ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ឃីង ថេកណឡជី​ (Opennet) ដែលជា​ប្រតិបត្តិករ​ផ្តល់​សេវា​អ៊ីនធឺណិត ដោយសារ​ក្រុមហ៊ុន​នេះ​មិនបាន​ទូទាត់​បំណុល​ជូន​រដ្ឋ​ក្រោយ​ទុកពេល ៧ ​ថ្ងៃ​។

លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​វិធានការ​ចំពោះមុខ​នៅក្នុង​រយៈពេល​នៃ​ការព្យួរ​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន Opennet នេះ ក្រសួង​តម្រូវឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការផ្ដល់សេវា​ជូន​អតិថិជន​ថ្មីៗ និង​ចុះកិច្ចសន្យា​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ផ្សេងៗ​ទៀត​។ លោក​បន្តថា ការអនុវត្ត​វិធានការ​នេះ​នឹងមិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត រួមទាំង​សេវា Wifi របស់​អតិថិជន​នោះទេ​។

លោក សូ វិសុទ្ធី បាន​ថ្លែងថា​៖ «​ក្រសួង​នឹង​ចាត់វិធានការ​នានា​ស្របតាម​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ ក៏ដូចជា​ច្បាប់ និង​បទប្បញ្ញត្តិ​ជា​ធរមាន ដើម្បីឱ្យ​ក្រុមហ៊ុន Opennet សង​បំណុល និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅដល់​អ្នកប្រើប្រាស់​ជា​អប្បបរមា​»​។

ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​នេះ គឺ​អនុវត្តតាម​មាត្រា​ ៧៨ ​នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ ព្រមទាំង​ចាត់វិធានការ​ដទៃទៀត​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

បើតាម​លោក វិសុទ្ធី បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ដែល​បានទទួល​អាជ្ញាប័ណ្ណ និង​កំពុង​ដំណើរ​ការផ្តល់សេវា​អ៊ីនធឺណិត​ចំនួន ៣៨ ផ្សេងទៀត​។ ដូច្នេះ​ការបញ្ឈប់​ប្រតិបត្តិការ Opennet នឹង​ពុំ​ប៉ះពាល់​ដល់​ស្ថានភាព​ទីផ្សារ ថ្លៃ និង​ជម្រើស​ការទទួល​សេវា​អ៊ីនធឺណិត​ឡើយ​។

មកទល់​ពេលនេះ​គេ​មិនទាន់​ឃើញ​មាន​សេចក្តី​ជូនដំណឹង​ជា​ផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន ឃីង ថេកណឡជី នៅឡើយ​ទេ ខណៈ​មាន​អតិថិជន​ជាច្រើន​កំពុង​បារម្ភ​ពី​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​នេះ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគន៍ កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ បានចេញ​សេចក្តី​ជូន​ដំណឹង​រួមគ្នា​ដោយបាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត Opennet រយៈពេល ៧ ​ថ្ងៃ ដើម្បី​ទូទាត់​បំណុល​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់​រដ្ឋ​។

បើតាម លោក វិសុទ្ធី ក្រសួង​បាន​ទុកពេល​ឱ្យ​ក្រុមហ៊ុន​នេះ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ ដើម្បីឱ្យ​ក្រុមហ៊ុន​ទូទាត់​បំណុល​ដែល​នៅ​សេសសល់ ប៉ុន្តែ​ក្រុមហ៊ុន​មិន​អើពើ​ទើប​ឈានដល់​ការព្យួរ​អាជ្ញាប័ណ្ណ​បែបនេះ​។ លោក​បន្តថា ក្រសួង​នឹង​លុប​-​ចោលការ​ព្យួរ​នេះ​នៅក្នុង​ករណី​ដែល​ក្រុមហ៊ុន​សងបំណុល​រដ្ឋ​ទាំងអស់​រួចរាល់​។

ក្រុមហ៊ុន King Technologies (Opennet) ​បាន​ជំពាក់​បំណុល​រដ្ឋ​ជាង ៦​ លាន​ដុល្លារ ដោយ​ជំពាក់​តាំងពី​ឆ្នាំ​ ២០១៧ ដល់​ឆ្នាំ​ ២០១៩ ហើយ​ក្រុមហ៊ុន​បាន​បង់​បំណុល​ជាង​ ១,៣ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បើតាម​របាយការណ៍​ចេញផ្សាយ​ដោយ Hootsuite នៅ​ឆ្នាំ​ ២០២០ តួលេខ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន​ប្រមាណ ៨,៨៦​ លាន​នាក់​ស្មើ ៥២,៦ ​ភាគរយ​នៃ​ប្រជាជន​សរុប​។ ក្នុងនោះ​អ្នក​ប្រើ​បណ្តាញ​សង្គម​មាន ១២ ​លាន​នាក់ ស្មើ​ ៧១,៣​ ភាគរយ ខណៈ​ការប្រើប្រាស់​សេវា​ទូរស័ព្ទ ២១,១៨ ​លាន​នាក់ ស្មើ ១២៥,៨ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ទាំងអស់​៕ LA

វីដេអូ៖