The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ស្នើឱ្យ​អ៊ីរ៉ង់​ពិនិត្យ​លទ្ធភាព​វិនិយោគ និង​ការរុករក​ប្រេង​ឧស្ម័ន

កម្ពុជា ស្នើឱ្យ​អ៊ីរ៉ង់​ពិនិត្យ​លទ្ធភាព​វិនិយោគ និង​ការរុករក​ប្រេង​ឧស្ម័ន

Content image - Phnom Penh Post
សកម្មភាពខួងអណ្ដូង​អប្សរា​ប្លុក A នាពេលកន្លងទៅ។ រូបថត SPM

កម្ពុជា ស្នើឱ្យ​អ៊ីរ៉ង់​ពិនិត្យ​លទ្ធភាព​វិនិយោគ និង​ការរុករក​ប្រេង​ឧស្ម័ន

ភ្នំពេញៈ កម្ពុជា​បានស្នើ​សុំឱ្យ​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​ជួយ​ពិនិត្យ​លទ្ធភាព​លើ​ការវិនិយោគ និង​ការអភិវឌ្ឍ​ប្លុក​ប្រេងកាត​របស់ខ្លួន​ដែលមាន​ស្រាប់ និង​ការសិក្សា​ស្វែង​រុករក​ប្រេង និង​ឧស្ម័ន​បន្ថែមទៀត​។

សំណើ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុងជំនួប​នេះ​ក៏មាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស​ទាំង​២​ដោយសារ​អ៊ីរ៉ង់​ជា​ប្រទេស​មាន​បទពិសោធ​ច្រើន​ក្នុងនាម​ជា​ប្រទេស​ផលិត​ប្រេង និង​ឧស្ម័ន​។

លោក​បន្ថែមថា ថ្នាក់ដឹកនាំ​ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​វិនិយោគិន​អ៊ីរ៉ង់​មក​សិក្សា​លទ្ធភាព​ក្នុង​ការវិនិយោគ​លើ​ប្លុក​ប្រេងកាត​កម្ពុជា​ដែលមាន​ស្រាប់ ក៏ដូចជា​ស្វែងរក​ប្លុក​ប្រេងកាត និង​ឧស្ម័ន​ថ្មីៗ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជា​ការចាប់​ផ្តើមដំបូង​។ យើង​មិនទាន់​ច្បាស់​ថា អ្នកវិនិយោគ​ពី​ក្រុមហ៊ុន​ណា​អាចមក​វិនិយោគ​បាន​នៅឡើយ​ទេ ដែល​នេះ​គ្រាន់តែ​ជាការ​ពិភាក្សា​ការទូត​ប៉ុណ្ណោះ ដោយពេល​នេះ​យើង​រង់ចាំ​មើល​សិន​»​។

បើតាម​លោក ជៀប សួរ ការ​រុករក​រ៉ែ​ប្រេងកាត​នៅ​អណ្តូង​ប្រេង​អប្សរា​ប្លុក A ក្នុង​ដែនសមុទ្រ​របស់​កម្ពុជា​ត្រូវបាន​ផ្អាក​ចាប់តាំងពី​ក្រុមហ៊ុន KrisEnergy របស់​ប្រទេស​សិង្ហបុរី​ក្ស័យ​ទុន ខណៈ​ក្រសួង​រ៉ែ និង​ថាមពល​កំពុង​ស្វះស្វែង​ទាក់ទាញ​អ្នកវិនិយោគ​ថ្មី​។

ក្រុមហ៊ុន​ប្រេង KrisEnergy បានប្រកាស​ក្ស័យធន​ដោយ​អះអាងថា ខ្លួន​គ្មាន​លទ្ធភាព​សងបំណុល​ជាង ៥០០ ​លាន​ដុល្លារ​នោះទេ​។ ចាប់តាំងពី​ចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​រហូត​ដល់​ប្រកាស​ក្ស័យធន នា​ពាក់កណ្តាល​ឆ្នាំ​ ២០២១ ​ក្រុមហ៊ុន​នេះ បូម​ប្រេង​បាន​ជិត​ ៣០ ម៉ឺន​ប៉ារែល​។ នេះ​បើតាម​លោក​ ជៀប សួរ​។

លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់ថា បើសិនជា​ភាគី​អ៊ីរ៉ង់​យល់ព្រម​តាម​សំណើ​កម្ពុជា​ក្នុង​ការវិនិយោគ និង​ការអភិវឌ្ឍ​ប្លុក​ប្រេងកាត​ដែលមាន​ស្រាប់ និង​ប្លុក​ថ្មីៗ​មែន​នោះ វា​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ប្រេងកាត​កម្ពុជា​។

លោក​បន្តថា ប្រទេស​អ៊ីរ៉ង់​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​បទពិសោធ​ច្រើន​ក្នុង​វិស័យ​រ៉ែ​ប្រេងកាត ដែល​កម្ពុជា​អាច​ទាញយក​ប្រយោជន៍​បាន​ច្រើន​ពី​កិច្ចសហប្រតិបត្តិការ​។

អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ផងដែរ លោក គី សេរីវឌ្ឍន៍ យល់ថា វិស័យ​ប្រេងកាត​នេះ​ពិត​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​ប្រភពធនធាន​មួយ​ដែល​កម្ពុជា​ចែករំលែក​ជាមួយ​នឹង​ប្រទេស​ថៃ ដូចនេះ​បើសិន​កម្ពុជា​បាត់បង់​ឱកាស​នោះ​ភាគី​ថៃ​នឹង​ច្បាម​យក​។

លោក​និយាយថា​៖ «​កិច្ចខិតខំ​របស់​ខាង​ក្រសួង​រ៉ែ​ក្នុងការ​កៀរគរ​អ្នកវិនិយោគ​ឱ្យមក​អភិវឌ្ឍ​វិស័យ​ប្រេងកាត​នេះ គឺជា​ពិត​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​ការ​បូម​ប្រេង​នៅ​កម្ពុជា​ទទួលជោគជ័យ ដោយ​យើង​សង្ឃឹមថា នឹងធ្វើ​ឱ្យ​តម្លៃ​ប្រេង​មានការ​ថមថយ​ខ្លះ ក៏​ដូចជា​ជួយ​រដ្ឋាភិបាល​មាន​ចំណូល​បន្ថែម ដើម្បី​យក​ជួយ​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា សុខាភិបាល និង​អប់រំ​ជាដើម​»​។

កាលពី​អំឡុង​ចុងឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏ធំ​មួយ​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម Muba-dala Petroleum បានមក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា ប៉ុន្តែ​បាន​ស្ងាត់​ទៅវិញ ដោយសារ​ការចាប់ផ្តើម​វាយលុក​ពី​ជំងឺ​កូវីដ​ ១៩៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