
ស្ត្រីម្នាក់ជិះម៉ូតូកាត់ពីមុខផ្ទះប្រកបអាជីវកម្មមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ ក្រសួងផែនការនឹងរៀបចំធ្វើជំរឿនសេដ្ឋកិច្ចនៅខែមីនាខាងមុខក្នុងគោលដៅប្រមូលទិន្នន័យអង្គភាពសេដ្ឋកិច្ចឱ្យបានច្បាស់ ខណៈគិតត្រឹមឆ្នាំ ២០២១ អង្គភាពសេដ្ឋកិច្ច ដែលបានចុះបញ្ជីមានជាង ៧៤ ម៉ឺន។
ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ ២០២២ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការបានលើកឡើងថា ជំរឿនសេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់ដែលត្រូវបណ្តុះបណ្តាលលើមន្ត្រីគ្រូបង្គោល មន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យដើម្បីចុះប្រតិបត្តិការប្រមូលទិន្នន័យនៅមូលដ្ឋាន អង្គភាពអាជីវកម្ម សហគ្រាសធ្វើសកម្មភាពផលិតកម្ម និងសេវានៅទូទាំងប្រទេសស្ថិតក្នុងអាជីវកម្មរ៉ែ កម្មន្តសាល អគ្គិសនី និងឧស្ម័ន ផលិតទឹកស្អាត អនាម័យ និងអាជីវកម្មដទៃទៀត ដែលត្រូវបានកំណត់តាមចំណាត់ថ្នាក់ស្តង់ដាអន្តរជាតិនៃវិស័យសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។
លោកស្រី ហង្ស លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិបានលើកឡើងថា ជំរឿនសេដ្ឋកិច្ចនេះ គឺមានលក្ខណៈស្រដៀងនឹងការធ្វើជំរឿនប្រជាជនដែរ ដោយមន្ត្រីនឹងសម្ភាសគ្រប់អង្គភាពសេដ្ឋកិច្ចសំដៅទៅដល់ប្រជាពលរដ្ឋដែលមានមុខរបរជាក់លាក់ដូចជាការលក់ដូរទាំងតូច និងធំ ដែលមានទីតាំងច្បាស់លាស់ទូទាំងប្រទេស និងមានការចុះបញ្ជីរួចរាល់ត្រឹមថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២។
លោកស្រីបន្ថែមទៀតថា មកដល់ពេលនេះក្រសួងបានរាប់ចំនួនអង្គភាពសេដ្ឋកិច្ច ឬហៅថា ការចុះបញ្ជីអង្គភាពសេដ្ឋកិច្ចគឺមានចំនួន ៧៤៥-១៤១ អង្គភាពសេដ្ឋកិច្ច ដែលចំនួននេះបានរាប់កាលពីឆ្នាំ ២០២១ ដោយបានបញ្ជូនមន្ត្រីរបស់វិទ្យាស្ថានឱ្យចុះទៅធ្វើបញ្ជីអង្គភាពសេដ្ឋកិច្ចនេះម្តងរួចហើយ ហើយការធ្វើជំរឿនសេដ្ឋកិច្ចនៅខែមីនាខាងមុខនេះ ក្នុងមន្ត្រីម្នាក់នឹងត្រូវសម្ភាសអង្គភាពសេដ្ឋកិច្ចចំនួន ១៥០។
អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិបានបញ្ជាក់ថា៖ «ជំរឿនសេដ្ឋកិច្ចមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយទិន្នន័យដែលបានពីជំរឿននេះនឹងបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំគោលនយោបាយវាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងជាការវាស់វែងសេដ្ឋកិច្ចកម្ពុជាថាអាចសម្រេចផែនការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ដែរឬយ៉ាងណា»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ដែរថា ជំរឿនសេដ្ឋកិច្ចនេះនឹងផ្តល់ព័ត៌មានសំខាន់ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសក្នុងការដឹងច្បាស់អំពីកម្រិតសេដ្ឋកិច្ចណាខ្លះ ដែលនៅខ្វះខាត និងទាមទារឱ្យមានការវិនិយោគ និងប្រភេទណាខ្លះ ដែលហួសតម្រូវការមិនគួរវិនិយោគ។
លោកបន្ថែមថា សព្វថ្ងៃនេះមានមុខរបរច្រើនណាស់ដែលបង្កើតឡើងតាមគ្នា ដោយមុខរបរខ្លះលើសតម្រូវការ ហើយមុខរបរខ្លះនៅមានតិចតួច ដូច្នេះបើមានជំរឿនសេដ្ឋកិច្ច គេអាចឃើញពីចំណុចខ្លាំង ចំណុចខ្សោយ កន្លែងណាខ្វះ កន្លែងណាលើសតម្រូវការ ដើម្បីឱ្យវិនិយោគិនមានជម្រើសក្នុងការសិក្សាបន្ថែម និងវិនិយោគឱ្យបានច្បាស់ក្នុងគម្រោងរបស់គេ។
លោកថ្លែងថា៖ «ជំរឿននេះក៏អាចផ្តល់ព័ត៌មានពីទីតាំងវិនិយោគ ឬភូមិសាស្ត្រដែលមានសក្តានុពលសម្រាប់ការវិនិយោគបន្ថែម ឬចង្អៀត។ នេះជាចំណុចល្អសម្រាប់ការវិនិយោគ»។
ជំរឿនសេដ្ឋកិច្ចត្រូវបានអនុវត្តរៀងរាល់ ១០ ឆ្នាំម្តង ដោយលើកនេះនឹងធ្វើនៅក្នុងខែមីនា ឆ្នាំ ២០២២ ខណៈលទ្ធផលនៃការធ្វើជំរឿននេះនឹងធ្វើឡើងក្នុងឆ្នាំ ២០២៣៕