ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម HLH Agriculture (Cambodia) Limited ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat Group Limited របស់​ប្រទេស​សិង្ហបុរី​បានប្រកាស​បើកសម្ពោធ​មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-​សិង្ហបុរី (CSAH) របស់ខ្លួន​ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រម​ជាមួយនឹង​ការចុះ​អនុស្សរណៈ​ជាមួយ​សហព័ន្ធ​ផលិតកម្ម​សិង្ហបុរី Singapore Manufacturing Federation (SMF) ដើម្បី​ជួយ​ជំរុញ​ទាក់ទាញ​វិនិយោគិន​នៅក្រៅ​ប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​ទីនោះ​ផងដែរ​។

CSAH មាន​ផ្ទៃដី​ប្រមាណ ១០ ០០០ ​ហិកតា ស្ថិតនៅក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវ​បានប្រកាស​បើកសម្ពោធ​កាលពី​រាត្រី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ដោយមាន​ការចូលរួម​ពី​អ្នកវិនិយោគ​ធំៗ​ជាច្រើន ពិសេស​មកពី​ប្រទេស​សិង្ហបុរី​។ គម្រោង​នេះ​ត្រូវបាន​រចនា​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដ៏ល្បី​នៅ​ប្រទេស​សិង្ហបុរី Swan & Maclaren ដោយ បាន​បែងចែក​ដី​ជា ១៦ ​តំបន់​ផ្សេងៗ​គ្នា​រួមមាន​ដូចជា តំបន់​សម្រាប់​ការធ្វើ​កសិកម្ម​, ចិញ្ចឹមសត្វ​, ផលិត​ចំណី​សត្វ​, ដី​សម្រាប់​ឯកជន​, កន្លែង​ស្នាក់នៅ​រួម​, មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​, រុករក​រ៉ែ​, ឧស្សាហកម្ម​, ថាមពល​អគ្គិសនី​ (​សូឡា​) និង​ផលិត​គ្រឿងសំណង់​ជាដើម​។

លោក Ryan Ong Jia Ming តំណាង​ក្រុមហ៊ុន HLH Agriculture (Cambodia) Limi-ted បាន​និយាយថា ក្រោម​ការរចនា​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Swan & Maclaren មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-​សិង្ហបុរី (CSAH) គឺជា​កន្លែង​ដ៏ល្អ​ដែល​នឹង​គ្របដណ្តប់​តំបន់​សំខាន់ៗ​សម្រាប់​បម្រើ​វិស័យ​កសិកម្ម ការរស់នៅ និង​ការធ្វើ​អាជីវកម្ម​។ ការអភិវឌ្ឍ​គម្រោង​នេះ​នឹងត្រូវ​ធ្វើឡើង ៣ ដំណាក់កាល​។ លោក​បន្ថែមថា ផ្នែក​ដ៏ល្អ​នៃ​មជ្ឈមណ្ឌល​នេះ​ក៏​នឹង​ត្រូវបាន​បម្រុង​ទុក​សម្រាប់​តំបន់​ចំហ តំបន់​បៃតង អាង​ស្តុក​ទឹក និង​ផ្លូវ សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន ដោយ​ផ្លាស់ប្តូរ​ឱ្យ​ទៅជា​ទីក្រុង​អេកូកសិកម្ម ឈានមុខ​គេ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​មកពី​ប្រទេស​សិង្ហបុរី Hong Lai Huat Group Limited ជា ក្រុមហ៊ុន​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ខ្នាត​ធំ និង​ការអភិវឌ្ឍ អចលនទ្រព្យ​នៅ​សិង្ហបុរី និង​ប្រទេស​កម្ពុជា​។ យើង​មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការនាំយក​ជំនាញ និង​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ដូច្នេះ​មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-​សិង្ហបុរី​ត្រូវបាន​រៀបចំ​យ៉ាង​ពិសេស​ជាមួយ​នឹង​ការដាក់​សម្រាប់​​ប្រើប្រាស់ និង​ការធ្វើ​អាជីវកម្ម ឬ​ជំនួញ​ផ្សេងៗ​»​។

ការចុះ MoU រវាង​តំណាង​ Hong Lai Huat Group Limited តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ SMF​។ រូបថត សហការី

