
ជប៉ុន ប្តេជ្ញាចិត្តក្នុងការបន្តចូលរួមសហការជាមួយកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២២។
ភ្នំពេញៈ ជប៉ុន ប្តេជ្ញាចិត្តក្នុងការបន្តចូលរួមសហការជាមួយកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២២ ជប៉ុនបានវិនិយោគនៅកម្ពុជា ២,៩ ពាន់លានដុល្លារ។
នេះជាការប្តេជ្ញារបស់លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូសរុបចំនួនប្រមាណ ១៣០ រូប កាលពីថ្ងៃថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិបាល។
កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០០៩ មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០៧។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ច្បាប់ស្តីពីវិនិយោគថ្មី បាននិងកំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀតរបស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «សកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា»។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា កន្លងមក ក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរ និងភាពកក់ក្ដៅដល់វិនិយោគិនជប៉ុន។
លោកបានគូសបញ្ជាក់ថា៖ «វាជាការចាំបាច់ណាស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ហើយដែលប្រការនេះនឹងដើរតួជាសាដ៍វិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត»។
ឯកឧត្តមអគ្គរដ្ឋទូតរូបនេះ បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំង ២។
ត្រឹមដំណាច់ខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ ប៊ីលានដុល្លារអាមេរិក៕