
ភ្ញៀវទេសចរដើរទស្សនាប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិកើនឡើងវិញច្រើនចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ តទៅ។
ក្នុងពិធីប្រគល់លិខិតទទួលស្គាល់ការីទេសចរណ៍ក្នុងស្រុកដែលមានសុវត្ថិភាពកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ឈុន មករា អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញកាលពីអំឡុងខែវិច្ឆិកា រហូតមកទល់ចុងខែមករា ឆ្នាំ ២០២២ កំណើនជើងហោះហើរបានកើនឡើងជាបន្តបន្ទាប់ ដោយមានប្រមាណ ៣២០ ជើងកើនឡើងប្រមាណ ២០ ភាគរយ។
លោកបានបន្ថែមថា ចាប់តាំងពីខែមករា មកមានទេសចរអន្តរជាតិតិចតួចប៉ុណ្ណោះដែលបានមកកម្ពុជា ប៉ុន្តែជាការស្មានទុកតាមរយៈកញ្ចប់ទស្សនកិច្ច ដែលក្រសួងទេសចរណ៍បានរៀបចំរួចរំពឹងថា ភ្ញៀវទេសចរអាចនឹងចាប់ផ្តើមមានកំណើនឡើងវិញនៅដើមខែមិថុនាខាងមុខនេះ។
លោកបញ្ជាក់ថា៖ «ចាប់ពីខែ ៦ ទៅ ស្ថានភាពនៃការលក់កញ្ចប់ទស្សនកិច្ច យើងសង្ឃឹមបានភ្ញៀវច្រើន ពិសេសមកពីតំបន់អឺរ៉ុប និងអាមេរិក ព្រោះបើតាមការអង្កេតភ្ញៀវមកក្នុងខែ ៦ នេះច្រើន ព្រោះឥឡូវមានការបន្ធូរបន្ថយចំពោះលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក និងការចេញចូលពីប្រទេសជិតខាងយើង។ យើងឃើញមានសម្ទុះនៃភ្ញៀវ ដែលឆ្លងកាត់ព្រំដែនទេសចរណ៍អន្តរជាតិជាមួយថៃ វៀតណាម និងឡាវ សុទ្ធតែមានភ្ញៀវចេញចូលប្រចាំ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថានការណ៍ទេសចរណ៍នឹងប្រសើរឡើងវិញចាប់ពីខែមីនាទៅ ដោយសារក្នុងខែនេះ មានក្រុមហ៊ុនជាច្រើននឹងទទួលបានការអនុញ្ញាតឱ្យបើកជើងហោះហើរឡើងវិញ ខណៈសមាជិករបស់សមាគមក៏កំពុងទទួលបានការកក់កញ្ចប់ទេសចរណ៍ជាបណ្តើរៗហើយ។
លោកស្រីបន្ថែមថា បច្ចុប្បន្នវិស័យឯកជនផ្នែកទេសចរណ៍បាននិងកំពុងអនុវត្តនោះ គឺការច្នៃកញ្ចប់ទេសចរណ៍ តាមរយៈការរៀបចំផលិតទេសចរណ៍ថ្មីៗឱ្យមានភាពទាក់ទាញ និងឱ្យស្របតាមបរិបទ ដែលសកលលោក ក៏ដូចជាកម្ពុជាកំពុងជួបប្រទះ។
លោកស្រីបញ្ជាក់ថា៖ «សមាគមខ្ញុំកំពុងរៀបចំទស្សនកិច្ចសិក្សានៅតាមខេត្តនានាដែលមានសក្តានុពលទេសចរណ៍ចម្បងៗ ដោយយើងនឹងសិក្សាទៅលើសេវាកម្មណាដែលភ្ញៀវអាចចាប់អារម្មណ៍ និងពិនិត្យមើលទីតាំងទេសចរណ៍ថ្មីៗប្លែកបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរ»។
លោក ហួត ឃាង នាយកប្រតិបត្តិ ក្រុមហ៊ុន អលឌ្រីម ខេមបូឌា ត្រាវែល បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុនលោកដែលផ្តោតលើទេសចរមកពីតំបន់អឺរ៉ុប គឺទទួលបានការកក់តិចតួចនៅឡើយ ប៉ុន្តែលោករំពឹងថានឹងមានកំណើននាពេលខាងមុខ។ លោកបានបន្ថែមថា កំណើនទេសចរមកពីតំបន់អឺរ៉ុបអាចកើន លុះត្រាតែប្រទេសនៅតំបន់បន្ធូរបន្ថយលក្ខខណ្ឌការធ្វើចត្តាឡីស័ក និងមានបើកជើងហោះហើរឡើងវិញឱ្យបានច្រើន។
លោកបញ្ជាក់ថា៖ «ខែមីនាខាងមុខមានភ្ញៀវទេសចរបានកក់ខ្លះដែរ ប៉ុន្តែនៅមានកម្រិតនៅឡើយ ដូចនេះអ្វីដែលយើងសង្ឃឹម គឺទាល់តែអាមេរិក ក៏ដូចជាអឺរ៉ុប បើកប្រទេសឡើងវិញដូចយើងដែរ គួបផ្សំនឹងការហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ព្រោះយើងសង្ឃឹមលើការដឹកជញ្ជូន (Long flight) ពីប្រទេសជិតខាងដែរ។
ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុក បានដាក់ចេញនូវកម្មវិធីកញ្ចប់ទស្សនកិច្ចទេសចរណ៍ក្នុងស្រុកតម្លៃសមរម្យ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព និងភាពទាក់ទាញ។
ទិន្នន័យក្រសួងទេសចរណ៍បង្ហាញថា ក្នុងឆ្នាំ ២០២១ ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្ពុជា មានចំនួន ១៩៦ ៤៩៥ នាក់ ធ្លាក់ចុះ ៨៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕ LA
វីដេអូ៖