ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) និង​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) រួមគ្នា​បញ្ចេញ​ថវិកា​ចំនួន ២ ​លាន​ដុល្លារ​សម្រាប់​គម្រោង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​ស្តីពី​បរិ​យាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩- ២០២៥ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ស្ថាប័ន​ទាំង​ ២ ត្រូវបាន​ធ្វើឡើង​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ១៦ និង​វេទិកា​ប្រចាំឆ្នាំ​លើក​ទី​ ២ ស្តីពី​ការពង្រឹង​ភាព​ធន់ និង​និរន្តរភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។

គម្រោង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់ ២ ​លាន​ដុល្លារ​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​រយៈពេល ៥ ​ឆ្នាំ ដោយ CMA ចំណាយ​ថវិកា​ ១,២ ​លាន​ដុល្លារ ខណៈ ​CBC ចូល​ថវិកាបដិភាគ ជិត ១ ​លាន​ដុល្លារ​។ បរិយាប័ន្ន​ហិរញ្ញវត្ថុ គឺ​សំដៅលើ​លទ្ធភាព​ទទួលបាន និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ទាន់ពេលវេលា​ស្របតាម​តម្រូវការ មាន​តម្លៃ​សមរម្យ និង​មានការ​ការពារ​តាមផ្លូវ​ច្បាប់​។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល CMA បាន​ថ្លែងថា​៖ «​គម្រោង​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួល​ខុសត្រូវ​ដំណាក់កាល​ទី ​២ នឹង​ផ្តោត​អាទិភាព​លើ​កិច្ចការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជាជន​កម្ពុជា លើក​កម្ពស់​តួនាទី​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ការពង្រឹង​ភាពធន់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ ដោយ​សម្រប​តាម​យុទ្ធសាស្ត្រ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ថ្នាក់ជាតិ ខណៈដែល​សមាគម​ក៏បាន​រៀបចំ​យុទ្ធសាស្ត្រ​ ៥ ​ឆ្នាំ​របស់ខ្លួន​ឱ្យស្រប​តាម​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​ផងដែរ​»​។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ CBC បានឱ្យដឹងថា ក្នុងនាម​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង​របាយការណ៍​ឥណទាន​ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា CBC បាន​ប្តេជ្ញា​ក្នុងការ​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​តាមរយៈ​ការចូលរួម​ថវិកា​បដិភាគ​ជិត ១​ លាន​ដុល្លារ​សម្រាប់​រយៈពេល ​៥​ ឆ្នាំ ដោយ​ថវិកា​នេះ​នឹងត្រូវ​ដាក់ចូល​រួមគ្នា​ជាមួយ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក្នុង​គម្រោង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ដំណាក់កាល​ទី​ ២​។

លោក​និយាយថា​៖ «CBC តែង​ជួយ​គាំទ្រ​យ៉ាងសកម្ម​ដល់​សកម្មភាព​ផ្សេងៗ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​បរិយាប័ន្ន​នៅ​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​កម្ពុជា​»​។

លោក កាំង តុងងី អ្នក​នាំពាក្យ CMA បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​បន្ថែម​កាលពី​ថ្ងៃទី​ ១៦ ខែកុម្ភៈ​ថា គម្រោង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួល​ខុសត្រូវ​ដំណាក់កាល​ទី ​១ បានធ្វើ​ចាប់ពី​ឆ្នាំ​ ២០១៩-២០២១ ដែល​ផ្តោត​សំខាន់​លើ​ការអប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន ការបញ្ជ្រាប​យន្តការ​ការពារ​អតិថិជន និង​បានធ្វើ​កិច្ចការ​ជាច្រើន​ទៀត​ក្នុង​បំណង​ធ្វើឱ្យ​វិស័យនេះ​មាន​ភាពរឹងមាំ​ប្រកបដោយ​និរន្តរភាព​។

លោក តុងងី បាន​បញ្ជាក់ថា​៖ «​នៅក្នុង​គម្រោង​ទី​ ២ ដំណាក់កាល​ទី ​២ ​នេះ​ដែល​យើង​គ្រោង​លុយ ២ ​លាន​ដុល្លារ​នេះ យើង​នឹង​បន្ត​ផ្តោតលើ ៣ ​ផ្នែក​សំខាន់ៗ ទី​១ ផ្តោតលើ​ការផ្តល់​សិទ្ធិ​អំណាច​ដល់​អតិថិជន​តាមរយៈ​ចំណេះដឹង​ហិរញ្ញវត្ថុ​, ទី​ ២ ​ផ្តោតទៅលើ​យន្តការ​ការពារ​អតិថិជន ដោយ​ធ្វើ​ទៅលើ ២ ​ផ្នែក ទាំង​អ្នកផ្តល់​សេវា និង​អ្នកទទួល​សេវា ដើម្បី​ធានា​តម្លាភាព ការទទួល​ខុសត្រូវ ហើយ​អតិថិជន​របស់​យើង​គាត់​នឹង​យល់​ពី​សិទ្ធិ​កាតព្វកិច្ច​របស់គាត់​, និង​ទី​ ៣ នឹង​ផ្តោតលើ​ការកសាង​បណ្តាញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ និង​ពង្រឹង​សេវាកម្ម​របស់​សមាជិក CMA ផងដែរ​»៕ LA