
លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ រូបភាព សហការី
ភ្នំពេញៈ អាស៊ាន និងកាណាដា ប្តេជ្ញាចិត្តនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង ACAFTA នេះនៅឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងការវិនិយោគរបស់កាណាដានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ ២០២២ (SEOM Chair for 2022) តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ លោក រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានលើកឡើងថា អាស៊ាន និងកាណាដា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងគ្នានិងគ្នា ជាពិសេសការរីកចម្រើននៃពាណិជ្ជកម្មអាស៊ាន-កាណាដា ដែលជាចលករជំរុញឱ្យមានការចាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA)។
លោកបានបញ្ជាក់ថា៖ «បើទោះជាភាគីទាំង២ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ យោងតាមទិន្នន័យអាស៊ានឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មទំនិញអាស៊ាន-កាណាដាមានតម្លៃសរុប ១៩,៩ ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការថយចុះបន្តិចគឺប្រមាណ ២,៤% ធៀបនឹងឆ្នាំ ២០១៩។ ជាមួយគ្នានេះដែរ ទំហំវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកាណាដាទៅកាន់រដ្ឋសមាជិកអាស៊ានបានកើនឡើងដល់ ១២,៥ ពាន់លានដុល្លារអាមេរិក ឬកើនឡើង ១១,៧% ធៀបនឹងឆ្នាំ ២០១៩ ខណៈដែលទំហំ FDI ពីរដ្ឋសមាជិកអាស៊ានទៅកាន់កាណាដា គឺ ១,២ ពាន់លានដុល្លារអាមេរិក ឬធ្លាក់ចុះ ០,៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩»។
ឯកសារសំខាន់ៗ ដែលកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីត្រៀមសម្រាប់ចរចាកិច្ចព្រមព្រៀង ACFTA រួមមាន៖ លក្ខខណ្ឌប្រតិបត្តិ (Term of Reference) នៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម (TNC) នៃកិច្ចព្រមព្រៀង ACFTA, រចនាសម្ព័ន្ធ នៃការចរចាកិច្ចព្រមព្រៀង ACAFTA, ផែនការការងារ នៃកិច្ចព្រមព្រៀង ACFTA និងសមាសធាតុសំខាន់ៗសម្រាប់ការចរចាកិច្ចព្រមព្រៀង ACAFTA៕