
អង្គការ IFAD គ្រោងចំណាយថវិកា ១៥០ លានដុល្លារ សម្រាប់កម្មវិធី ASPIRE 2 ក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូចក្នុងការទាញប្រយោជន៍ពីផលិតកម្មកសិកម្ម។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការ IFAD គ្រោងចំណាយថវិកា ១៥០ លានដុល្លារ សម្រាប់កម្មវិធី ASPIRE 2 ក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូចក្នុងការទាញប្រយោជន៍ពីផលិតកម្មកសិកម្ម ដើម្បីតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ប្រកបដោយគុណភាព និងសុវត្ថិភាព។
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) នឹងបន្តអនុវត្តកម្មវិធីស្តីពីការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ជាជំហានទី ២ ក្រោយពីអនុវត្តបានយ៉ាងជោគជ័យក្នុងជំហានទី ១ ក្នុងការចងក្រងបណ្តុំផលិត, ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការអនុវត្ត CamGAP, ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធតំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេកទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។
លោក ម៉េង សាក់ពូសិទ្ធ តំណាងអង្គការ IFAD បានលើកឡើងថា ដោយមានកិច្ចសហការយ៉ាងល្អប្រសើរក្នុងការជំរុញ គាំទ្រ និងលើកទឹកចិត្តគ្រប់បែបយ៉ាងពីក្រសួងកសិកម្មបានធ្វើឱ្យកម្មវិធី ASPIRE សម្រេចទទួលបានជោគជ័យគួរជាទីមោទនៈ។
លោកបានបញ្ជាក់ថា៖ «តាមការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ច សម្រាប់ការវិនិយោគរបស់កម្មវិធី ASPIRE ១ ដុល្លារ អ្នកទទួលផល (កសិករទូទាំង ២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តាមរយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ ដែលទទួលបានពីកម្មវិធី ASPIRE»។
បើតាមតំណាងអង្គការ IFAD រូបនេះ បន្តបន្ទាប់ ក្រុមការងាររបស់ ASPIRE មានបេសកកម្មក្នុងការរៀបចំកម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ ២០២២-២០២៧, កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយ បរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម, និង គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី ២។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កម្មវិធី ASPIRE បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសសមស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ ១៩។
លោកបានបញ្ជាក់ថា៖ «តាមរយ:កម្មវិធីនេះ បច្ចុប្បន្នយើងឃើញមានហាងលក់បន្លែសុវត្ថិភាពបាននិងកំពុងរីកដុះដាលនៅតាមទីក្រុង ទីប្រជុំជន និងក្នុងសហគមន៍ ដែលភាគច្រើនជាផលិតផលបន្លែ ផ្លែឈើ ត្រី មាន់ ផលិតចេញពីសហគមន៍ និងបណ្តុំផលិត ដែលស្ថិតនៅក្រោមជំនួយបច្ចេកទេសពីកម្មវិធី ASPIRE និងអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់»៕