ភ្នំពេញៈ កម្ពុជា គឺជា​ប្រទេស​ ១ ក្នុងចំណោម​ប្រទេស​ចំនួន​ ៩ ដែល​តម្លៃ​អគ្គិសនី​មិន​ប្រែប្រួល​ចាប់ពី​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ ២០២០ បើ​ទោះ​មានការ​រំខាន​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​ថ្មី​បំផុត​បាន​ពី​ក្រុមហ៊ុន Compare the Market ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​។

ក្រុមហ៊ុន Compare the Market បាន​ស្វែងយល់​ពី​ការប្រែប្រួល​តម្លៃ​អគ្គិសនី​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការរីករាលដាល​ជំងឺ ដែល​ភាគច្រើន​ត្រូវ​រង​​ឥទ្ធិពល​ដោយ​សម្ពាធ​ធនធាន និង​ការផ្លាស់ប្តូរ​តម្រូវការ​។

ការផ្លាស់ប្តូរ​ខ្លាំងជាងគេ​ត្រូវបាន​មើលឃើញ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ធ្លាក់ចុះ​តម្លៃ ៥០ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នៅ​ចន្លោះ​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២០​។ ផ្ទុយទៅវិញ ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​មើលឃើញ​ការកើនឡើង​ខ្លាំងជាងគេ​ចំនួន ២៥,៨ ​ភាគរយ​នៅ​ចន្លោះ​មុនពេល និង​ពាក់កណ្ដាល​ពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោកស្រី Hannah Norton ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ឌីជីថល​នៅ​ក្រុមហ៊ុន Compare the Market បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​ដោយ​ផ្អែក​តាម​ការស្រាវជ្រាវ​ដែល​យើង​បានធ្វើ​ឡើង កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តិចតួច​បំផុត​ដែល​រាយការណ៍​ថា​ មិនមាន​ការផ្លាស់ប្តូរ​តម្លៃ​អគ្គិសនី​នៅក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ តម្លៃ​បាន​ស្ថិតនៅ​ថេរ​ចន្លោះ ៤៨០-៧៤០ រៀល​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង​ (​អាស្រ័យ​លើ​ការប្រើប្រាស់​ក្នុង​គ្រួសារ​) ​មួយរយៈ​ពេលនេះ​ដែល​តម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​ដូចជា​ថៃ និង​ឥណ្ឌូនេស៊ី ដែល​តម្លៃ​ស្ថិតក្រោម ០,០៧-០,១០ ​ដុល្លារ​ក្នុង​ ១​ គីឡូវ៉ាត់ម៉ោង​។ ជាក់ស្ដែង​តម្លៃ​អគ្គិសនី​របស់​កម្ពុជា​គឺ​ខ្ពស់​ខ្លាំងជាងគេ​ក្នុង​ចំណោម​បណ្ដា​ប្រទេសមួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍​»​។

លោកស្រី​បន្តថា តម្លៃ​អគ្គិសនី​ខ្ពស់​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​អាចជា​ឧបសគ្គ​មួយ​ដែល​រួមចំណែក​ក្នុង​ការទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យ​ផលិតកម្ម​ផ្សេងៗ​របស់​កម្ពុជា​។ ទោះយ៉ាងណា​ក៏ដោយ វា​មិនចាំបាច់​បង្វែរ​ចំណាប់អារម្មណ៍​ពី​សមត្ថភាព​របស់​ប្រទេសមួយ​នេះ​ក្នុង​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព​នោះទេ​។ ជា​ឧទាហរណ៍ ទោះបី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​គិត​តម្លៃ​ខ្ពស់​ក៏ដោយ ក៏​ពួកគេ​ប្រើប្រាស់​ដោយ​ការសន្សំសំចៃ ដែល​អាចឱ្យ​ប្រតិបត្តិការ​មាន​និរន្តរភាព​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា តម្លៃ​អគ្គិសនី​មិន​ផ្លាស់ប្តូរ​ទេ​សម្រាប់​ឆ្នាំ​ ២០២២ ហើយ​វា​ជា​តម្លៃ​ខ្ពស់បំផុត​មួយ​នៅក្នុង​តំបន់​ដែល​រារាំង​ដល់​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​ខណៈពេល​ដែល​ការដំឡើង​សូឡា​បានរួម​ចំណែក​ដល់​ការផលិត​ថាមពលបៃតង ដែល​ជួយសង្គ្រោះ​បរិស្ថាន វា​មិនមាន​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​ឯកជន​ទេ ដោយសារ​គោលនយោបាយ​គិតថ្លៃ​ទៅលើ​ផលិតភាព​ដោយ​អគ្គិសនី​កម្ពុជា​។ ការប្រើប្រាស់​ការ​-​គិតថ្លៃ​ទៅលើ​សមត្ថភាព​ប្រើប្រាស់​ខ្ពស់ មិន​ជំរុញឱ្យមាន​ការប្រើប្រាស់​បន្ទះ​សូឡា ឬ​នាំមក​ផលប្រយោជន៍​ហិរញ្ញវត្ថុ​ដល់​វិស័យ​ឯកជន​នោះទេ​»​។

