ភ្នំពេញៈ កម្ពុជា​រក​ចំណូល​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ត្រឹម​ ១៨៤​ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០២១ ធ្លាក់ចុះ ៨២​ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២០ ខណៈ​ការធ្លាក់ចុះ​ដ៏គំហុក​នេះ​គឺ​បណ្តាលមកពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

តារាង​សូចនាករ​គន្លឹះ​ទេសចរណ៍ និង​​ស្ថិតិ​ទេសចរ​ផ្លូវការ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា នៅក្នុង​ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១៩៦ ៤៩៥ ​នាក់ ថយចុះ ៨៥​ ភាគរយ ធៀប​ឆ្នាំ​ ២០២០ ខណៈ​ចំណូល​បាន​ពី​ទេសចរ-​អន្តរជាតិ​មាន ១៨៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ៨២​ ភាគរយ​ពី​ចំនួន ១ ០២៣ ​លាន​ដុល្លារ កាលពី​ឆ្នាំ ​២០២០​។

ឆ្នាំ​ ២០១៩ ត្រូវបាន​គេ​ចាត់ទុកជា​ពេលដែល​ប្រទេស​កម្ពុជា​ទទួលបាន​ចំណូល​ពី​ទេសចរ​អន្តរជាតិ​ច្រើន​​ជាងគេ ដោយមាន​ចំនួន ៤ ៩១៩ ​លាន​ដុល្លារ​កើនឡើង ១២,៤ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៨​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២១ ខែកុម្ភៈ ថា ទោះបី​ស្ថានភាព​នៃ​ការរីក​រាលដាល​របស់​មេរោគ​បំប្លែង​ថ្មី អូមីក្រុង នៅ​បន្ត​ការគំរាមកំហែង​ដល់​សុខភាព​សាធារណៈ និង​វិស័យ​ទេសចរណ៍​ពិភពលោក ក៏​ចរន្ត​នៃ​ការផ្តួចផ្តើម​ឱ្យមាន​សកម្មភាព​ទេសចរណ៍​អន្តរជាតិ គឺ​បាននិង​កំពុង​កើត​មាននៅ​គ្រប់​ប្រទេស​ទាំងអស់​ជា​បណ្តើរៗ​ហើយ​។ ជាក់ស្តែង​ក្រៅពី​ប្រទេស​កម្ពុជា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដូចជា ប្រទេស​វៀតណាម ថៃ និង​សិង្ហបុរី ជាដើម​សុទ្ធតែ​កំពុង​ត្រៀម​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។ លោក​បន្តថា ជាមួយ​នឹង​និន្នាការ​នេះ កម្ពុជា​រំពឹងថា នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ចំណូល​ពី​ទេសចរ​អន្តរជាតិ​នឹងមាន​កំណើន​ឡើងវិញ​បើ​ធៀប​ឆ្នាំ​ ២០២១​។

លោក​លើកឡើងថា​៖ «​វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​ទទួលបាន​ចំណេញ​ភាព​ពី​ការកាត់បន្ថយ​លក្ខខណ្ឌ​នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​ប្រទេស​ជិតខាង​ (​ថៃ និង​វៀតណាម​) ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ផងដែរ ព្រោះ​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ប្រទេស​ទាំងនេះ​អាច​នឹង​បន្ត​ចូលមក​កម្សាន្ត​កម្ពុជា​ផងដែរ​»​។

លោក​បន្ថែមទៀតថា ការធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវទេសចរ និង​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ២ ​ឆ្នាំនេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​នៅក្នុង​វិស័យនេះ​ដោយមាន​ក្រុមហ៊ុន​/​ប្រតិបត្តិករ​លើសពី ៧០ ​ភាគរយ​បាន​បិទបញ្ចប់​សកម្មភាព​។ លោក​បន្តថា ទោះយ៉ាងណា​ក្នុង​អំឡុងពេល​ដ៏​ពិបាក​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ជួយ​សម្រាល​បន្ទុក​ដល់​អ្នក​ទទួលផល​ប៉ះពាល់​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ចាប់តាំងពី​វិស័យ​ទេសចរណ៍​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ មក រាជរដ្ឋាភិបាល​បានផ្តល់​សម្បទាន​ជាច្រើន​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការផ្តល់​ថវិកា និង​ការលើកលែង​ពន្ធ​មួយចំនួន​»​។

ដោយឡែក​ប្រធាន​សមាគម​ទេសចរណ៍ PATA លោក ធួន ស៊ីណាន បាន​និយាយថា ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​កំពុង​បន្ត​ការគំរាមកំហែង​ខ្លាំង ដូច្នេះ​លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ទេសចរណ៍​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ នេះ​នឹងមាន​ដំណើរការ​បែបណា​នោះទេ​។

លោក​បន្ថែមថា​៖ «​វត្តមាន​អូមីក្រុង​នឹង​ធ្វើឱ្យប៉ះពាល់​យូរអង្វែង​លើ​សេដ្ឋកិច្ច និង​ទេសចរណ៍​របស់​កម្ពុជា និង​លើ​ពិភពលោក​ទាំងមូល​»​។

សម្រាប់​ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក លោក​ប្រាប់ថា មិនមាន​បញ្ហា​អ្វី​ទេ​។

អ្នកនាំពាក្យ​នៃ​ក្រសួង​ទេសចរណ៍​លោក ជុក ជំនោរ កាលពីពេល​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​រំខាន​ដល់​ឧស្សាហកម្ម​នេះ​រយៈពេល​ជាង ២ ឆ្នាំ​មកហើយ ខណៈ​ប្រទេស​ជាច្រើន​បាន​បិទ​ច្រកចូល​អន្តរជាតិ​របស់​ខ្លួន​។

លោក​ថ្លែងថា​៖ «​ជាការ​ពិត​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​ខ្លាំង​ឆ្នាំមុន ដោយសារ​ការរីករាលដាល​កូវីដ-១៩ ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​មួយចំនួន​សម្រេច​បិទ​ប្រទេស​។ ទោះយ៉ាងណា ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ដែល​រួមទាំង​ភ្ញៀវ​បរទេស​ស្នាក់នៅ​ក្នុងប្រទេស និង​ភ្ញៀវ​នៅក្នុង​ស្រុក នៅតែមាន​ភាពល្អប្រសើរ​ទោះជា​ធ្លាក់ចុះ​ប្រហែល ៣៥ ភាគរយ​កាលពី​ឆ្នាំមុន​ក៏ដោយ​»​។

លោក​បន្តថា ទោះ​មានការ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ក្រសួង​ទេសចរណ៍​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ផែនទី​បង្ហាញផ្លូវ​ជាច្រើន ដើម្បី​កសាង​ប្រទេស​ជា​ទិសដៅ​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​។

យោងតាម​ក្រសួង​ទេសចរណ៍ ក្នុង​ឆ្នាំ ​២០២១ វិស័យ​ទេសចរណ៍​បានរួម​ចំណែក​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ ១,៨ ​ភាគរយ​ធ្លាក់​ពី ៣​ ភាគរយ​កាលពី​ឆ្នាំ​​២០២០៕ LA