ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាយ​ថវិកា​សន្សំ​របស់​រដ្ឋ​អស់​ជាង ២១២៧ ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ​២០២០ ដល់​ឆ្នាំ​ ២០២២ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

ក្នុង​វេទិកាសាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ថវិកា​ជាង ២ ១២៧ ​លាន​ដុល្លារ​ត្រូវបាន​ដកចេញ​ពី​ប្រាក់​សន្សំ​ជាង ៣ ៥០០ ​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សន្សំទុក ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​។ ដោយ​ក្នុងនោះ​កាលពី​ឆ្នាំ​ ២០២០ រដ្ឋ​គ្រោង​នឹង​ចាយប្រាក់​សន្សំ​ប្រមាណ ១ ​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ​ ១៩ ប៉ុន្តែ​ចំណាយ​អស់​ត្រឹម ២៤៦ ​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២១ រដ្ឋ​ចំណាយ​លើស​វិញ​ដោយ​ដំបូង​គ្រោង​នឹង​ចាយ​ថវិកា​ជាង ៨០០ ​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្តែង​ចាយ​អស់​ដល់​ទៅ ១ ៣៨១​ លាន​ដុល្លារ​ឯណោះ ខណៈ​ឆ្នាំ​ ២០២២ ​រដ្ឋ​គ្រោង​នឹង​ដក​លុយ​សន្សំ ៥០០​ លាន​ដុល្លារ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងត្រូវ​ចំណាយ​កាន់តែច្រើន ខណៈដែល​ធនធាន​កាន់តែ​ស្តួចស្តើង ដោយសារតែ​កម្ពុជា​ត្រូវ​ធ្វើជា​ប្រធាន​អាស៊ាន​ត្រូវ​ចំណាយ ៤០-៥០ ​លាន​ដុល្លារ ខណៈ​ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ចំណាយ​ប្រហែល​ ៧០​ លាន​ដុល្លារ​ទៀត​»​។

លោក​បន្ថែមថា ដើម្បី​ទប់ទល់​នឹង​ការចំណាយ​ដូចនេះ ផ្នែក​រក​ចំណូល​ដូចជា គយ និង​ពន្ធដារ​ត្រូវតែ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព ខណៈ​ការចំណាយ​ចរន្ត​របស់​រដ្ឋ​ក៏​ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ដែរ​។

បែបនេះ​ក្តី​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច នៅតែមាន​សុទិដ្ឋិនិយម​ថា យ៉ាងហោចណាស់ ក៏​កម្ពុជា​មិនចាំបាច់​ខ្ចីលុយ​ពី​បរទេស​ដែរ ព្រោះ​ជាទូទៅ​ប្រទេស​មួយចំនួន មិនមាន​ថវិកា​សន្សំ​ដូច​កម្ពុជា​ទេ ដែល​ទាមទារ​ឱ្យ​ខ្ចី​ពី​បរទេស ដើម្បី​ទប់ទល់​វិបត្តិ​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថវិកា​សន្សំ​របស់​រដ្ឋ​កាន់តែ​ថមថយ​នេះ គឺជា​ហានិភ័យ​មួយ ខណៈ​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​ការរាតត្បាត​នៅឡើយ​។ លោក​បន្ថែមថា ជាធម្មតា នៅពេលដែល​ចំណូល​ត្រូវបាន​កាត់បន្ថយ ហើយ​ចំណាយ​កាន់តែ​ច្រើន គឺអាច​មាន​បញ្ហា ខណៈ​ដែល​បញ្ហា​ផ្សេងទៀត​ដូចជា អតិផរណា និង​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ជាដើម ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ស្វះ​ស្វែងរក​កញ្ចប់​ថវិកា​ដើម្បី​បំពេញ​។

ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ​លោក​យល់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយសារតែ​កម្ពុជា​ជួប​វិបត្តិ​នេះ​រយៈពេល​ ២ ​ឆ្នាំ​មកហើយ​។

លោក​បញ្ជាក់ថា​៖ «​នេះ​មិនមែនជា​វិបត្តិ​ថ្មី​សម្រាប់​យើង​ទេ ដូចនេះ​ខ្ញុំ​យល់ឃើញ​ថា រដ្ឋ​យើង​ប្រាកដជា​បានគ្រោង​រួចស្រេច​ហើយ​ដើម្បី​ទប់​នឹង​បញ្ហា​កូវីដ​ ១៩ ​នេះ ដែល​បានផ្តល់​ផលប៉ះពាល់​ទៅលើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា SME វិស័យ​ទេសចរណ៍ វិស័យ​សេវាកម្ម​រួម​នឹង​ការវិនិយោគ​បន្ថែម​លើ​វិស័យ​កសិកម្ម​ជាដើម​»​។

បែបនេះ​ក្តី​លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះដែរ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​ក្នុង​វិស័យ​សុខាភិបាល និង​ដើម្បីឱ្យ​រដ្ឋ​អាច​យក​ថវិកា​ដែលមាន​ទៅប្រើប្រាស់​លើ​វិស័យ​ចាំបាច់​ផ្សេងទៀត​។

ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​វិធានការ​ចំនួន ១០ ​ជុំ ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​នៃ​វិបត្តិការ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូវីដ-១៩ ដោយ​ថវិកា​ទាំងនោះ​ចំណាយ​ទៅលើ​ការឧបត្ថម្ភ​ដល់​ជនក្រីក្រ ការឧបត្ថម្ភ​ដល់​កម្មករ​កម្មារិនី​រោងចក្រ ចំណាយ​លើ​ផ្នែក​សុខាភិបាល និង​ការទិញ​វ៉ាក់សាំង​ជាដើម​។ សម្រាប់​ឆ្នាំ​ ២០២០ រដ្ឋ​បាន​ចំណាយ​ថវិកា​អស់ ៨៣០​ លាន​ដុល្លារ​,​ឆ្នាំ​ ២០២១ ចំនួន ១ ៣០០​ លាន​ដុល្លារ និង​ឆ្នាំ​ ២០២២ ​គ្រោង​នឹង​ចំណាយ​ជាង ១ ​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​៕ LA