្លាំង ដូចជា ម្រេច​កំពត គុយទាវ​ភ្នំពេញ និង​ស្ករតោ្នត​កំពង់ស្ពឺ​។ ផលិតផល​ទាំងនេះ​មិន​ត្រឹមតែ​ទទួលបាន​ថ្លៃ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្លាយជា​ផលិតផល​រួមចំណែក​ផ្សព្វផ្សាយ​នូវ​សក្តានុពល​ទេសចរណ៍​របស់​ខេត្ត វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ប្រវត្តិសាស្ត្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​៕ LA

វីដេអូ៖