ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍​គ្រោង​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្រៅពី​តំបន់ឆ្នេរ និង​កោះ និង​ជាពិសេស​ដើម្បី​រំឭក​ដល់ពេល​កម្ពុជា​ដែល​បាន​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam ដែល​ផ្ទុក​មនុស្ស​សរុប​ជាង​ ២ ០០០ ​នាក់​ឱ្យចូល​ចត​កាលពីដើមឆ្នាំ​ ២០២០​។

តាមរយៈ​គម្រោង​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ បានសម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​ដើម្បី​រៀបចំ​សួន​ទេសចរណ៍​តេជោ Westerdam នេះ​ដែលមាន​សមាសភាព ១០ ​រូប​ដោយមាន​លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ និង​ម្ហូបអាហារ​ជា​ប្រធាន និង លោក លន់ ប៊ុនធឿន ប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ទីក្រុង​ស្អាត​ជា​អនុប្រធាន​។

ប្រការ ២ នៃ​សេចក្តីសម្រេច​នេះ​បាន​ចែងថា ក្រុមការងារ​បច្ចេកទេស​មាន​តួនាទី និង​ភារកិច្ច សហការ​ជាមួយ​នឹង​ក្រសួងបរិស្ថាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដើម្បី​សិក្សា​ពិនិត្យ​ទីតាំង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សួន​ទេសចរណ៍​តេជោ Westerdam ស្វែងរក​ដៃគូ​សហការ​ក្នុងការ​គាំទ្រ​បច្ចេកទេស និង​ថវិកា​រៀបចំ​គម្រោង​អភិវឌ្ឍន៍​សួន​ទេសចរណ៍ តេជោ Westerdam» ស្វែងរក​ដៃគូ​សហការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សួន​ទេសចរណ៍​តេជោ Westerdam និង រៀបចំ​របាយការណ៍​វឌ្ឍនភាព​រៀបចំ​គម្រោង​សួន​ទេសចរណ៍​តេជោ «Westerdam» ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក តុប សុភ័ក​,​លោក អាំង សុវណ្ណរ័ត្ន និង​លោក ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បានទេ​កាលពី​ថ្ងៃ​អង្គារ​។

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ​ថា ពាក់ព័ន្ធ​នឹង​ការរៀបចំ​គម្រោង​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam ត្រូវបាន​ដឹកនាំ​ដោយ​ក្រសួង​ទេសចរណ៍​ដោយ​បច្ចុប្បន្ន​ក្រុមការងារ​កំពុងតែ​សិក្សា​លើ​ទីតាំង​សមស្រប​ណាមួយ​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ទំហំ​ដី​ក៏មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​ដែរ​។

លោក​បាន​បន្តថា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ និង​ការរៀបចំ​បង្កើត​សួន​ទេសចរណ៍​តេជោ Westerdam នេះ​នឹងចូលរួម​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា និង​លេង​កម្សាន្ត​កាន់តែច្រើន​ថែមទៀត​។ ព្រឹត្តិការណ៍​នាវា Westerdam ចូល​ចត​នៅក្នុង​កំពង់ផែ​នៃ​ខេត្ត​ព្រះសីហនុ គឺជា ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅលើ​ពិភពលោក​ដែល​កម្ពុជា​ជួយសង្គ្រោះ​ជីវិត​មនុស្ស​គ្រប់​ជាតិសាសន៍​ច្រើន​នាក់​នៅលើ​នាវា Westerdam​។

លោក​រំឭកថា​៖ «​យើង​បាន​ជួយ​សម្របសម្រួល​ជួយ​ភ្ញៀវទេសចរ​នៅលើ​នាវា​នេះ​ឱ្យទៅ​កាន់​ផ្ទះសំបែង​របស់គាត់​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព​ និង​មិនមាន​នរណាម្នាក់​រកឃើញ​មានការ​ឆ្លង​វីរុស​កូវីដ​ ១៩ នៅពេល​នោះឡើយ​។ ទង្វើ​នោះ គឺជា​កាយវិការ​មនុស្ស​ធម៌​ប្រកប​ដោយ​ក្តី​ស្រឡាញ់​ក្នុងនាម​ជា​មនុស្សជាតិ​ដូចគ្នា​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​របស់​យើង​»​។

បើតាម​លោក ឃាង ភារម្យ បើទោះបី​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​មាន​បេះដូង​ធំ​ទូលាយ ដោយ​មិនមែន​ត្រឹមតែ​ការផ្តល់​ក្តីស្រឡាញ់​ទេ គឺ​ជួយសង្គ្រោះ និង​ផ្តល់នូវ​ការរស់រាន​មានជីវិត​ដល់​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​នាវា​ទេសចរណ៍ Westerdam នេះ​។ ដូច្នេះ​ការបង្កើត​សួន​តេជោ Westerdam នេះ គឺជា​ការបង្កើត​នូវ​ការចងចាំ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ពិភពលោក​ទាំងមូល​។

នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam កាលពី​ ២ ​ឆ្នាំមុន ដឹក​មនុស្ស​សរុប​ជាង ២ ០០០ ​នាក់​ចាក​ចេញពី​ទីក្រុង​ហុងកុង ហើយ​ត្រូវបាន​អាជ្ញាធរ​ជាច្រើន​ប្រទេស​បដិសេធ​មិនឱ្យ​ចូលចត ដោយសារ​តែ​ព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នាវា​នោះ​អាច​មាន​ផ្ទុកមេរោគ​កូវីដ ​១៩​។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ បានសម្រេចចិត្ត​ដ៏ភ្ញាក់ផ្អើល និង​កក្រើក​ពិភពលោក ដោយ​បាន​អនុញ្ញាត​ឱ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​នាវា​ចូល​ចត​ប៉ុណ្ណោះ​ទេ​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ «​ថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់​»​ ដែលជា​វប្បធម៌​របស់​មនុស្សជាតិ​នៅ​តំបន់​អឺរ៉ុប​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​នាវា ដើម្បី​ទទួល​ស្វាគមន៍​ដោយផ្ទាល់​ចំពោះ​វត្តមាន​អ្នកដំណើរ​អម​ដោយ​ផ្កា​កុលាប​ថែម​ទៀតផង​៕ LA