ក្នុងឱកាស​ពិធី​បើកសម្ពោធ​មជ្ឈមណ្ឌល CSAH នេះ​ក៏មាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU) រវាង​ក្រុមហ៊ុន Hong Lai Huat Group Limited ជាមួយនឹង​សហព័ន្ធ​ផលិតកម្ម​សិង្ហបុរី​ (SMF)​ តាមរយៈ​ប្រព័ន្ធ​អនឡាញ​ផងដែរ​។ គោលបំណង MoU នេះ​គឺ​ដើម្បី​ជួយ​បង្កើន និង​លើកកម្ពស់​វិស័យ​កសិកម្ម និង​ឱកាស​វិនិយោគ​ដល់​ធុរកិច្ច​ក្នុងប្រទេស​សិង្ហបុរី សម្រាប់​មជ្ឈមណ្ឌល​ CSAH ផងដែរ​។

ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន Hong Lai Huat Group Limited លោក លេង ឃាង បាន​និយាយថា បន្ទាប់ពី​ទទួលបាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​បានធ្វើការ ឈូសឆាយដី និង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ទឹក ព្រមទាំង​បាន​ដាំ​ដំឡូងមី និង បង្កើតជា​រោងចក្រ​សម្រាប់​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​បាន​មួយចំនួន​រួចហើយ​។ CSAH គឺជា​គម្រោង​វិនិយោគ​ផ្នែក​ក​សិ​-​កម្ម និង​ពាណិជ្ជកម្ម​ចម្រុះ​ឈានមុខ​គេ​នៅ​កម្ពុជា ដោយ​គម្រោង​នេះ​ត្រូវបាន​រៀបចំ​បែង​ចែកជា​តំបន់​សំខាន់ៗ​ចំនួន ១៦ ផ្សេង​គ្នា​សម្រាប់​ផ្តល់​ជា​ជម្រើស​ដល់​អ្នកវិនិយោគ​តាម​ប្រភេទ​នៃ​អាជីវកម្ម​របស់​ពួកគេ​។

លោក​បន្ថែមថា​៖ «​យើង​ចង់​ទាញ​អ្នកវិនិយោគ​ក្នុងស្រុក​ និង​អ្នកវិនិយោគ​បរទេស ពិសេស​សិង្ហបុរី​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​ទីនោះ​ឱ្យបាន​ច្រើន ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បានរៀបចំ​ទីតាំង និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ស្ទើរ​រួចរាល់​ហើយ​។ គិត​មកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ថវិកា​អស់​ជាង ៣០ ​លាន​ដុល្លារ​ហើយ​លើ​ការសិក្សា និង​ការរៀបចំ​ផ្សេងៗ​លើ​ទីតាំង​នេះ​»​។

លោក​បន្ថែមថា ទីតាំង​របស់ CSAH គឺមាន​ភាពអំណោយផល​គ្រប់ផ្នែក​ទាំង​កត្តា​អាកាសធាតុ បរិស្ថាន និង​ការដឹកជញ្ជូន ព្រោះ​នៅ​ជិត​ផ្លូវជាតិ​សំខាន់ៗ​ដូចជា​ផ្លូវជាតិ​លេខ ៣, ៤, ៤១, ៤៤ និង​ ៥១​។

យោងតាម​លោក លេង ឃាង ប្រសិនបើ​មិនមាន​ឧបសគ្គ​ណា​នោះ គម្រោង CSAH អាច​នឹង​សម្រេច​ទៅតាម​ផែនការ​គ្រោងទុក​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ខាងមុខ ខណៈ​បច្ចុប្បន្ន​នៅ​ទីតាំង​របស់ CSAH មាន​កម្មករ​កំពុង​បម្រើការ​ជាង ៤០០ ​នាក់​។

មជ្ឈមណ្ឌល​កសិកម្ម​កម្ពុជា-​សិង្ហបុរី​ (CSAH) គឺជា​គម្រោង​អភិវឌ្ឍន៍​ធំ​ទី ៣ នៅ​កម្ពុជា​របស់ Hong Lai Huat Group Limited បន្ទាប់ពី​គម្រោង​ទី ១ ដែលមាន​ឈ្មោះ D''seaview នៅក្នុង​ក្រុងព្រះសីហនុ និង​ទី​ ២ គម្រោង​វិនិយោគ​ខុនដូ Royal Platinum ជាមួយ​ក្រុមហ៊ុន Royal Group៕ LA