
លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ រូបថត សហការី
ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើងថា សកម្មភាពនៃការវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២។
លោកនិយាយថា កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ ២០០៩ មកក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីកម្ពុជា និងអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០០៧។ គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីឱ្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧ ក្រោមទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារ។
លោកបញ្ជាក់ថា៖ «ច្បាប់ស្តីពីវិនិយោគថ្មីកំពុងក្លាយជាមូលដ្ឋានគតិយុត្តដ៏រឹងមាំមួយទៀតរបស់កម្ពុជាសម្រាប់ទាក់ទាញការវិនិយោគជាពិសេសវិនិយោគិនមកពីជប៉ុនដែលនឹងជួយជំរុញដល់ការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ ១៩»។
ការលើកឡើងរបស់លោក ចិន្តាសោភា គឺស្របគ្នានឹងការបញ្ជាក់របស់លោក វង្សី វិស្សុត មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដែរ ដោយលោកអះអាងថាកំណើននៃវិស័យឧស្សាហកម្មកម្មន្តសាលបានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកើនដល់ ៣ ភាគរយក្នុងឆ្នាំ ២០២១។
ក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ កាលពីថ្ងៃទី ១៨ ខែកុម្ភៈកន្លងទៅ លោក វង្សី វិស្សុត បានថ្លែងថា ដោយសារសមិទ្ធកម្មផ្នែកកម្មន្តសាលធ្វើបានល្អទើបធ្វើឱ្យតម្លៃបន្ថែមក្នុងផ្នែកនេះកើនដល់ ៨ ភាគរយ ខណៈការគ្រោងទុកមានត្រឹមតែ ៤,៦ ភាគរយប៉ុណ្ណោះ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជានៅតែមានកំណើនទោះបីប្រទេសទាំង ២ បានជួបប្រទះវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ។ លោកបន្ថែមថា សព្វថ្ងៃមានក្រុមហ៊ុនជប៉ុនជាច្រើនកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ពិសេសតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅក្នុងខេត្តកោះកុង ដោយបានវិនិយោគស្ទើរគ្រប់វិស័យពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ។
លោកបានប្រាប់ថា៖ «វិស័យកម្មន្តសាល ជាអនុវិស័យមួយដែលគាំពារដល់ការវិនិយោគក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជាឱ្យមានលំនឹងជាងវិស័យកាត់ដេរ។ ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចការសម្រួលផ្នែកវិនិយោគពាណិជ្ជកម្មពីក្រសួងសេដ្ឋកិច្ច និង CDC យើងរំពឹងថា ជប៉ុននឹងបន្តវិនិយោគបន្ថែមលើវិស័យផ្សេងនៅកម្ពុជា បន្ទាប់ពីផ្នែកឧស្សាហកម្មកម្មន្តសាលនេះ»។
លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជាបានលើកឡើងថា កន្លងមកក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុនដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរ និងភាពកក់ក្ដៅដល់វិនិយោគិនជប៉ុន។
លោកបញ្ជាក់ថា៖ «វាជាការចាំបាច់ណាស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុនដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ដែលប្រការនេះនឹងដើរតួជាសារដ៏វិជ្ជមានសម្រាប់ទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត»។
តួលេខពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងឆ្នាំ ២០២១ សម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ ក្នុងនោះការនាំចេញទៅប្រទេសជប៉ុនមានទឹកប្រាក់សរុបចំនួន ១ ០៩៤ លានដុល្លារ កើន ៣,៦១ ភាគរយ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង ៦០៧ លានដុល្លារធ្លាក់ចុះចំនួន ៤,៦៨ ភាគរយ៕ LA