ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាពេល​ថ្មីៗ​នេះ​បាន​អះអាងថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ដែល​បានរៀបចំ​ឡើង​កាលពី​ឆ្នាំ​ ២០២០ នឹងត្រូវ​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។

ក្នុង​វេទិកាសាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២២ កាល​ថ្ងៃទី​ ១៨ ខែកុម្ភៈ លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា វិស័យ​កាត់ដេរ គឺជា​វិស័យ​ចន្ទល់​សេដ្ឋកិច្ច​សំខាន់​សម្រាប់​កម្ពុជា ដូច្នេះ​ចាប់តាំងពី​ឆ្នាំ​ ២០២០ ​មក ក្រសួង​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​។

លោក​បន្ថែមថា ក្នុង​រយៈពេល​ ២០​ ឆ្នាំ​មកនេះ តម្លៃបន្ថែម​ក្នុង​វិស័យ​កាត់ដេរ គឺ​ស្ថិតនៅ​ទាប​នៅឡើយ ព្រោះ​ទំនិញ​ដែល​កម្ពុជា​ផលិត​នៅមាន​លក្ខណៈសាមញ្ញ ដូច្នេះ​ដើម្បីឱ្យ​វិស័យនេះ​បានទទួល​តម្លៃ​ខ្ពស់ និង​អាច​ផលិត​ទំនិញ​ល្អប្រសើរ​ជាង​មុន គឺ​ត្រូវតែ​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​នេះ​។

លោក​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​នេះ​បានរៀបចំ​រួចរាល់​ហើយ ដោយ​គ្រោង​នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច​បន្ទាប់មក​អាច​នឹង​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​»​។

ក្នុង​វេទិកា​នោះដែរ លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​សង្កត់ធ្ងន់ថា វិស័យ​កាត់ដេរ​នៅតែមាន​សក្តានុពល​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​ទាមទារ​ឱ្យមាន​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឱ្យបាន​ត្រឹមត្រូវ ស្របពេល​ដៃគូ​ប្រកួតប្រជែង​របស់​កម្ពុជា​ដូចជា វៀតណាម បង់ក្លាដែស និង​មីយ៉ាន់ម៉ា​បាន​បាត់បង់​ឱកាស​។

លោក​លើកឡើង​ថា​៖ «​រដ្ឋាភិបាល​ចង់ឃើញ​វិស័យ​កាត់ដេរ​ឈាន​ទៅរក​ការផលិត​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់ ហើយក៏​ជា​ទំនិញ​មានតម្លៃ​បន្ថែម​ខ្ពស់​ដែរ​។ ម្យ៉ាងទៀត យុទ្ធសាស្ត្រ​នេះ​ក៏មាន​គោលដៅ​បង្កើន​ចំនួន​អ្នកវិនិយោគ​ជា​ជនជាតិខ្មែរ​ផងដែរ ព្រោះ​បច្ចុប្បន្ន អ្នកវិនិយោគ​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ ៩៥ ​ភាគរយ​ជា​ជនបរទេស​»​។

ចំពោះ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ លោក កាំង ម៉ូនីកា អគ្គលេខាធិការង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើ​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​ដាក់ចេញ​ក្នុង​ពេល​ឆាប់ៗ​គឺជា​ការប្រសើរ ព្រោះ​យុទ្ធសាស្ត្រ​នេះ​នឹង​ក្លាយទៅជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​ក្នុងការ​រក្សាបាន​នូវ​ភាពប្រកួតប្រជែង​។

លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​គួរតែ​ត្រូវបាន​ដាក់ចេញ​យូរ​មកហើយ ដោយសារ​ភាគី​ពាក់ពាក់ព័ន្ធ​បាន​ពិភាក្សាគ្នា ដើម្បី​អភិវឌ្ឍ​គោលនយោបាយ​នេះ​យូរ​ដែរ​ហើយ​ដោយ​ផ្តោតទៅលើ​វិស័យ​ការងារ​ដូចជា ការលើកកម្ពស់​សុខុមាលភាព​កម្មករ​, ការលើកកម្ពស់​ផលិតភាព​កម្មករ​,​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការបង្កើន​ជំនាញ​ជាដើម​។

លោក​លើកឡើង​ថា​៖ «​ដើម្បី​អាច​ផលិត​ទំនិញ​ល្អ មាន​គុណភាព​ខ្ពស់ យើង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ ដូច្នេះ​ទើប​យើង​ត្រូវផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​ការបង្កើន​ជំនាញ​របស់​កម្មករនិយោជិត​»​។

ការនាំចេញ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ កាលពី​ឆ្នាំ​ ២០២១ មាន​កំណើន​ជាង​ ១០​ ភាគរយ​។ ប៉ុន្តែ​បើតាម​លោក ម៉ូនីកា ថ្វី​ដ្បិត​ការនាំចេញ​មាន​កំណើន​ជា​វិជ្ជមាន​ក៏ពិតមែន តែ​មិន​ប្រាកដថា កម្រិត​នៃ​ប្រាក់ចំណេញ​ច្រើន​ដូច​ពេល​កន្លងមក​ទេ ព្រោះ​រោងចក្រ​មានការ​ចំណាយ​ច្រើន​ក្នុង​បរិបទ​កូវីដ-១៩ នេះ ដូចជា វិធាន​ការពារ​នៅតាម​រោងចក្រ​,​បញ្ហា​កម្លាំង​ពលកម្ម គួបផ្សំ​នឹង​ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ផងដែរ​។

ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុនថៃ បានឱ្យដឹងថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​នឹង​រួមចំណែក​លើកកម្ពស់​ជំនាញ​របស់​កម្មករ​ពី​ទាប​ទៅ​ខ្ពស់ ថែមទាំង​ជួយ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ « នៅពេលនេះ​រោងចក្រ​ជាច្រើន​បាននិង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នៅក្នុង​រោងចក្រ​របស់​ពួកគេ ដែល​អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព និង​បរិមាណ​ទំនិញ​ដែល​បាន​ផលិត ដែល​នោះ​គឺជា​ការផ្លាស់ប្តូរ​ទៅកាន់​ឧស្សាហកម្ម ៤.០»​។

រយៈពេល​ ១០​ ខែ​ដំបូង នៃ​ឆ្នាំ​ ២០២១ ការនាំចេញ​សម្លៀកបំពាក់ សម្រេចបាន​ទឹកប្រាក់ ៦ ៥៣៨ ​លាន​ដុល្លារ​កើនឡើង ៦ ភាគរយ​ធៀប​ឆ្នាំ​ ២០២០​។ ទឹកប្រាក់​ពី​ការនាំចេញ​ស្បែកជើង​មាន ១ ១១៣ ​លាន​ដុល្លារ កើនឡើង​ ២០ ​ភាគរយ​។ ការនាំចេញ​ផលិតផល​ធ្វើដំណើរ​មាន​ចំនួន​ ១ ១៧៩ ​លាន​ដុល្លារ​កើនឡើង ​៤៩ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍ GMAC៕ LA