
ក្រុមកម្មករលើកត្រីបង្ហាញ បន្ទាប់ពីចាប់បានពីក្នុងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ។ ហេង ជីវ័ន
ភ្នំពេញៈ សិង្ហបុរីមានបំណងចង់វិនិយោគទៅលើឃ្លាំងស្តុកទំនិញត្រជាក់នៅកម្ពុជា ខណៈវិស័យកសិកម្មកំពុងត្រូវការឃ្លាំងត្រជាក់ជាចាំបាច់ ដើម្បីរក្សាទុកផលិតផលដោយសុវត្ថិភាព និងគុណភាពសម្រាប់ជំរុញការនាំចេញ។
ក្នុងជំនួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានសន្តិភាព លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី និងក្រុមវិនិយោគិនសិង្ហបុរីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសការវិនិយោគលើឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូនផងដែរ ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ បន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការចាប់អារម្មណ៍ការវិនិយោគឃ្លាំងស្តុកទំនិញត្រជាក់នៅកម្ពុជាពីវិនិយោគិនសិង្ហបុរី គឺជាចំណុចដ៏ល្អ ដែលក្រសួងកសិកម្មតែងចង់បាន ព្រោះនៅពេលអនាគត ក្រសួងចង់បានឃ្លាំងត្រជាក់ដែលអាចជួយសម្រួលដល់ដំណើរការបង្កកត្រីសាច់ ដើម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព។
លោកបន្ថែមថា ដើម្បីអាចនាំចេញផលិតផលកែច្នៃពីត្រី សាច់ ទៅក្រៅប្រទេសបាន នាពេលខាងមុខ វិស័យឯកជននៅក្នុងផ្នែកនេះត្រូវតែមានឃ្លាំងត្រជាក់រៀងៗខ្លួន និងវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមស្តង់ដា។ ទោះយ៉ាងណា ការអនុវត្តនេះនៅមានភាពយឺតយ៉ាវដោយសារតែតម្លៃអគ្គិសនីនៅខ្ពស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «កន្លងទៅមានក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះមេគង្គអ៊ិចប្រេសបានវិនិយោគសាងសង់ឃ្លាំងត្រជាក់នេះ ដែលមានសីតុណ្ហភាពរហូតដល់ -៣០ អង្សាសេមានទីតាំងនៅតំបន់ចោមចៅ រាជធានីភ្នំពេញដោយឃ្លាំងនេះនឹងអាចស្តុកទុកផលិតកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន។ ប៉ុន្តែមានការរអាក់រអួលខ្លះ ដោយអគ្គិសនីមិនប្រក្រតី ក្រោយមកក៏ប្រែទៅជាឃ្លាំងស្តុកសម្ភារវិញ»។
លោកបន្តថា ឃ្លាំងត្រជាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព និងគុណភាពទំនិញកសិកម្ម ពិសេសប្រភេទត្រី សាច់ ព្រោះមុននឹងអាចនាំចេញសាច់សត្វទាំងអស់បានគឺត្រូវបង្កកវាជាមុនសិន។ លោកថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុកបានហើយ ដែលអាចនាំចេញទៅក្រៅប្រទេសឆាប់ៗដែរ ដូចនេះទើបកម្ពុជាត្រូវការឃ្លាំងត្រជាក់កាន់ច្រើន ដើម្បីជំរុញការងារឱ្យទទួលបានភាពជោគជ័យ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលវិនិយោគលើវិស័យកសិកម្ម បានឱ្យដឹងថា កន្លងមកមិនសូវមានការវិនិយោគក្នុងការសាងសង់ឃ្លាំងត្រជាក់ ឬទូកុងតឺន័រដឹកជញ្ជូនដែលមានប្រព័ន្ធត្រជាក់នេះទេ ដោយសារផលិតផលស្រស់ដូចជា ផ្លែឈើ និងសាច់ស្រស់ជាដើមនៅមានកម្រិត ខណៈដែលតម្លៃអគ្គិសនីក៏មានកម្រិតខ្ពស់ មិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកលើកឡើងថា៖ «មានបញ្ហាប្រឈមមួយគឺតម្លៃភ្លើង ខណៈការប្រើប្រាស់ឃ្លាំងត្រជាក់នេះ គឺត្រូវចំណាយថ្លៃដើមច្រើន ដូចនេះដើម្បីអភិវឌ្ឍលើការបង្កើតឃ្លាំងត្រជាក់នេះបាន គឺត្រូវធ្វើយ៉ាងណាឱ្យតម្លៃនៃការទុកដាក់នៅក្នុងឃ្លាំងត្រជាក់ មានតម្លៃសមរម្យប្រហាក់ប្រហែលនឹងប្រទេសជិតខាងទើបយើងអាចជំរុញកំណើននៃការនាំចេញបាន»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រុមហ៊ុនដៃគូដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំ ពិភាក្សាលើករណីសំណើរៀបចំអភិវឌ្ឍគម្រោងឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មទៅលក់នៅទីផ្សារអន្តរជាតិ និងលើកកម្ពស់ស្តង់ដាអនាម័យចំណីអាហារ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធទីផ្សារក្នុងស្រុក៕ LA