ភ្នំពេញៈ កម្ពុជា​កំពុង​ពិនិត្យ​លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ​ថែមទៀត​ក្នុងន័យ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​ឱ្យ​កាន់តែ​មាន​ភាពរីកចម្រើន និង​ប្រកបដោយ​ចីរភាព​។

ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​កាលពី​ថ្ងៃ​ទី​ ១៦ ខែកុម្ភៈ លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​បាន​លើកឡើងថា បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឱ្យ​កែសម្រួល​ផែនការ​យុទ្ធសាស្ត្រ​កម្មសិទ្ធិ​បញ្ញា​ទៅជា​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​វិញ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​បាន​ផ្តួចផ្តើម​រៀបចំ​ដោយ​ប្រើ​រយៈពេល​អស់​ជិត ១ ​ឆ្នាំ​នៅក្នុង​ការសិក្សា វិភាគ និង​ស្វែងរក​ធាតុ​ចូល​ពី​គ្រប់​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីឱ្យ​សម្រេចបាន​នូវ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​នេះ​ឡើង​។

លោក​បាន​បន្តថា សមាជិក​សមាជិកា លេខាធិការដ្ឋាន​ទាំងអស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​បានរួម​សហការ​យ៉ាង​សកម្ម និង​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​រហូតដល់​បានបញ្ចប់​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​នេះ​ទាំងស្រុង​នៅក្នុង​ក្របខ័ណ្ឌ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិ​បញ្ញា​កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២១ ដោយមាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ផុសផុល និង​ទទួល​ធាតុ​ចូល​បន្ថែម​ជាច្រើន ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​កាន់តែ​មាន​សង្គតិភាព ល្អប្រសើរ និង​គ្រប់​ជ្រុងជ្រោយ ឆ្លើយតប​នឹង​បរិបទ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ការវិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ បង្កើត​ការងារ​ស្រាវជ្រាវ​ពី​ផលិតផល​ថ្មីៗ​ព្រមទាំង​ទាញយក​ផលប្រយោជន៍​ផ្សេងៗ​ពី​កិច្ចការពារ​កម្មសិទ្ធិបញ្ញា​។

លោក​ពន្យល់ថា ការអភិវឌ្ឍ​កម្មសិទ្ធិបញ្ញា គឺជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​នៅក្នុង​អភិក្រម​សេដ្ឋកិច្ច​ទីផ្សារ ហើយ​មាន​តួនាទី​ជា​គន្លឹះ​ក្នុងការ​ជំរុញ​កំណើន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ម្យ៉ាងវិញទៀត ការងារ​កម្មសិទ្ធិ​បញ្ញា​នេះ​ក៏​ជា​កិច្ចការ​មួយ​មាន​ភាព​ប្រទាក់ក្រឡា​ដោយផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំង​កម្រិត​អន្តររដ្ឋាភិបាល កម្រិត​អន្តរក្រសួង ការចូលរួម​មិនអាច​ខ្វះ​បាន​របស់​ផ្នែក​ឯកជន និង​សាធារណជន​ទូទៅ​។

លោក​និយាយថា​៖ «​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ក្នុង​ការប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូវីដ​ ១៩ ទៅជា​ឱកាស​សម្រាប់​ការកែទម្រង់​មុត​ស្រួច និង​ស៊ីជម្រៅ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ដែលជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​បាន​ខិតខំ​ធ្វើការ​កែទម្រង់ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​ក្នុងប្រទេស​កម្ពុជា ដោយបាន​រៀបចំ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញា​សម្រាប់​រយៈពេល ៣ ​ឆ្នាំ​»​។

លោក​បន្ថែមថា សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​កម្មសិទ្ធិ​បញ្ញា​ក៏​នឹង​ជួយ​ពង្រឹង​ស្ថាប័ន​កម្មសិទ្ធិបញ្ញា​ក្នុង​ការគ្រប់គ្រង​ច្បាប់ និង​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ឱ្យមាន​ប្រសិទ្ធភាព និង​តុល្យភាព ការកសាង​ហេដ្ឋារចនា​សម្ព័នរូបវន្ត ដើម្បី​លើកកម្ពស់​ការការពារ​កម្មសិទ្ធិបញ្ញា និង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន​ក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ ការពង្រឹង​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ​។

បើតាម លោក វិជ្ជា គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​ក្លាយជា​កម្លាំង​ចលករ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និង​កសិកម្ម តាមរយៈ​ការលើក​កម្ពស់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ​ម៉ាក និង​ផលិតផល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ការបង្កើត​ស្នាដៃ​វប្បធម៌ តក្កកម្ម ធនធាន​ពន្ធុ ចំណេះដឹង​ជា​ប្រពៃណី និង​វិញ្ញាត្តិ​វប្បធម៌ ជំរុញ​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ នៅក្នុង​ការបង្កើត​ផលិតផល​បច្ចេកវិទ្យា និង​ជំរុញ​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ព្រមទាំង​ឧស្សាហកម្ម​វប្បធម៌​ឱ្យ​ឆ្លើយតប​នឹង​បរិបទ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ហើយ​ចូលរួមចំណែក​ក្នុង​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​ ២០៥០​។

លោក​បញ្ជាក់ទៀតថា គោលនយោបាយ​ជាតិ​កម្មសិទ្ធិបញ្ញា​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលដៅ​លើកកម្ពស់​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា និង​ក្នុងការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ចំនួន​​ ៧ រួមមាន កសិ​កម្ម​, វប្បធម៌​, អប់រំ និង​ការលើក​កម្ពស់​ចំណេះដឹង​សាធារណៈ​, សុខាភិបាល​, ពាណិជ្ជកម្ម និង ឧស្សាហកម្ម​, ទេសចរណ៍​, និង វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ-​កម្មសិទ្ធិបញ្ញា មាន​សារៈ​សំខាន់បំផុត​សម្រាប់​ជំរុញឱ្យមាន​ការបង្កើត​ថ្មី​។ លោក​បាន​ថ្លែងថា​៖ «​គោលនយោបាយ​ជាតិ​កម្មសិទ្ធិ​បញ្ញា​នេះ ខ្ញុំ​គាំទ្រ ព្រោះ​វា​ជា​មូលដ្ឋាន​ធ្វើឱ្យ​សេដ្ឋកិច្ច​យើង​មានការ​រីកចម្រើន តាមរយៈ​ការបង្កើត​ថ្មី​។ បើ​គ្មាន​ការធានា​កម្មសិទ្ធិបញ្ញា​ទេ មនុស្ស​នឹង​លួច​ស្នាដៃ​គ្នា​ទៅវិញទៅមក​។ ដូច្នេះ​ជា​វា​កត្តា​មួយ​រារាំង​មិនឱ្យ​មានគំនិត​បង្កើត​ថ្មី​»៕LA