ភ្នំពេញៈ បរិមាណ​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​របស់​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) រយៈពេល​ ១ ​ខែ​ដើមឆ្នាំ​ ២០២២ នៅ​បន្ត​រក្សាបាន​ភាពល្អប្រសើរ ដោយមាន​តម្លៃ​ជាង ២១៧ ​លាន​ដុល្លារ កើន​ ៤៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​ទើប​ចេញផ្សាយ​ពី SSEZ ឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​ ២០២២ ទឹកប្រាក់​បាន​ពី​ការនាំចេញ​-​ចូល​ទំនិញ​របស់​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ចំនួន​សរុប ២១៧ ​លាន​ដុល្លារ កើនឡើង ៤៥,៦៤ ​ភាគរយ បើ​ធៀប​នឹង​ខែមករា ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១៤៩ ​លាន​ដុល្លារ​។ ទោះយ៉ាងណា ទិន្នន័យ​នេះ​មិនបាន​បង្ហាញ​ពី​ចំនួន​ដាច់​ដោយឡែក​នៃ​ទឹកប្រាក់​នាំចេញ និង​នាំចូល​នោះទេ​។

SSEZ បញ្ជាក់ថា​៖ «​ក្នុង​ខែ​ដំបូង​ឆ្នាំនេះ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បានទទួល​លទ្ធផល​ដ៏ល្អ ហើយ​បន្ត​រក្សា​កំណើន​នៅតែ​មិន​ផ្លាស់ប្តូរ​»​។

យោងតាម SSEZ ចំនួន​រោងចក្រ​ដែល​បើក​ដំណើរការ​ក្នុង​ទីតាំង​របស់ខ្លួន​មាន​កំណើន​ជា​បន្តបន្ទាប់ ជាក់ស្តែង​ចាប់ពី​ដើមឆ្នាំ​ ២០២២ មក​យ៉ាង​ហោចណាស់​មាន​ក្រុមហ៊ុន​ចំនួន​ ៣ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ទីនោះ រួមមាន ក្រុមហ៊ុន Flying Feather (Cambodia) Wood-Industry Co.,Ltd, ក្រុមហ៊ុន Wisdom Power Technology Cambodia Co.,Ltd និង​ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​កម្ពុជា (LOBA) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៧ ខែកុម្ភៈ​ថា ទោះបី​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​អូមីក្រុង នៅតែ​បន្ត​ការគំរាមកំហែង​ដល់​សកម្មភាព​សេដ្ឋកិច្ច-​កម្ពុជា និង​ពិភពលោក​ក៏​សកម្មភាព​នៃ​ការវិនិយោគ​ថ្មីៗ និង​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ដដែល​។

លោក​បាន​ថ្លែងថា​៖ «​តាម​ព័ត៌មាន​ខ្ញុំ​ទទួលបាន​គឺ​ចំនួន​រោងចក្រ​ថ្មីៗ​ជាច្រើន​បាន​ទៅ​បណ្តាក់ទុន​នៅ​ទីនោះ​ជា​បន្តបន្ទាប់ ខណៈ​នៅ​ទីនោះ​មាន​លក្ខណៈ​អំណោយផល​ច្រើន​សម្រាប់​ការបណ្តាក់ទុន ពិសេស​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​»​។

បើ​យោងតាម​លោក ចាន់ដារ៉ា ភាគច្រើន​នៃ​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ SSEZ គឺ​មកពី​ប្រទេស​ចិន ហើយ​ផលិតផល​ដែល​ផលិត​នៅ​ទីនោះ​ភាគច្រើន​ជា​គ្រឿងសង្ហារិម ទូ​សម្អាង តុ ក្តាប​ន្ទះ កាបូប គ្រឿង​អេឡិចត្រូនិក ជាដើម​។ ផលិតផល​នៅ SSEZ ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​។

សម្រាប់​ទំហំ​ទឹកប្រាក់​នាំចេញ​-​នាំចូល​របស់ SSEZ នឹង​បន្ត​កើនឡើង​ថែមទៀត​នៅក្នុង​ឆ្នាំ ​២០២២​។ នេះ​បើតាម​លោក ចាន់ដារ៉ា​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ភាពវិជ្ជមាន​នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​របស់ SSEZ គឺ​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ស្ថិរភាព​នយោបាយ​, ភាពសម្បូរ​នៃ​កម្លាំង​ពលកម្ម​ជំនាញ និង​មានតម្លៃ​សមរម្យ​, ទំនុកចិត្ត​របស់​អ្នកវិនិយោគ​, ច្បាប់​វិនិយោគ​មាន​ភាព​អំណោយផល ព្រមទាំង​ជាទី​តាំង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ បន្ថែម​ពីលើ​នេះ កម្ពុជា​ក៏​កំពុង​ទទួលបាន​ភាព​វិជ្ជមាន​នៃ​ការនាំ​-​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ពី​វិបត្តិ​ដែល​កំពុង​កើតមាន​តាម​ប្រទេសមួយ​ចំនួន​ផងដែរ​(​នយោបាយ​, វិបត្តិ​សុខ​-​ភាព​បណ្តា​លពី​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក ជាដើម​)​។

លោក​បាន​អះអាង​ថា​៖ «​ជាមួយនឹង​ការកែលម្អ​ច្បាប់​វិនិយោគ​ថ្មីៗ និង​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា នឹង​ធ្វើឱ្យ​ការនាំចេញ និង​នាំចូល​របស់ SSEZ មាន​ទឹកប្រាក់​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​ឆ្នាំ ​២០២២ នេះ​»​។

កាលពី​ឆ្នាំ ​២០២១ ការនាំចេញ-នាំចូល​ទំនិញ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មានតម្លៃ ២ ២៣៤ ​លាន​ដុល្លារ កើនឡើង ៤២,៧៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA