ភ្នំពេញៈ ក្រុមហ៊ុន Mercan Group មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា​បាន​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ​ក្នុងស្រុក​ចំនួន ៤ ដើម្បី​សហការ​គ្នា បង្កើត​ឱកាស​វិនិយោគ​ថ្មី និង​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ចូលក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ក្រុមហ៊ុន Zillennium Co.,Ltd(Z1 Group), Z1 Financial, Century 21 Fortuna Investment, និង​ក្រុមហ៊ុន Mercan Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា និង Mercadia Cambodia ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU)​ លើ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​បណ្ដា​រដ្ឋ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ឱ្យ​ចាក់​បញ្ចូល​សាច់ប្រាក់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។

លោក Jerry Morgan ប្រធាន​នាយក​ប្រតិបត្តិ Mercan Group បានឱ្យដឹងថា ស្ថិតក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន​លោក​គម្រោង​ចំនួន ៤០ កំពុង​វិនិយោគ​នៅ​អាមេរិក និង ១៥ ទៀត​នៅក្នុង​ប្រទេស​ព័រទុយហ្គាល់​។ លោក​បន្តថា​៖ «​ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​វិនិយោគិន​នៅ​កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ដែល​ផ្ដល់ប្រាក់​ចំណេញ​»​។

លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងថា ព័រទុយហ្គាល់​មិន​ត្រឹមតែ​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការវិនិយោគ​លើ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប្រទេស​នេះ​ក៏​ជា​កន្លែង​ដ៏គួរឱ្យ​ទាក់ទាញ​សម្រាប់​ការរស់នៅ​ផងដែរ ដោយសារ​ប្រព័ន្ធ​សន្តិសុខ និង​ការថែទាំ​សុខភាព​ដ៏ទំនើប ហើយ​តម្លៃ​នៃ​ការ​រស់​នៅមានកម្រិត​ទាប​នៅក្នុង​ប្លុក​សហភាព​អឺរ៉ុប​។

លោក​លើកឡើង​ថា​៖ «​ការវិនិយោគ​ផ្នែក​អចលនទ្រព្យ​នៅ​ប្រទេស​ព័រទុយហ្គាល់​គួរឱ្យ​ទាក់ទាញ​។ ជនបរទេស​អាច​ទទួល​បាន​ប្រាក់កម្ចី​រហូតដល់ ៧០​ ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ និង ៣០ ​ភាគរយ​សម្រាប់​ការទូទាត់​លើកដំបូង​។ អត្រា​ការប្រាក់​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​កម្រិត​ទាប​ត្រឹម ១,២ ​ភាគរយ​ក្នុង​មួយឆ្នាំ​»​។ លោក​បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​នឹង​ធ្វើឱ្យ​កាន់តែ​មាន​ភាពងាយស្រួល​សម្រាប់​វិនិយោគិន​កម្ពុជា​ដែល​កំពុង​ស្វែងរក​ភាពជា​ដៃគូ​ជាមួយ​ក្រុម​វិនិយោគិន​ផ្សេងទៀត​មកពី​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​វិនិយោគ​លើ​វិស័យ​ជាច្រើន​ប្រកបដោយ​សក្តានុពល​របស់​កម្ពុជា​។ ជាពិសេស​វិស័យ​អចលនទ្រព្យ​»​។

Mercan Group គឺជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ពលករ​ជំនាញ​ចំណាកស្រុក​ឈានមុខ​គេ និង​ទទួល​ជោគជ័យ​នៅក្នុង​ប្រទេស​កាណាដា​។ ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ១៩៨៩ ដោយ​លោក Jerry Morgan​។ ក្រុមហ៊ុន Mercan Capital Ltd បាន​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​ពលករ​ចំណាកស្រុក ហើយ​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​សម្រាប់​សុចរិត​ភាព ភាពស្មោះត្រង់ និង​ប្រសិទ្ធភាព​។ ក្រុមហ៊ុន Mercan Group មាន​ក្រុមហ៊ុន​ចំនួន ៥ ដែល​ក្រុមហ៊ុន​នីមួយៗ​មាន​ឯកទេស​ខាង​វិស័យ​ពលករ​ចំណាកស្រុក ការវិនិយោគ ការអប់រំ និង​ការជ្រើសរើស​ពលករ​បរទេស​។

ក្រុមហ៊ុន​មួយ​នេះ​មាន​ការិយាល័យ​កណ្តាល​របស់​ខ្លួន​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា ជាមួយ​នឹង​ការិយាល័យ​ប្រចាំ​តំបន់​នៅ​ទូទាំង​ប្រទេស​កាណាដា ទូទាំង​អាស៊ី មជ្ឈិម​បូព៌ា អឺរ៉ុប អាហ្វ្រិ​ក និង​អាមេរិក​។ ជាមួយនឹង​បទពិសោធ​ជិត ៣០ ​ឆ្នាំ​ក្នុងការ​ប្រឹក្សា​ផ្នែក​អន្តោប្រវេសន៍ ការវិនិយោគ និង​ការជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន Mercan Group បាន​បង្កើត​បណ្តាញ​ការិយាល័យ​អន្តរជាតិ​នៅក្នុង​ប្រទេស​កាណាដា ចិន ហ្វីលីពីន ឥណ្ឌា បង់ក្លាដែស វៀតណាម អេមីរ៉ាតអារ៉ាប់រួម និង​អាមេរិក ជាដើម​។

យោងតាម​របាយការណ៍​ធនាគារ​ពិភពលោក វិស័យ​សំណង់ និង​អចលនទ្រព្យ គឺជា​ក្បាលម៉ាស៊ីន​កំណើន​ឈានមុខ​គេ​ក្នុង​រយៈ​ជាច្រើន​ឆ្នាំ ដែល​រួមចំណែក​ជាង​ ១ ​ភាគ​ ៣ ​នៃ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​ របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៩​។ វិស័យនេះ​ភាគច្រើន​តំណាង​ដោយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​។ បរិមាណ FDI នៅ​កម្ពុជា​មាន​តម្លៃ ៣,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០១៩ ហើយ​បាន​កើន​ដល់ ៣,៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២០៕ LA