លោកស្រី Hannah បាន​បញ្ជាក់ថា កាលពីដើមឆ្នាំ​ ២០២០ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ប្រកាសថា រដ្ឋាភិបាល​បានសម្រេច​ចិត្ត​វិនិយោគ​ក្នុង​បរិមាណ​ច្រើន ដើម្បី​កាត់បន្ថយ​ថ្លៃដើម​អគ្គិសនី​។

លោកស្រី​បានលើកឡើង​ថា​៖ «​នៅក្នុង​ការឆ្លើយតប​ជា​វិជ្ជមាន​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ផលិតកម្ម​ផ្សេងៗ​បាន​ទទួលស្គាល់ថា ការបញ្ចុះ​ថ្លៃ​អគ្គិសនី​នឹង​បង្កើន​ផលិតកម្ម និង​លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នានា​។ លើសពីនេះ លោក វិចទ័រ ហ្សូនា ​(​អតីត​អគ្គនាយក​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល​) ​បាន​ពន្យល់ថា ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​នឹង​រួមចំណែក​ដល់​ការបង្កើន​កត្តា​ប្រកួតប្រជែង​របស់​ប្រទេសជាតិ​»​។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC) ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ បានចេញ​ផ្សាយ​ផែនការ​តម្លៃ​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២២ របស់​អ្នកទទួល​អាជ្ញាប័ណ្ណ​តភ្ជាប់​ជាមួយ​បណ្តាញ​អគ្គិសនី​ជាតិ ដើម្បីឱ្យ​ក្រសួង ស្ថាប័ន និង​អ្នកទទួល​អាជ្ញាប័ណ្ណ​ពិនិត្យ​ និង​ផ្តល់យោបល់​។

តម្លៃ​អគ្គិសនី​ដែល​បាន​ស្នើឡើង​មានដូចជា តម្លៃ ០,១១៣៨ ​ដុល្លារ​ក្នុង​គីឡូវ៉ាត់ម៉ោង​សម្រាប់​ការតភ្ជាប់​នៅ​តង់ស្យុង​មធ្យម (MV) ពី​អនុស្ថានីយ​អគ្គិសនី​, ០,១២៩០ ​ដុល្លារ​សម្រាប់​កុងទ័រ​តង់ស្យុង​មធ្យម​, តម្លៃ ០,១៣៤១៦​ ដុល្លារ​សម្រាប់​ការប្រើប្រាស់​កុងទ័រ​ត្រង់ស្វូ​ក្នុង​កម្រិត​តង់ស្យុង​ទាប (LV) និង តម្លៃ ០,១៤២១៦ ​ដុល្លារ​សម្រាប់​អ្នកផ្គត់ផ្គង់​កុងទ័រ​ត្រង់​ស្វូ LV​។

EAC បាន​ឱ្យដឹងថា តម្លៃ​នេះ​បានចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ហើយ​វិក្កយបត្រ ដំបូង​បានចេញ​កាលពី​ថ្ងៃ​ទី ​២០ ខែមករា​។ EAC បញ្ជាក់ថា នឹង​ខិតខំ​ផ្តល់​សេវា​អគ្គិសនី​កាន់តែ​ល្អ​ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ការប្រើ​តាម​គេហដ្ឋាន និង​សហគ្រាស​៕LA