
កម្មករ-កម្មការិនីរោងចក្រចេញពីធ្វើការងារនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ រដ្ឋបានចាយថវិកាសន្សំអស់ជាង ២១២៧ លានដុល្លារ ក្នុងចំណោមថវិកាជាង ៣៥០០ លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩។
នៅក្នុងវេទិកាសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កាលពីឆ្នាំ២០២០ រដ្ឋគ្រោងនឹងចាយប្រាក់សន្សំប្រមាណ ១ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ១៩ ប៉ុន្តែទីបំផុតចំណាយអស់ត្រឹម ២៤៦លានដុល្លារប៉ុណ្ណោះ។
លោកបានគូសបញ្ជាក់ថា៖ «ចំណែកនៅក្នុងឆ្នាំ ២០២១ រដ្ឋគ្រោងចំណាយថវិកាជាង ៨០០ លានដុល្លារ តែជាក់ស្តែងចាយអស់ដល់ទៅ១៣៨១ លានដុល្លារឯណោះ ខណៈឆ្នាំ ២០២២ គ្រោងនឹងដកលុយសន្សំ ៥០០ លានដុល្លារទៀត ដូចនេះប្រាក់សន្សំកន្លងមកនេះ ចាប់ផ្តើមថមថយហើយ»។
ទោះជាបែបនេះក្តីរដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ច នៅតែមានសុទិដ្ឋិនិយមថា យ៉ាងហោចណាស់ ក៏កម្ពុជា មិនចាំបាច់ខ្ចីលុយពីបរទេសដែរ ព្រោះថា ជាទូទៅ ប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជានោះទេ ដែលទាមទារឱ្យខ្ចីថវិកាពីបរទេស ដើម្បីទប់ទល់វិបត្តិនេះ។
ក្នុងរយៈពេលជិត ២ឆ្នាំ រាជដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការចំនួន ១០ជុំ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ១៩ ដោយក្នុងនោះ ឆ្នាំ ២០២០ បានចាយអស់ ៨៣០ លានដុល្លារ, ឆ្នាំ ២០២១ អស់ ១៣០០ លានដុល្លារ និងឆ្នាំ ២០២២ គ្រោងនឹងចំណាយជាង ១ ពាន់លានដុល្លារបន្ថែមទៀត។ ថវិកាទាំងនោះ បានចំណាយទៅលើការឧបត្ថម្ភដល់ជនក្រីក្រ ការឧបត្ថម្ភដល់កម្មករ-កម្មការិនីរោងចក្រ ចំណាយលើផ្នែកសុខាភិបាល និងការទិញវ៉ាក់សាំងជាដើម៕
វីដេអូ៖