ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អះអាងថា កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កើន​ដល់ ៣ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២១ ខណៈ​ឆ្នាំ​ ២០២២​ រំពឹងថា នឹង​កើន​ដល់​ ៥,៦ ភាគរយ​ និង​កើន​ដល់​៦,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣។

នៅក្នុង​វេទិកា​សាធារណៈ ស្តីពី​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ សូហ្វីតែល​ភ្នំពេញ​ភូគីត្រា នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែកុម្ភៈ​នេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា ដោយសារ​សមិទ្ធកម្ម ផ្នែក​កម្មន្តសាល​ធ្វើបាន​ល្អ ទើប​ធ្វើឱ្យ​តម្លៃបន្ថែម​ផ្នែក​នេះ កើន​ដល់​តែ​វា​កើន​ដល់​ ៨​ ភាគរយ ខណៈ​ការគ្រោងទុក​ត្រឹមតែ​ ៤,៦ ​ភាគរយ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់ថា៖ «នៅក្នុង​ឆ្នាំ​ ២០២១ ការនាំចេញ​ក្នុង​វិស័យ​កម្មន្តសាល​ឡើងដល់​ ២២ ​ភាគរយ ដែលជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា និង​មាន​កំណើន​ ៣ ​ភាគរយ នៅ​ឆ្នាំ​ ២០២១ ​។ ចំណែក វិស័យ​កសិកម្ម យើង​គ្រោង​ ១,៤ ប៉ុន្តែ​បាន​ត្រឹម​ ១,១ ​ភាគរយ ដោយសារតែ​វិស័យ​វារីវប្បកម្ម​ធ្លាក់ចុះ​ខ្លាំង​មែនទែន តែ​វិស័យ​ដំណាំ​កើនឡើង ការនាំចេញ​វិស័យ​កសិកម្ម​ឆ្នាំ​កន្លងទៅ​កើន​ជាង​ ២០ ​ភាគរយ ប៉ុន្តែ​តម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម ដែលជា​កំណើនសេដ្ឋកិច្ច​នោះ បានតែ​ ១,១ ​ភាគរយ​ទេ»។

ដោយឡែក ចំពោះ​វិស័យ​សេវាកម្ម​លោក​បាន​បន្ថែមថា នៅមាន​សភាព​ជាប់គាំង​ដដែល ដោយសារ​វិស័យ​ទេសចរណ៍​ឆ្នាំ ២០២០ ធ្លាក់ ៨០% ហើយ​ក្នុង​ឆ្នាំ ២០២១ ធ្លាក់​ ៤០ ​ភាគរយ​បន្ថែមទៀត។ ចំណែក​វិស័យ​សំណង់​ឆ្នាំ​ ២០២០ ដក​ ៤​ ភាគរយ ខណៈ​ឆ្នាំ​ ២០២១ មាន​កំណើន​ត្រឹម​ ១,៤ ​ភាគរយ ហើយ​ឆ្នាំ​ ២០២២ ​នេះ នឹង​បន្ត​មាន​កំណើន​តិចតួច​វិញ។

លោក​បាន​គូសបញ្ជាក់ថា៖«វិស័យ​គមនាគមន៍ និង​អ៊ីនធឺណិត មាន​កំណើន​ច្រើន តែ​វិស័យ​ដឹកជញ្ជូន​នៅ​ពិបាក​នៅឡើយ​វិស័យ​ទេសចរណ៍​មិនទាន់​ងើប ចំណែក​វិស័យ​លក់រាយ​ក៏​នៅមាន​ភាព​ត្រដាបត្រដួស​ដែរ»។

មន្ត្រី​ជាន់ខ្ពស់​រូបនេះ បាន​បន្តថា មាន​កត្តា​សំខាន់ៗ​ចំនួន​ ៣ ដែល​ធ្វើឱ្យ​ទទួលបាន​លទ្ធផល​បែបនេះ ទី១​ការដឹកនាំ​របស់​រដ្ឋាភិបាល ទី២​ ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល ស្របពេល​កម្ពុជាមាន​វ៉ាក់សាំង​ជូន​ជា​បន្តបន្ទាប់ និង​ទី៣ ការឧបត្ថម្ភ ពី​មិត្ត​ជា​ដៃគូ​តំបន់ និង​អន្តរជាតិ។

លោក​ថា បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិតនៅ​ដំណើរ​គន្លង​មួយ​ដែល​ងើប​ឡើងវិញ ប៉ុន្តែ​នៅ​ជួប​ប្រឈម​ច្រើន ដែល​បញ្ហា​ប្រឈម​ទាំងនោះ​មួយផ្នែក​ទាក់ទង​នឹង​សកល ដូចជា​ប្រេងឥន្ធនៈ​ឡើងថ្លៃ និង​មួយផ្នែក​ទៀត​គឺជា​បញ្ហា​របស់ខ្លួន​យើង ដូចជា​បញ្ហា​អតិផរណា។

លោក វិស្សុត បាន​គូសបញ្ជាក់ថា៖ «ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច នៅតែ​ជា​គន្លឹះ​ធំ​បំផុត ដែល​មិនអាច​ខ្វះ​បាន​នោះទេ។ ហើយ​អ្វីដែល​អាច​រុញឱ្យ​យើង​ធ្វើបាន គឺ​ត្រូវ​ដោះស្រាយ ការកែទម្រង់​ត្រូវតែ​បន្តធ្វើ, ការអនុវត្ត​វិធានការ​គោលនយោបាយ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ត្រូវតែមាន​ប្រសិទ្ធភាព ដូចនេះ យើង​មិនអាច​បង្កើត​ជន្ទល់​សេដ្ឋកិច្ច​ថ្មី​ក៏​មិនបាន ហើយ​ជន្ទល់​ចាស់​ដុសខាត់​មិនល្អ វា​នឹង​ប៉ះពាល់​ដល់​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​របស់​យើង។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​ជួប​បញ្ហា​ទៅ​ថ្ងៃមុខ​ហើយ​យើង​នឹង​មិនអាច​សម្រេចបាន​នូវ​កំណើន ឆ្នាំ​២០២២ ៥,៦ ភាគរយ, ២០២៣ ៦,៥ ភាគរយ ២០២៤ ៧ ភាគរយ​នោះទេ»៕