
លោក សុខ ចិន្តាសោភា (កណ្ដាល) រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ភ្នំពេញៈ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា វាពិតជាមានការចាំបាច់ណាស់ ដែលកម្ពុជា ត្រូវតែមានការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ ១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។
ការលើកឡើងបែបនេះរបស់ លោក សុខ ចិន្តាសោភា ធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីរបស់កម្ពុជា ជូនវិនិយោគិននិងធុរជនម៉ាឡេស៊ីនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ខណៈគិតត្រឹមឆ្នាំ ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជា ជាង ៣,១៥ ពាន់លានដុល្លារ។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២២ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង សភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia) តាមរយៈប្រព័ន្ធវីដេអូ និងដោយផ្ទាល់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក.អ.ក. បានលើកឡើងថា ជាការចាំបាច់ណាស់ ដែលកម្ពុជា ត្រូវតែមានការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។
លោកបានបញ្ជាក់ថា៖ «ច្បាប់វិនិយោគនេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសកលដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ ១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស»។
អគ្គលេខាធិការ ក.អ.ក. រូបនេះ មានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ីនឹងបានយល់កាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោក អ៊ិលដិន ហ៊ូសៃនី ម៉ូត ហាស៊ីម (Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា យល់ឃើញថា ច្បាប់ស្តីពីវិនិយោគនេះបានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុកនិងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗ ដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។
លោកបានគូសបញ្ជាក់ថា៖ «រាល់បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគ សំដៅធ្វើឱ្យកាន់តែមានភាពងាយស្រួល រលូន និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយច្បាប់ស្តីពីវិនិយោគនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កានៅក្នុងរយៈពេលខ្លីខាងមុខ ហើយឯកឧត្តមមានជំនឿយ៉ាងមុតមាំទៀតថា តាមរយៈច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុងការជំរុញ វិនិយោគឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តបន្ទាប់»។
លោក Tan Khee Meng ប្រធានសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា បានថ្លែងថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា នឹងក្លាយជាមូលដ្ឋានច្បាប់ និងបទប្បញ្ញត្តិដ៏រឹងមាំមួយសម្រាប់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានបន្តថា៖«កំណើនសេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនឥតឈប់ឈរក្នុងអំឡុងពេល២ទស្សវត្សរ៍ចុងក្រោយក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
គិតត្រឹមដំណាច់ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់របស់ម៉ាឡេស៊ី ចំនួន ១៦២ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៣,១៥ប៊ីលានដុល្លារ៕